កម្ពុជា ស្វាគមន៍ ថាក់ស៊ីន

ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ, សេដ្ឋកិច្ច & នយោបាយ

ថ្ងៃទី ១១ វិច្ឆិកា ២០០៩
កោះសន្តិភាព

កម្ពុជាស្វាគមន៍ ថាក់ស៊ីន
ឧបនាយករដ្ឋមន្ត្រីថៃ ប្រកាសថា មិនមានផែនការ បិទព្រំដែន កម្ពុជា-ថៃ ទេ

សម្តេចតេជោ ហ៊ុន សែន ទទួលជួបលោក ថាក់ស៊ីន និងលោក ស៊ុមឆាយ វង្សសាវ៉ាត (រូបថត ទ.ទ.ក)

សម្តេចតេជោ ហ៊ុន សែន ទទួលជួបលោក ថាក់ស៊ីន និងលោក ស៊ុមឆាយ វង្សសាវ៉ាត (រូបថត ទ.ទ.ក)

រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល និងជារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋ មន្ត្រី លោកផៃ ស៊ីផាន កាលពីថ្ងៃទី ១០ វិច្ឆិកា ២០០៩ បានថ្លែងថា ប្រទេសកម្ពុជា និងពលរដ្ឋកម្ពុជា ស្វាគមន៍ចំពោះ វត្តមាន របស់លោកបណ្ឌិត ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលបានអញ្ជើញ មកដល់កម្ពុជា កាលពីវេលាម៉ោង ៩និង៤៥នាទី ព្រឹក តាមរយៈយន្តហោះពិសេស មួយគ្រឿង ដោយបានចុះចតនៅ ព្រលានយន្តហោះ កងទ័ពអាកាស ។

លោក ផៃ ស៊ីផាន បានថ្លែងនៅក្នុង សន្និសីទកាសែត នាព្រឹកថ្ងៃដដែលថា លោកបណ្ឌិត ថាក់ស៊ីន បានមកដល់កម្ពុជា ក្នុងនាមជាភ្ញៀវដ៏ខ្ពង់ខ្ពស់ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយលោកគ្រោងស្នាក់នៅ ក្នុងប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ និងគ្រោងថ្លែងសុន្ទរកថា នៅចំពោះមុខ អ្នកវិនិយោគទុន កម្ពុជា និងអ្នកសេដ្ឋកិច្ច ប្រមាណ៣០០នាក់ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១២ វិច្ឆិកា ។

គេបានកត់សំគាល់ថា ក្នុងដំណើរមកដល់កម្ពុជា របស់លោកបណ្ឌិត ថាក់ស៊ីន ស្ថិតក្រោមការការពារ សុវត្ថិភាព ដ៏តឹងរ៉ឹងបំផុតពីក្រុម សមត្ថកិច្ចពិសេស នៃរាជរដ្ឋាភិបាល កម្ពុជា ។ លោកបណ្ឌិត ថាក់ស៊ីន បានធ្វើដំណើរ តាមយន្តហោះ មួយគ្រឿងមកដល់កម្ពុជា តែគ្មានការបញ្ជាក់ណាមួយ ពីមន្ត្រីរដ្ឋាភិបាលថា គាត់ធ្វើដំណើរមក ពីប្រទេសណានោះទេ ហើយក្បួនរថយន្តទំនើបៗ បានដឹកនាំរូបលោក ទៅកាន់លំនៅំឋាន សុវត្ថិភាពមួយ ក្នុងរាជធានីភ្នំពេញ ។

លោក ផៃ ស៊ីផាន បានថ្លែងទៀតថា លោក ថាក់ស៊ីន គ្រោងពិសាអាហារថ្ងៃត្រង់ ជាមួយសម្តេចតេជោ ហ៊ុន សែន ជាមួយនឹងម្ហូបចំនួន ៩មុខ ដែលរៀបចំឡើងដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនផ្ទាល់ ប៉ុន្តែ លោកបដិសេធ មិនធ្វើ អត្ថាធិប្បាយថា តើលោក ថាក់ស៊ីន ស្នាក់នៅទីណា ឬក៏គ្រោងថ្លែងអ្វី ច្បាស់លាស់នៅ ឡើយទេ នៅពេលដែលគាត់ ទើបតែមកដល់កម្ពុជា ។

