ប្រាសាទបន្ទាយឆ្មារ​និង​រឿងនិទាន​ទេពអប្សរ​ពួន​ក្នុង​ស្រោម​សត្វ​ឆ្មា

ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ, សិល្បៈ

ប្រាសាទបន្ទាយឆ្មារខ្ទេចខ្ទាំជាច្រើន

ប្រាសាទបន្ទាយឆ្មារខ្ទេចខ្ទាំជាច្រើន

ដោយ : សុរនាគ
ថ្ងៃទី 11 តុលា 2009
CEN

N/A: ​ឈ្មោះ​ប្រាសាទបន្ទាយឆ្មារ​នៃ​ទឹកដី​ខេត្ត​បន្ទាយមានជ័យ​មាន​រឿងនិទាន​និយាយ​តៗ​គ្នា​របស់​យាយ​តា​និង​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ប្រាសាទ​ដែល​ស្តាប់ទៅ​គួរ​ឲ្យ​ជក់ចិត្ត ។​

​ ​រឿងព្រេង​រៀបរាប់ថា កាលពីព្រេងនាយ​មាន​ក្សត្រ​មួយអង្គ​ត្រូវបាន​ស្តេច​ផែនដី​និរទេស​ឱ្យ​ចេញពី​ព្រះបរមរាជវាំង ។ ស្តេច​ដែល​ត្រូវ​និរទេស​ខ្លួន​នេះ បាន​មក​សង់​ខ្ទម​មួយ​នៅក្នុង​ព្រៃ ដោយ​ប្រកប​ការងារ​ជា​អ្នក​ធ្វើ​ចម្ការ ។​

​ ​នៅ​ថៃ្ង​មួយ​នោះ​ទេពធិតា​មួយ​អង្គ​បាន​ទទួល​ភារៈ​មក​ថែ​រទាំ​ព្រះអង្គ​មិនឲ្យ​ដឹងខ្លួន​ក៏​តាំង​និមិត្ត​ខ្លួន​ជា​សត្វ​ឆ្មា​មួយ​មក​រស់នៅ​ជាមួយ​។​ជា​រៀងរាល់ថ្ងៃ​ខណៈ​ដែល​ស្តេច​ចេញ​ទៅ​ធ្វើ​ចម្ការ​ផុត​ពី​ខ្ទម សត្វ​ឆ្មា​ដែល​ជា​ទេពអប្សរ ក៏​បាន​និមិត្ត​ជា​ភាព​ដើម​ក្លាយជា​ស្រី​ស្អាត​ចេញ​មក​រៀបចំ​ម្ហូបអាហារ​បាយទឹក​គ្រប់បែបយ៉ាង ទុក​ឲ្យ​ស្តេច​នោះ​។​នៅ​គ្រា​ដំបូង​ស្តេច​កម្លោះ​មិន​ចាប់ភ្លឹក​ទេដោយ​នឹកគិត​ថា​មាន​អ្នកដំណើរ​ណាមួយ​ឆ្លងកាត់​ទី​នេះ​ហើយ​អាណិត​ខ្លួន​ក៏​ជួយ​ដណ្តាំ​ស្ល​ទៅ​ព្រោះ​គេ​ក៏​បាន​ខ្ចី​ផ្ទះ​ខ្លួន​សំរាក​ដែរ តែ​ហេតុការណ៍​បែប​នេះ​ចេះ​តែ​កើត​មាន​ច្រើនលើកច្រើនសារ​យូរ​ខែ​ពេក ធ្វើឱ្យ​ស្តេច​និរទេស​នោះ កើត​មាន​ការងឿងឆ្ងល់​យ៉ាងខ្លាំង ។​

​ ​ថៃ្ង​មួយ​ស្តេច​កម្សត់​អង្គ​នេះ នៅ​ចាំ​ឃ្លាំមើល​នៅ​ខាងក្រៅ​ខ្ទម​របស់ខ្លួន ទើប​បាន​ឃើញ​ស្រី​ក្រមុំ​យ៉ាង​ស្អាត​ម្នាក់​និមិត្ត​ចេញ​ពី​សត្វ​ឆ្មា​មួយ​ដែល​រស់នៅ​ក្នុង​ខ្ទម​ជាមួយ​ខ្លួន​នា​ពេលកន្លងមក ។ ស្រី​ក្រមុំ​រូប​ស្អាត​នោះ បាន​ចេញ​មក​រៀបចំ​ម្ហូប អាហារ​ដូច​ខ្លួន​បាន​ធ្វើ​ជា​រៀង​រាល់​ថៃ្ង ។​

