ភ្លេងអារក្ខខ្មែរ ទទួលការគាំទ្រនៅបរទេស

ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ, សិល្បៈ

សរសេរដោយ ភ្នំពេញដេលីញូវ
ច័ន្ទ, 08 កុម្ភៈ 2010

areak-1

តាំងពីដើមឆ្នាំ២០០៤មក ពោលគឺក្រោយពេលដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសុំ បញ្ជូលវង់ភ្លេង «អារក្ខ» ឲ្យក្លាយទៅជា សម្បតិ្តវប្បធម៌បេតិកភណ្ឌពិភពលោកនោះ ភ្លេងអារក្ខត្រូវបាន ផ្សព្វផ្សាយនៅបរទេសយ៉ាងទូលំទូលាយ ដើម្បី បង្ហាញឲ្យពិភពលោក បានស្គាល់កាន់តែច្បាស់នូវអ្វី ដែលជាតម្លៃដែលគ្មានពីររបស់វប្បធម៌ដ៏ធំចំណាស់យូរលង់មួយនេះដែលប្រទេសជិតខាងយើងមិន អាចប្រដូចបាននោះ ។

ជាញឹកញាប់នៅមណ្ឌលវប្បធម៌បារាំងភ្នំពេញបានរៀបចំពិធីលៀងអារក្ខជូនភ្ញៀវជាតិ និង អន្តរជាតិទស្សនា ដែលក្រុមសិល្បៈ នេះបានរៀបចំសម្តែងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ ។

ដោយសារការសម្តែងនៅមជ្ឍមណ្ឌលបារាំងភ្នំពេញនេះ បានធ្វើឲក្រុងប៉ារីសប្រទេសបារាំង មានការចាប់ចិត្តនិងអ្វីដែលជាវប្បធម៌ ចំណាស់មួយនេះទើបគេបានអញ្ជើញក្រុមភ្លេងអារក្ខខ្មែររបស់ ខេត្តកំពង់ស្ពឺទៅសម្តែងនៅក្រុងប៉ារីស នៅចុងឆ្នាំ២០០៤ កន្លងមកនេះ ។ លោក ឪក សុផុន ប្រធាន មន្ទីរវប្បធម៌ខេត្តកំពង់ស្ពឺ ជាអ្នកដឹកនាំការសម្តែងភ្លេងអារក្ខ ឬហៅថា ការលៀងអារក្ខ នៅប្រទេស បារាំងបានធ្វើឲមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទស្សនារបស់បារាំងដែលពួកគេចង់ដឹងនូវអ្វី ដែលវប្បធម៌ដ៏ចំណាស់ និងអាថ៌កំបាំងដែលបានកើតមាននៅលើទឹកដីដ៏ចំណាស់មួយនេះរាប់ពាន់ ឆ្នាំមកហើយ ។

នៅក្រុងប៉ារីសមានជនជាតិបារាំងជាច្រើននាក់បានទៅជួបអ្នកចូលរួមអារក្ខដែលកំពុង សណ្ឋិតចូលរូបហើយពួកគេបានសាក សួរនូវអ្វីៗជាច្រើនដែលទាក់ទងនឹងដំណើរជីវិតរបស់ពួកគេ ដែលប្រកាន់សាសនាទំនៀមទំលាប់ផ្សេងៗខុសពីប្រទេស យើង ។ លោក ឪក សុផុន បានឲដឹងទៀតថា អារក្ខរបស់ខ្មែរគឺពិតជាបានបង្កើតឡើងដោយមហាបណ្ឌិតអ្នកប្រាជ្ញខ្មែរដ៏កំពូលតាំងពី សម័យនគរភ្នំមកម្ល៉េះ ដែលបានបង្កប់នូវការអប់រំពិសេសគឺការអប់រំផ្លូវចិត្តតែម្តង ។ នៅក្នុងសង្គម ខ្មែរយើងទាំង មូល ពេលយើងជួបបញ្ហាស្មុគស្មាញអ្វីមួយនោះយើងធ្វើការបន់ស្រន់ ការបន់ស្រន់នេះ ហើយគឺជាការគោរពដល់អារក្ខដែលពេលនោះធ្វើឲអារម្មណ៍របស់យើងមានការធូស្បើយ និងហ៊ាន ប្រឈមមុខនិងបញ្ហាអ្វីមួយដោយសំអាងថា មានអារុអារក្ខ តាមជួយថែរក្សាជាប់ជានិច្ច ។