លោកបណ្ឌិត ថាក់ស៊ីន ត្រូវបានព្រះមហាក្សត្រ កម្ពុជា តែងតាំងកាលពីថ្ងៃ ទី២៧ ខែតុលា ២០០៩ ជាទីប្រឹក្សាផ្ទាល់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងទីប្រឹក្សាសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា ។ លោក ផៃ ស៊ីផាន ថ្លែងបញ្ជាក់ថា លោកបណ្ឌិត ថាក់ស៊ីន អាចនឹងមិននិយាយអ្វី ទាក់ទងនឹងនយោបាយ របស់ប្រទេសថៃ បច្ចុប្បន្នទេ ហើយគាត់នឹងនិយាយតែ បញ្ហាសេដ្ឋកិច្ច ប៉ុណ្ណោះ ។

លោក ផៃ ស៊ីផាន បានថ្លែងទៀតថា វត្តមានរបស់លោកថាក់ស៊ីន នៅកម្ពុជា វាមិនមែនជាការ បញ្ឆោះកំហឹងសំរាប់ ទីក្រុងបាងកកនោះទេ ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា មានសិទ្ធិក្នុងការតែងតាំង លោកបណ្ឌិត ថាក់ស៊ីន ជាទីប្រឹក្សា ក៏វាមិនប៉ះ ពាល់ដល់រដ្ឋាភិបាល ក្រុងបាងកកឡើយ ។ លោក ផៃ ស៊ីផាន បន្តថា កម្ពុជាបានស្នើសុំឱ្យថៃ ដោះស្រាយបញ្ហាជាកញ្ចប់ ។ ទោះបីជាយ៉ាងណា រដ្ឋាភិបាលកម្ពុជា នៅមិនទាន់បានទទួល លិខិតណាមួយពីប្រទេសថៃ ទាក់ទងនឹងវត្តមាន របស់លោកបណ្ឌិត ថាក់ស៊ីន នៅកម្ពុជានៅឡើយ ។

លោក ផៃ ស៊ីផាន ថ្លែងទៀតថា បញ្ហាលោកបណ្ឌិត ថាក់ស៊ីន នៅកម្ពុជាពេលនេះ កើតឡើងអំពីបញ្ហា រដ្ឋប្រហារទំលាក់លោក ថាក់ស៊ីន នៅឆ្នាំ២០០៦កន្លងមកនេះ ។ លោកបានថ្លែងបញ្ជាក់ថា លោកមិនដឹងច្បាស់ទេថា មានគណៈប្រតិ ភូប៉ុន្មាននាក់ ដែលបានរួមដំណើរ ជាមួយលោក ថាក់ស៊ីន មកកាន់កម្ពុជានេះ ។

លោក ថាក់ស៊ីន ដើរចូលរថយន្ត ក្រោយពេលចុះពី យន្តហោះពិសេស

លោក ថាក់ស៊ីន ដើរចូលរថយន្ត ក្រោយពេលចុះពី យន្តហោះពិសេស

ជំនួបជាលក្ខណៈគ្រួសារ
នៅក្នុងឱកាសនៃ ការអញ្ជើញមកបំពេញ ទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាទីប្រឹក្សា សេដ្ឋកិច្ចរបស់ រាជរដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រ កម្ពុជា នៅវេលាម៉ោង ៥និង៣៥នាទីល្ងាច ថ្ងៃដដែល លោកបណ្ឌិត ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ និងជាទីប្រឹក្សាសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះ សំណាលជាលក្ខណៈ គ្រួសារជាមួយ សម្តេចតេជោ ហ៊ុន សែន និងលោក ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រធីតាទាំងអស់ ។ ជំនួបពិភាក្សាជាលក្ខណៈ គ្រួសារនេះ ត្រូវបានធ្វើឡើង នៅភូមិគ្រឹះមួយ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ដែលនៅមិនឆ្ងាយប៉ុន្មាន ពីស្ថានឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឡើយ ។

ជំនួបពិភាក្សាគ្នានេះ ក៏មានការអញ្ជើញចូលរួម ពីលោក ស៊ុមឆាយ វង្សសាវ៉ាត អតីតនាយករដ្ឋមន្ត្រីថៃ និង លោកជំទាវផងដែរ ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ ទៅកាន់លោកបណ្ឌិត ថាក់ស៊ីន ថា រូបសម្តេចផ្ទាល់ក៏ដូចជា ភរិយា និងក្រុមគ្រួសារ ទាំងអស់ មានការរំភើបរីករាយ យ៉ាងខ្លាំង ដោយបានជួប សំណេះសំណាល ដោយផ្ទាល់ បន្ទាប់ពីលោកបានអញ្ជើញ មកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាទីប្រឹក្សាសេដ្ឋកិច្ច របស់ រាជរដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សាផ្ទាល់ របស់សម្តេច ។

