សភាពការណ៍ទូទៅនៅតំបន់ព្រំដែនភាគពាយ័ព្យ
- Monday, February 8, 2010, 15:30
- ពត៌មានភាសាខ្មែរ, សេដ្ឋកិច្ច & នយោបាយ
- 65 views
- បញ្ចេញមតិផ្ទាល់ខ្លួន
ដោយ សួន សុផលមុន្នី
2010-02-08
វិទ្យុអាស៊ីសេរី
ស្ថានការណ៍ទូទៅនៅខេត្តភាគពាយ័ព្យកម្ពុជាជាប់ព្រំដែនប្រទេសថៃ មានសភាពស្ងប់ស្ងាត់ជាធម្មតា ដោយកងទ័ពប្រទេសទាំងពីរកម្ពុជា-ថៃ បានធ្វើការចល័តនិងផ្លាស់ប្តូរទ័ពនៅទឹកដីរៀងៗខ្លួន មិនមានការប្រឈមមុខដាក់គ្នាទេ។

ទិដ្ឋភាព នៅ លើ ស្ពាន មិត្តភាព កម្ពុជា - ថៃ នៃ ច្រក ទ្វារ អន្តរជាតិ ប៉ោយប៉ែត ក្នុង ខេត្ត បន្ទាយមានជ័យ នា ថ្ងៃ ៦ វិច្ឆិកា ២០០៩។ (RFA/Sophal Mony)
លោក ចាន់ សោភ័ណ្ឌភា នាយរងការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំទិសពោធិ៍សាត់ ប៉ៃលិន និងបាត់ដំបង បានមានប្រសាសន៍នៅថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ថា ចាប់តាំងពីមានព្រឹត្តិការណ៍ចុងក្រោយនៃការប៉ះទង្គិចគ្នារវាងកងទ័ពខ្មែរ-ថៃនៅតំបន់ភ្នំទ្រព្យ ខេត្តព្រះវិហារ នៅតាមបណ្តោយព្រំដែនខ្មែរក្នុងខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ជាប់ខេត្តស្រះកែវ ខេត្តត្រាត និងខេត្តចាន់បូរីថៃ គឺមានសភាពស្ងប់ស្ងាត់ជាធម្មតា។
លោក ចាន់ សោភ័ណ្ឌភា មានប្រសាសន៍ឲ្យដឹងដូច្នេះ ៖ «ខ្ញុំក្តាប់ផ្ទាល់រាល់ថ្ងៃហ្នឹង វាអត់មានអីប្រែប្រួលទេ សភាពការណ៍យើងតាមព្រំដែនចន្លោះពីស្មាច់មកបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន នៅរក្សាភាពដដែល គ្រាន់តែការចល័តផ្លាស់ប្តូរទ័ពហ្នឹងង ខាងយើងក៏មានការផ្តាស់ប្តូរពីជួរមុខមកក្រោយពីក្រោយមកមុខអ៊ីចឹងដែរ។ ក្នុង១ខែខាងជើងទឹកថៃគេផ្លាស់ប្តូរម្តងអ៊ីចឹងទៅ ១៥ថ្ងៃគេផ្លាស់ប្តូរម្តងអ៊ីចឹងទៅ»។
ទោះយ៉ាងនេះក្តី ប្រភពពីអាជ្ញាធរមូលដ្ឋានស្រុកសំឡូតខេត្តបាត់ដំបងបានឲ្យដឹងដែរថា ខាងភាគីថៃមានការបង្កើនកម្លាំងទ័ពច្រើនជាងមុន ជាក់ស្ដែងដូចជានៅព្រំដែនខេត្តត្រាតជាប់ច្រក៤០០ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ៖ «មានការផ្លាស់ប្តូរចល័តខ្លះនៅទល់មុខច្រក៤០០ ពីមុនវាធ្លាប់ដាក់ប្រចាំការតែបួនប្រាំនាក់ ប៉ុន្តែឥឡូវវាដាក់ដល់៦-៧នាក់អ៊ីចឹងទៅ។ អាហ្នឹងចម្ងាយ១៥ម៉ែត្រពីយើង។ ការផ្លាស់ប្តូរកើតមានតាំងពីការប៉ះគ្នានៅភ្នំទ្រព្យ»។
ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកសំឡូតកត់សម្គាល់ថា ប្រជាពលរដ្ឋថៃដែលធ្លាប់ចេញចូលតាមច្រក៤០០មកលក់ដូរទំនិញលើទឹកដីខ្មែរបានផ្អាកមិនមានឆ្លងមកដូចសព្វដងទេ ៖ «យកមកលក់ជាប់តាំងពីងាវ មឹក បង្កង ផ្លែក្រូច ផ្លែម្នាស់ ផ្លែក្រូចថ្លុង មករៀងរាល់សប្តាហ៍ ទើបអត់ឃើញពីរសប្តាហ៍នេះឯង»។
លោក ហែន សុផល អភិបាលស្រុកសំឡូត បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរក្នុងមូលដ្ឋានជាប់ព្រំដែនថៃ មិនមានការភ្ញាក់ផ្អើលអ្វីទេ ទោះបីកន្លងមកនេះមានដំណឹងពីការចល័តទ័ពនៅតាមបណ្តោយព្រំដែនក៏ដោយ។
លោក ហែន សុផល មានប្រសាសន៍ថា ៖ «រឿងចល័តទ័ពក្នុងដីគេជារឿងផ្សេង តែនៅតាមព្រំដែនជិតនេះអត់មានទេ មានតែអ្នកប្រចាំនៅតាមច្រកធម្មតាដូចរាល់ថ្ងៃអ៊ីចឹង។ សភាពការណ៍ប្រជាពលរដ្ឋស្ងប់ស្ងាត់ធម្មតា»។
ចាប់តាំងពីក្រោយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ កងទ័ពខ្មែរ-ថៃបានប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាច្រើនលើកច្រើនសានៅតំបន់ប្រាសាទព្រះវិហារ ធ្វើឲ្យមានអ្នកស្លាប់និងរបួសទាំងសងខាង។ ក្រោយពីការប៉ះទង្គិចគ្នានោះមកគេសង្កេតឃើញថា កងទ័ពប្រទេសទាំងពីរកម្ពុជា-ថៃ ត្រូវបានបង្កើននិងចល័តការពារតាមខ្សែបន្ទាត់ព្រំដែនរៀងខ្លួនមិនទាន់ឃើញមានការថមថយឡើយ៕
About the Author
សរសេរបញ្ចេញមតិរបស់អ្នក
សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។