ការបន់ស្រន់អារក្ខ គឺជាការអប់រំផ្លូវចិត្តដែលធ្វើការដាស់សតិអារម្មណ៍ និងស្មារតីឲមនុស្ស មានការភ្ញាក់រឭក មានសេចក្តីក្លាហាន ដែលជាជំនួយផ្លូវចិត្តរបស់មនុស្ស ។ ប៉ុន្តែមនុស្សទេដែល មានការយល់ខុសចំពោះអារក្ខនោះ ដោយសំអាងថា អ្វីៗ ទាំងអស់គឺត្រូវ តែពឹងផ្អែកលើអារក្ខទាំងស្រុងទៅវិញ ។ តាមពិត អារក្ខ គឺជាការផ្តល់កម្លាំងចិត្តសម្រាប់ជាផ្លូវនៃការដោះស្រាយបញ្ហាតែ ប៉ុណ្ណោះ ។ លោក ឪក សុផុន បានបញ្ជាក់ថា អារក្ខ អាចនិយាយថា ជាវិទ្យាសាស្រ្តនៃការអប់រំគំនិត ខ្ពស់ សម្រាប់សង្គមខ្មែរទាំងមូលគ្រប់ ស្រទាប់វណ្ណៈឲចេះស្រលាញ់គ្នាជាធ្លុងមួយ ។ ដូចពាក្យមួយ តំណាលថា «បើក្រុមគ្រួសារមួយបែកបាក់គ្នា អារក្ខកាច់» ។ សម្រាប់ប្រទេសជាតិក៏ដូច្នេះដែរ បើមិនឯកភាពគ្នានាំឲប្រទេសជាតិបែកបាក់ ។ អារក្ខគឺជា ការផ្សារភ្ជាប់រវាងមនុស្សទៅនឹងសកម្មភាពជាក់ ស្តែងរបស់គេ ។ មានចម្ងល់បានចោទសួរថា តើអារក្ខគឺជាអ្វី ? បើតាមការពន្យល់នៅក្នុងវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួនណាត បានបញ្ជាក់ថា អារក្ខគឺជាន័យថា «អ្នកថែរក្សា» តែបើតាមការ បកស្រាយខ្លះថា «លទ្ធិជីវចលនិយម» គឺជាលទ្ធិជំនឿខ្មោចដូនតា និង អានុភាពអាថ៌ កំបាំងផ្សេងៗ ដែលបានជ្រួតជ្រាបយ៉ាងជ្រៅក្នុងអារម្មណ៍របស់ខ្មែររាប់សិបជំនាន់មកហើយ ។

នៅពេលឡើងអារក្ខ ឬគេហៅម្យ៉ាងទៀតថា លៀងអារក្ខ គេត្រូវមានវង់ភ្លេងអារក្ខដែលរួម មានមនុស្សដែលជាអ្នកចូលរូបអារក្ខ មានស្គរ សាដៀវ ប៉ីអ ទ្រចាប៉ីព្រមទាំងមានចម្រៀងជាច្រើន បទដែលធ្វើការអង្វរដល់រូបអារក្ខឲចូលសណ្ឋិត និងរៀបចំ តង្វាយដល់អារក្ខជាច្រើនទៀត ដូចជា បាយសី ស្លាម្លូ ចេកទុំ ។ល។

សព្វថ្ងៃនេះ ពិធីលៀងអារក្ខ នៅត្រូវបានប្រជាពលរដ្ឋនៅជនបទស្រុកស្រែចម្ការប្រារព្ធធ្វើ ទៅតាមការនិយមរបស់អ្នកភូមិ ។ លោក សុផុន បានឲដឹងទៀតថា ការរៀបចំពិធីលៀងអារក្ខគឺ ដាស់តឿនរំឭកនូវការអប់រំដែលបង្កប់នូវភាពជឿជាក់ ឬ ជា យុទ្ធសាស្រ្តផ្លូវចិត្តសម្រាប់សង្គមខ្មែរទាំង មូលដែលប្រកបដោយភាពរីកចម្រើន ។

Spread The Love, Share Our Article

Related Posts

There are no related posts on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

There are no comments on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

Required

Will not be published. Required

Optional