សម្តេចមានប្រសាសន៍ បន្តទៀតថា ពេលនេះរូបសម្តេចផ្ទាល់ មានទីប្រឹក្សាដ៏ឆ្នើមម្នាក់ ដែលជាអ្នកដឹកនាំ ខាងសេដ្ឋកិច្ច ដ៏ពូកែក្នុងការចូលរួមចំណែក ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹកនាំ និងកសាងសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ឱ្យកាន់តែរីកចំរើន រឹងមាំថែមទៀត ។ សម្តេចតេជោមានប្រសាសន៍ នៅចំពោះមុខ លោកបណ្ឌិត ថាក់ស៊ីន ថា នៅគ្រប់កាលៈទេសៈទាំងអស់ សម្តេចនៅតែចាត់ទុកលោក ជាមិត្តភក្តិដ៏ជិតស្និទ្ធ យូរអង្វែង និងជាមិត្តភក្តិដ៏អមតៈរបស់ សម្តេច ពិសេសក្រុមគ្រួសារសម្តេចផ្ទាល់ ។

ជាការឆ្លើយតប លោកបណ្ឌិត ថាក់ស៊ីន មានប្រសាសន៍ថា រូបលោកផ្ទាល់មានការរំភើប រកអ្វីមកប្រៀបផ្ទឹមពុំបាន ចំពោះទឹកចិត្ត ស្វាមីភក្តិដ៏ល្អឥតខ្ចោះ របស់សម្តេចតេជោ មកលើរូបលោកផ្ទាល់ ក៏ដូចជាគ្រួសារ ទាំងមូល ។

លោក ថាក់ស៊ីន មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោហ៊ុន សែន ដែលបានផ្តល់នូវកិត្តិយសចំពោះរូបលោក តាមរយៈការទូលថ្វាយព្រះករុណា ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រោសព្រះរាជទាន ឋានៈជាទីប្រឹក្សាសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សាផ្ទាល់ របស់សម្តេច តេជោ នាយករដ្ឋមន្ត្រី ។

លោកបណ្ឌិត មានប្រសាសន៍បញ្ជាក់បន្ថែមថា បន្ទាប់ពីទទួលបាននូវការ ប្រោសព្រះរាជទាននូវ ការតែងតាំង ដ៏ខ្ពង់ខ្ពស់បំផុត ពីព្រះមហាក្សត្រកម្ពុជា លោកបានកំណត់ ក្នុងចិត្តហើយថា នឹងមកសម្តែងការអរគុណ ដោយផ្ទាល់ចំពោះ សម្តេចតេជោ ដែលបានគោរព ស្រឡាញ់ រាប់អាន ដ៏ស្មោះស្ម័គ្របំផុត ចំពោះលោក និងក្រុមគ្រួសារ ។

តាមរយៈពិធីសំណេះសំណាល ជាលក្ខណៈ គ្រួសារនេះ លោកបណ្ឌិត ថាក់ស៊ីន សុំការអនុញ្ញាតពីសម្តេច តេជោ ទូលថ្វាយព្រះករុណា ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា នូវការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត និងថ្វាយ នូវសព្វសាធុការពរជ័យ បវរមហាប្រសើរ ចំពោះព្រះរាជហឫទ័យ ដ៏មហាករុណាទិគុណ របស់ព្រះអង្គក្នុងការ ប្រោសព្រះរាជទាន នូវឋានៈតួនាទី ដ៏ខ្ពង់ខ្ពស់បំផុតជូនរូបលោក ។

គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីសំណេះសំណាលជា លក្ខណៈមហាគ្រួសារនៅពេលនេះ មានការចូលរួម ពីបុត្រាច្បងរបស់សម្តេចនាយករដ្ឋមន្ត្រី គឺលោកបណ្ឌិតឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុនី លោកជំទាវ ហ៊ុន ម៉ាណា និងលោក ឌី វិជ្ជា ជាស្វាមី, លោកហ៊ុន ម៉ានិត និងលោកស្រី ឌី សុខខេង, លោកស្រីហ៊ុន ម៉ាលី និងលោកសុខ ពុទ្ធិវុធ ជាស្វាមី ព្រមទាំងលោកស្រី យឹម ឆៃលីន ជាភរិយា របស់លោកហ៊ុន ម៉ានី ផងដែរ ។

