ដោយ : ជំនិត
ថ្ងៃទី 17 វិច្ឆិកា 2009
CEN
ភ្នំពេញ: លោក ឯក ស៊ីដេ អ្នកចម្រៀងសម័យដែលទទួលបាននូវការគាំទ្រយ៉ាងច្រើននោះ មិនបានដំណើរការថតឱ្យផលិតកម្មបក្សីចាំក្រុងដែល ជាផលិតកម្មរបស់លោកផ្ទាល់ទេ តែលោកបែរជាទៅច្រៀងឱ្យផលិតកម្មឆ្លងដែន និងនាគមាស ដែលជាទ្រនុំចាស់ និងជា ទីកន្លែងធ្លាប់បានជួយឱ្យលោកដណ្តើមបាននូវភាពល្បីល្បាញយ៉ាងឆាប់រហ័សនាពេលកន្លងមកទៅវិញ ។
ក្រោយពីចេញបទចម្រៀងចំនួនពីរវ៉ុលរួចមក កេរ្តិ៍ឈ្មោះរបស់ ឯក ស៊ីដេ ចាប់ផ្តើមមានការទទួលស្គាល់ និងគាំទ្រជាបណ្តើរៗ ហើយមិនយូរប៉ុន្មានលោកបានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺយ៉ាងលឿន ដោយសារការលើកយកបទចម្រៀងពីសង្គមចាស់មក ច្រៀងថតជាស៊ីឌី ជាពិសេស ចម្រៀងរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត។ចម្រៀងទាំងនោះបានត្រូវនាំយកទៅលក់នៅតាម បណ្តាប្រទេសនានា ដែលមានសមាគមខ្មែររស់នៅ ។
ឯក ស៊ីដេ បានបោះជំហានពីខេត្តក្រចេះ ចូលក្នុងវិស័យសិល្បៈជាមួយផលិតកម្មឆ្លងដែន និងផលិតកម្មនាគមាស ដែល មានការគ្រប់គ្រងម្ចាស់តែមួយ។ ទន្ទឹមនឹងនោះលោកឯក ស៊ីដេ នៅបានបន្តការសិក្សានៅសកលវិទ្យាល័យ បញ្ញាសាស្ត្រផ្នែកជំនាញ ហិរញវត្ថុនិង បានបញ្ចប់ថ្នាក់អនុបណ្ឌិតកាលពីឆ្នាំ ២០០៨កន្លងទៅ ។ លោកធ្លាប់បានប្រាប់ ទស្សនាវដ្តីក្នុងស្រុកថា ពេលលោកកំពុងប្រឡូក ក្នុងវិស័យសិល្បៈចម្រៀងដំបូង លោកធ្លាប់មានទំនាក់ទំនងស្នេហាជ្រាលជ្រៅ ជាមួយនឹងនារីម្នាក់ ប៉ុន្តែមិនសម្រេចតាមបំណងទេ ព្រោះម្តាយខាងស្រីបានប្រាប់កូនស្រីគាត់ថា“យកអ្នកចម្រៀងធ្វើប្តីមិនមានអនាគតទេ” ។ ពិតជាមានការឈឺចាប់មិនតិចទេ ពេលជួបនឹងវិបត្តិ ស្នេហាគ្រាដំបូង ប៉ុន្តែលោកមិនរាងចាលឡើយ មិនយូរប៉ុន្មានលោកស៊ីដេ បានចាប់ផ្តើមសាងស្នេហ៍ជាថ្មីជាមួយនឹង និស្សិតម្នាក់ផ្សេងទៀតនៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។ លោក ឯក ស៊ីដេបញ្ជាក់ថា នារីដែលលោកមានទំនាក់ទំនងស្នេហានោះ ពេលនេះបានចូលធ្វើជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាការងារដែលលោកមិនសូវមានចំណង់ទេ លោកចង់ធ្វើជំនួញច្រីនជាង។ ទោះបីយ៉ាងនេះក្តី ក៏ទំនាក់ទំនងស្នេហា រវាងរូបលោកនិងនាងនៅប្រព្រឹត្តទៅដូចធម្មតា តែមិនទាន់បានគិតគូរពី គម្រោងចូលរោងការនៅឡើយ ។
នាអំឡុងឆ្នាំ២០០៧ ដល់ដើមឆ្នាំ ២០០៩ ផលិតកម្មឆ្លងដែន និងផលិតកម្មនាគមាស បានផ្អាកដំណើរការដោយ មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់។ ពេលនោះតារា ចម្រៀងស្រី-ប្រុស ដែលស្ថិតក្នុងផលិតកម្មទាំងពីរនេះបានចែកផ្លូវគ្នារៀងៗខ្លួន ចំណែកលោកឯកស៊ីដេ បានទៅបង្កើតផលិតកម្មថ្មីមួយ ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនឈ្មោះ “រាជសីហ៍មាស” ដោយមានភាគហ៊ុនពីអាណិកជនខ្មែរ ម្នាក់នៅប្រទេសអូស្ត្រាលី ។ ផលិតកម្មនេះភាគច្រើនផលិតតែបទចម្រៀងពីសង្គមចាស់ ហើយនាឱកាសនោះដែរ លោកឯក ស៊ីដេ ត្រូវបានសម្តេចព្រះរៀមបុប្ផាទេវី សព្វព្រះទ័យជ្រើសរើសយកជាអ្នកចម្រៀងផ្នែកបុរាណនៅក្នុងក្រុមល្ខោនព្រះរាជទ្រព្យរបស់ព្រះបរមរាជវាំង រហូតមកដល់សព្វថ្ងៃ ។
“រាជសីហ៍មាស” បានដំណើរផលិតបានចំនួនតែ៣វ៉ុលប៉ុណ្ណោះ ក៏បានប្តូរឈ្មោះទៅជាផលិតកម្ម “បក្សីចាំក្រុង” ដែលទិញសិទ្ធិពីគេ ហើយរហូតមកដល់ពេលនេះគេនៅមិនឃើញមានចេញនូវវ៉ុលថ្មីៗទៀតដែរ តែគេឃើញឯក ស៊ីដេចាកចេញទៅច្រៀងឱ្យផលិតកម្ម ផ្សេងៗដូចជាផលិតកម្មពន្លឺនាគហោះ និងផលិតកម្មអង្គរអមតៈជាដើមទៅវិញ ។
លោកឯក ស៊ីដេ បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះផលិតកម្មឆ្លងដែន និងផលិតកម្មនាគមាសចាប់ផ្តើមដំណើរការវិញហើយ ហើយប្រមូលអ្នកចម្រៀងក្នុងផលិតកម្មនេះពីមុនៗឱ្យចូលមកវិញ “ក្នុងនោះក៏មានរូបខ្ញុំដែរ,ខ្ញុំនឹងវិលទៅសាងជីវិតនៅក្នុងផលិត កម្ម ដែលជាទ្រនុំចាស់នោះវិញ ដោយផ្អាកដំណើរការផលិតកម្ម“បក្សីចាំក្រុង”មួយ រយៈសិន៕

សរសេរបញ្ចេញមតិរបស់អ្នក
សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។
There are no comments on this entry.