​ ​ក្នុងខណៈ​ពេល​សត្វ​ឆ្មា​និមិត្ត​ខ្លួន​ជា​ស្រី​រូប​ស្អាត​ហើយ​ភ្លាម ស្តេច​និរទេស​ក៏​បាន​ស្ទុះ​ទៅ​ចាប់​ស្រោម​ឆ្មា​នោះដែរ ។ នាង​ស្រី​រូប​ស្អាត​ឃើញ​ហេតុការណ៍​ដូច្នេះ​បាន​និយាយ អង្វរ​សុំ​ស្រោម​ឆ្មា​មកវិញ តែ​ស្តេច​មិន​ព្រម​ទាល់តែសោះ ។​

ចំឡាក់ដ៏ល្បីរបស់ប្រាសាទបន្ទាយឆ្មារ

ចំឡាក់ដ៏ល្បីរបស់ប្រាសាទបន្ទាយឆ្មារ

​បន្ទាប់​ពី​និយាយ​អង្វរករ​អស់​សមត្ថភាព​ហើយ ស្រី​ក្រមុំ​ស្រោម​ឆ្មា ក៏​បាន​និយាយ​ប្រវត្តិ​ពិត​នៃ​ការ​ក្លែងភេទ​ក្នុង បំណង​ចូល​មក​បម្រើ​ម្ហូបអាហារ​ប្រចាំថៃ្ងដ​ល់​ព្រះអង្គ ដើម្បី​កុំ ឱ្យ​ស្តេច​ដែល​ត្រូវ​និរទេស​នោះ​មាន​ការលំបាក​ក្នុង​ដំណើរ​ជីវិត​ខ្លាំងពេក ។​

​លុះដល់​ពេល​ដឹង​រឿង​សព្វគ្រប់​អស់ហើយ ទ្រង់​ក៏​ចង់​រួមរស់​ជាមួយ​នាង​ស្រោម​ឆ្មា ។ ពេលនោះ​នាង​បាន​ប្រាប់​ដល់​ស្តេច​ថា បើ​ចង់​រួមរស់​ជាមួយ​នាង សូម​យក​ស្រោម​ឆ្មា​ទៅ​ដុត​ចុះ វា​នឹង​កើតចេញ​ជា​ប្រាសាទ​មួយ​ភ្លាម ។ ស្តេច​ក៏​បាន​ធ្វើ​តាម​ការណែនាំ គឺ​យក​ស្រោម​ឆ្មា​ទៅ​ដុត រួច​ក៏​ផុសចេញ​ជា​ប្រាសាទ​មួយ​ឡើង ។ តាមន័យ​ក្នុង​រឿងនិទាន​ដូចនេះ ហើយ​ទើប​ស្តេច​ប្រសិទ្ធ​នាម​ថា “​ប្រាសាទ​បន្ទាយឆ្មារ​”​ត​រហូតមក​ដល់​សព្វ​ថៃ​នេះឯង ។​

​ ​នេះ​ជា​រឿងព្រេង ប៉ុន្តែ​ឈ្មោះ​បន្ទាយឆ្មា​មានន័យ​ជា “​បន្ទាយ​តូច​” ឬ​“​វាំង​តូច​” ដែល​ផ្ទុយ​គ្នា​ពី​បន្ទាយ​ធំ ឬ​នគរធំ ។ មតិ​លើកឡើង​ក្រោយ​នេះ​គឺ​សម​ហេតុផល​ជាង ព្រោះ​តាម​ប្រវត្តិសាស្ត្រ យើង​ឃើញ​មាន​បន្ទាយ​ធំ​ជា​រាជធានី ដែល​ហៅថា​“​មហា​នគរ​” ឬ​ប្រែ​ថា​ក្រុង​ធំ ។

​ដូចនេះ​បើ​មាន​ការបង្កើត​ក្រុង​តូច​ល្មម​សម្រាប់​ស្តេច​អនុរាជ ឬ​ស្តេចត្រាញ់​គង់នៅ អ្នក ស្រុក​តែង​កំណត់​សម្គាល់ថា ក្រុង​តូច ឬ​បន្ទាយ​តូច ហើយក៏​អាច​ហៅ​ពាក្យ​ម្យ៉ាង ទៀត​បាន​ដែរ​គឺ “​បន្ទាយឆ្មារ​” ដូចដែល​មាន​ឈ្មោះ​ប្រាសាទបន្ទាយឆ្មារ​ត​រហូត​មកដល់​បច្ចុប្បន្ន​នេះ​ទៅ​៕

Spread The Love, Share Our Article

Related Posts

There are no related posts on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

There are no comments on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

Required

Will not be published. Required

Optional