បត្យាប័នថាក់ស៊ីនគ្មានតំលៃ
លោក អាប់ភីស៊ីត វេចាជីវ៉ា នាយករដ្ឋមន្ត្រីថៃ បានដឹកនាំកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីភ្លាមៗ ពិភាក្សាពីការ ធ្វើលិខិតសុំនាំខ្លួន លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលធ្វើដំណើរមកដល់កម្ពុជា ទៅតាមសន្ធិសញ្ញាបត្យាប័ន។ ទោះបីជាបែបណា ការទាមទារនេះ កម្ពុជាបានប្រកាស ច្រានចោលរួចហើយ ។

លោក អាប់ភីស៊ីត បានគូសបញ្ជាក់ថា ធាតុពិតកម្ពុជា បានដឹងរួចហើយ ប៉ុន្តែត្រូវបញ្ជាក់បន្ថែមទៀត ។

ចំណែកលោក ប៉ានីថាន ផាតថាណាយ៉ាកន អ្នកនាំពាក្យខុទ្ទកាល័យ នាយករដ្ឋមន្ត្រីថៃ បានឱ្យដឹងពីបទដ្ឋាន តាមឃ្លាំមើលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថា បើសិនសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា មិនផ្តល់កិច្ចសហប្រតិបត្តិការ បញ្ជូនលោក ថាក់ស៊ីនមកប្រទេសថៃទេ ប្រហែលជាត្រូវសុំការ សហការពីអន្តរជាតិ ឱ្យរួមគ្នាជំរុញ ឬដាក់គំនាប ព្រោះការការពារអ្នកណាម្នាក់ ត្រូវតែមានហេតុផល ដែលទទួលយកបាន ។ រដ្ឋាភិបាលកម្ពុជា បានបង្ហាញពីហេតុផលថា លោកថាក់ស៊ីន ជាអ្នករងគ្រោះ នយោបាយហើយបើគ្មានរដ្ឋប្រហារយោធា កាលពីឆ្នាំ២០០៦ទេ លោក ថាក់ស៊ីន ក៏គ្មានទោសតាម ការចោទប្រកាន់នោះដែរ ។

ស្របពេលជាមួយគ្នានេះ លោកកាស៊ីត ភីរម្យ រដ្ឋមន្ត្រីក្រសួងការបរទេសថៃបានធ្វើការពិគ្រោះជាមួយ ស្ថានទូតជាច្រើនប្រទេស ដោយទទួលបានការឆ្លើយតប និងផ្តល់កិច្ចសហប្រតិបត្តិការ ។ អ្នកនាំពាក្យរូបនេះ បានឱ្យដឹងទៀតថា កិច្ច ដំណើរការខាងលើនេះមិនអាចធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន នៃ ប្រទេសទាំង២តាមព្រំដែននោះទេ។ ក្នុងអំឡុងពេលនេះ លោកថាក់ស៊ីន មានសកម្មភាពចេញមុខកាន់តែ ច្រើនទាំងការផ្តល់បទសម្ភាសន៍ ទាំងការធ្វើ សកម្មភាពផ្នែកនយោបាយ ផ្ទុយនឹងកាលពីមុនដែលមាន សកម្មភាពតែនៅក្នុងតំបន់មជ្ឈិមបូព៌ាប្រទេស (អាស៊ីកណ្តាល)។ ក្នុងអំឡុងពេលនេះដែរក៏បានទទួល របាយការណ៍ថា លោកថាក់ស៊ីននឹងមិនប្រើប្រាស់កម្ពុជា តែមួយធ្វើជាមូល ដ្ឋានក្នុងការធ្វើសកម្មភាពទេ ប៉ុន្តែនឹងបន្តសកម្មភាពនៅក្នុងប្រទេសជាច្រើន ជាពិសេសប្រទេសដែលមានសម្ព័ន្ធភាពស្មុគស្មាញជាមួយ ប្រទេសថៃ ដែលភាគច្រើនជាប្រទេសជិតខាងរបស់ថៃ ប៉ុន្តែសុំមិនបង្ហើបឱ្យដឹងឈ្មោះទេ ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសហើយថា លោក ថាក់ស៊ីនមិនអាចយកកម្ពុជា ធ្វើជាឈ្នាន់បានទេ លោក ថាក់ស៊ីន គ្រាន់តែជាទីប្រឹក្សា ផ្នែកសេដ្ឋកិច្ចដែលថៃ មិនគួរព្រួយបារម្ភនោះឡើយ ហើយការគាំពារលោក ថាក់ស៊ីននេះ ក៏ មិនដូចសម័យអតីតកាល ដែលថៃគាំទ្រអតីត មេដឹកនាំខ្មែរក្រហមដែរ ។

លោក ថាក់ស៊ីន ចុះពីយន្តហោះ ក្រោយពីចុះចត នៅព្រលាន ទ័ពអាកាស

លោក ថាក់ស៊ីន ចុះពីយន្តហោះ ក្រោយពីចុះចត នៅព្រលាន ទ័ពអាកាស

ប្រភពកាសែត បាងកកប៉ុស្តិ៍ ផ្សាយថា មិនបិទព្រំដែន កម្ពុជា-ថៃ ទេ
យោងតាមព័ត៌មានដែលចេញផ្សាយ ដោយកាសែតបាងកកប៉ុស្តិ៍របស់ថៃជាភាសាអង់គ្លេស កាលពីថ្ងៃ ទី១០ វិច្ឆិកា កន្លងមក បានឱ្យដឹងថា លោក អាប់ភីស៊ីត វ៉េចាជីរ៉ា នាយករដ្ឋមន្ត្រីថៃបានថ្លែងកាលពីថ្ងៃ ទី១០ វិច្ឆិកា កន្លងមកនេះថា រដ្ឋាភិបាលរបស់លោកបានចាត់តាំងទីភ្នាក់ងារ និងស្ថាប័នដែលពាក់ព័ន្ធរួចហើយ ដើម្បី ស្នើសុំធ្វើបត្យាប័នលោក ថាក់ស៊ីន ស៊ីណារ៉ាត្រា ពីប្រទេសកម្ពុជា ។ លោកអាប់ភីស៊ីត បានថ្លែងបែបនេះ ក្រោយពីលោកបានទទួលព័ត៌មានថា លោក ថាក់ស៊ីន ស៊ីណារ៉ាត្រា អតីតនាយករដ្ឋមន្ត្រីបានអញ្ជើញមកដល់ រាជធានីភ្នំពេញ ។

លោក ថាក់ស៊ីន ស៊ីណារ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃដែលត្រូវបានទំលាក់ពីដំណែងនៅក្នុងរដ្ឋប្រហារ យោធាមិនបង្ហូរឈាមកាលពីខែកញ្ញា ឆ្នាំ២០០៦ កន្លងមក បានអញ្ជើញមកដល់ប្រទេសកម្ពុជាតាមយន្ត ហោះឯកជនមួយគ្រឿង កាលពីវេលាម៉ោង ៩កន្លះព្រឹក ថ្ងៃអង្គារ ទី១០ វិច្ឆិកា ដោយចុះចតនៅព្រលាន យន្តហោះយោធា ។ នៅពេលអញ្ជើញមកដល់ព្រលានយន្តហោះយោធា លោកថាក់ស៊ីន បានទទួលការ ស្វាគមន៍យ៉ាងកក់ក្តៅ ដោយមន្ត្រីជាន់ខ្ពស់រាជរដ្ឋា ភិបាល ក្រោមកិច្ចការពារតឹងរ៉ឹងរបស់កងអង្គរក្សសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ លោកថាក់ស៊ីន បានមកកាន់កម្ពុជាក្រោយពីត្រូវបានតែងតាំងជាទីប្រឹក្សាសេដ្ឋកិច្ច របស់រាជរដ្ឋា ភិបាលកម្ពុជា និងជាទី ប្រឹក្សាផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ក្រោយពីអញ្ជើញមកដល់ទីក្រុងភ្នំពេញ លោកថាក់ស៊ីន នឹងធ្វើបទបឋកថាដល់អ្នកសេដ្ឋកិច្ចកម្ពុជាជាង៣០០នាក់ នៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរបស់កម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១២ វិច្ឆិកា ខាងមុខនេះ។

យោងតាមប្រភពព័ត៌មានដដែល បានឱ្យដឹងទៀតថា លោកនាយករដ្ឋមន្ត្រី អាប់ភីស៊ីត បានសារភាពថា ក្នុងការធ្វើបត្យាប័នលោក ថាក់ស៊ីន ពីប្រទេសកម្ពុជាវានឹងជារឿងពិបាកមួយនៅពេលនេះ ព្រោះមិនដឹងថា លោក ថាក់ស៊ីន ស្នាក់ នៅកន្លែងណាពិតប្រាកដ នោះទេ ហើយម៉្យាងទៀតលោក ថាក់ស៊ីន ក៏ស្នាក់នៅកម្ពុជា មិនបានយូរប៉ុន្មានដែរ ។

ទោះបីជាពេលនេះលោក ថាក់ស៊ីន អញ្ជើញមកដល់ប្រទេសកម្ពុជាហើយក៏ដោយ ថៃនៅមិនទាន់បញ្ចោញ ប្រតិកម្មអ្វីទាក់ទងទៅនឹងការបិទព្រំដែនជាមួយកម្ពុជានៅឡើយទេ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៍ រួចមកហើយថា ប្រសិនបើថៃប្រកាស បិទព្រំដែន កម្ពុជាក៏នឹងប្រកាសបិទ ការនាំចូលទំនិញពីថៃ ទាំងស្រុងផងដែរ។ ទាក់ទិននឹងបញ្ហាបិទព្រំដែន រវាងថៃ និងកម្ពុជា លោក ស៊ូថេប ធឿងស៊ូបាន់ ឧបនាយករដ្ឋមន្ត្រីថៃ បានថ្លែងថា រដ្ឋាភិបាលថៃ ពុំមានផែនការបិទព្រំដែន ជាមួយកម្ពុជាទេ ។

យោងតាមព័ត៌មានដែលចេញផ្សាយ នៅក្នុងកាសែត បាងកកប៉ុស្តិ៍ របស់ថៃកាលពីថ្ងៃអង្គារ ទី១០ វិច្ឆិកា កន្លងមកនេះថា រដ្ឋាភិបាលថៃពុំមានផែនការ បិទប៉ុស្តិ៍ឆែកឆេរព្រំដែន ជាមួយកម្ពុជានោះទេ ពីព្រោះជាកន្លែង ធ្វើពាណិជ្ជកម្មសំរាប់ ពលរដ្ឋរបស់ប្រទេសទាំង២ ។ លោក ស៊ូថេប បានថ្លែងទៀតថា “ក្នុងនាមជាអ្នក ទទួលបន្ទុកផ្នែក សន្តិសុខជាតិ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពី សមត្ថភាពដើម្បីធានា ឱ្យប្រាកដថា ពលរដ្ឋថៃដែល រស់នៅតាមព្រំដែនអាចបន្ត ការប្រកបរបររក ស៊ីប្រចាំថ្ងៃរ បស់ពួកគេដូចធម្មតា ហើយខ្ញុំក៏នឹងការពារ អធិបតេយ្យភាព របស់ថៃផងដែរ” ។

ការសំរេចដក MOU ស្តីពីព្រំដែនក្នុងកិច្ចប្រជុំសភាថៃ មានភាពជ្រួលច្របល់ខ្វះកូរ៉ុម ធ្វើឱ្យផ្អាកជាបណ្តោះ អាសន្ន
តាមព័ត៌មានចុងក្រោយ ឱ្យដឹងថា ក្នុងកិច្ចប្រជុំរបស់ សភាថៃនៅថ្ងៃ ទី១០ វិច្ឆិកា ដែលជាថ្ងៃទី២ ស្ថានភាពប្រជុំមានសភាព ជ្រួលច្របល់ ចំពោះរបៀបវារៈ ដែលរដ្ឋាភិបាលថៃ សុំដកកំណត់ហេតុ លើអនុស្សរណៈយោគយល់គ្នា របស់ គណៈកម្មាធិការព្រំដែន កម្ពុជា-ថៃ ក្នុងឆ្នាំ២០០០ ប៉ុន្តែអង្គប្រជុំមិនគ្រប់កូរ៉ុម ជាហេតុធ្វើឱ្យ ប្រធានសភា ត្រូវផ្អាកប្រជុំ ។

មានសេចក្តីរាយការណ៍ថា បរិយាកាសនៃកិច្ចប្រជុំខាងលើមានភាពជ្រួលច្របល់ និងមានការប៉ះទង្គិចពាក្យ សំដីគ្នារវាងសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សភឿថៃ។ ទោះជាយ៉ាងណាក៏ដោយ ការជ្រួលច្របល់ បែបនេះ ធ្វើឱ្យប្រធានកិច្ចប្រជុំ បញ្ជាឱ្យផ្អាកដោយមិនទាន់ ទទួលបានលទ្ធផលអ្វីឡើយ ។

Spread The Love, Share Our Article

Related Posts

There are no related posts on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

  1. best@hotmail.com Nov 11, 2009

    FUCK hunsen ฮุนเซนหัวควย จากคนไทย

សរសេរបញ្ចេញមតិរបស់អ្នក

Required

Will not be published. Required

Optional