អាជ្ញាធរ​នៅ​កំពង់ធំ​រង​ការ​ចោទ​ថា​បណ្ដេញ​ព្រះសង្ឃ​​យក​ដី​ឲ្យ​ក្រុមហ៊ុន

ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ, សេដ្ឋកិច្ច & នយោបាយ

ដោយ ទីន ហ្សាការីយ៉ា
2010-02-07
​វិទ្យុ​អាស៊ីសេរី

ក្រុម​យោធិន​ពិការ​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​៧ កុម្ភៈ ដោយ​ចោទ​ប្រកាន់​អាជ្ញាធរ​សុ្រក​សន្ទុក​ថា បាន​ទៅ​បណ្តេញ​ព្រះ​សង្ឃ​ឲ្យ​រុះរើ​អីវ៉ាន់​ចេញ​ពី​វត្ត​និង​ជេរ​ប្រមាថ​ព្រះសង្ឃ​ចង់​ប្រើ​អំពើ​ហិង្សា​លើ​ព្រះ​សង្ឃ​ថែម​ទៀត​កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​យក​ដីធ្លី​ប្រគល់​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​តាន់បៀន។

១៩-វិច្ឆិកា-០៩: ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​​ជួបជុំ​គ្នា​នៅ​តំបន់​ដី​ទំនាស់​​ស្ថិត​ក្នុង​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ (RFA/Uon Chhin)

១៩-វិច្ឆិកា-០៩: ពលរដ្ឋ ដែល មាន ជម្លោះ ដី ជួបជុំ គ្នា នៅ តំបន់ ដី ទំនាស់ ស្ថិត ក្នុង ឃុំ ក្រយា ស្រុក សន្ទុក ខេត្ត កំពង់ធំ (RFA/Uon Chhin)

យោធិន​ពិការ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា អាជ្ញាធរ​បាន​ទៅ​បង្ខំ​ឲ្យ​ព្រះសង្ឃ​ចំនួន​៩​ព្រះអង្គ​ឲ្យ​ចេញ​ពី​វត្ត ព្រមទាំង​ដឹក​ព្រះពុទ្ធ​រូប​ចេញ​ផង​ដែរ​នៅ​ក្នុង​ការ​ប៉ុនប៉ង​កម្ទេច​វត្ត​អារាម​នោះ​ចោល ដែល​វត្ត​នោះ​សាង​សង់​ឡើង​ដោយ​ការ​ជួយ​ឧត្ថម្ភ​ពី​សប្បុរស​ជន​ក្រៅ​ស្រុក​និង​ក្នុង​ប្រទេស​ដើម្បី​រក្សា​ការ​គោរព​បូជា​សាសនា​របស់​យោធិន​ពិការ​ដែល​រស់​នៅ​ទី​នោះ ៖ «អាណោចអាធ័ម​ណាស់​មើល​ទៅ​៩​ព្រះ​អង្គ​នៅ​ហ្នុង រួច​ឡើង​ប្រក់​តង់​ពី​លើ​ហាល​ក្ដៅ»។

ឮអភិបាល​រង​ខែត្រ​កំពង់ធំ លោក អ៊ុត សំអន បាន​បដិសេធ​ថា អាជ្ញាធរ​មិន​បាន​បណ្តេញ​ព្រះ​សង្ឃ​នោះ​ទេ ៖ «ខាង​គណៈកម្មការ​វត្ត​ខ្លួន​គាត់​ទេ គឺ​គាត់​បាន​ជញ្ជូន​ព្រះ​អី​យក​ទៅ​ដាក់​លើ​ដី ធ្វើ​វត្ត…។ ខ្ញុំ​បាន​ប្រាប់​ទៅ​វិញ បើ​សិន​ជា​គាត់​ជួប​ការ​លំបាក​ការ​ដឹក​ជញ្ជូន​អី​ឲ្យ​ប្រាប់​មក​យើង​មក យើង​ជួយ​ដឹក ដូច្នេះ​អត់​មាន​រឿង​ហ្នឹង​ទេ»។

គេ​នៅ​មិន​ទាន់​ទទួល​បាន​ប្រតិកម្ម​ពី​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​នៅ​ប្រទេស​កម្ពុជា ជុំវិញ​ការ​បណ្តេញ​ព្រះ​សង្ឃ​និង​ការ​ប៉ុនប៉ង​កម្ទេច​វត្ត​អារាម​ចោល​ពី​សំណាក់​អាជ្ញាធរ​នៅ​តំបន់​នោះ​នៅ​ឡើយ​ទេ។

យ៉ាង​នេះ​ក្តី​ប្រពន្ធ​យោធិន​ពិការ​មួយ​រូប​ទៀត​បាន​អះអាង​ថា យោធិន​ពិការ​មួយ​ចំនួន​បាន​វិល​ទៅ​រស់​នៅ​លើ​ដី​បន្ទាយ​រងៀង​វិញ ដោយសារ​តែ​នៅ​លើ​ដី​ថ្មី​ភូមិ​ថ្មសំលៀង ពួកគេ​ប្រឈម​នឹង​បញ្ហា​ដាច់​ស្បៀង ព្រោះ​គ្មាន​ដី​ធ្វើ​ចម្ការ។

ស្រ្តី​រូប​នេះ​បាន​បញ្ជាក់​ថា អាជ្ញាធរ​បាន​ទៅ​បណ្តេញ​ព្រះសង្ឃ​ចេញ​ហើយ​គេ​គ្រោង​នឹង​ឈូស​ឆាយ​វត្ត​ចេញ​នៅ​ពេល​ខាង​មុខ ៖ «ឲ្យ​ជួយ​ជន​ពិការ​ឲ្យ​បាន​ដី​ក្នុង​ហ្នឹង​នៅ​វិញ គ្នា​សុទ្ធ​តែ​អ្នក​ក្រីក្រ កូន​ម្នាក់ៗ​៥-​៦-​៧ រួច​រក​ស្អី​ឲ្យ​កូន​ហូប​មិន​បាន។ សូម​រដ្ឋាភិបាល​ជួយ កូន​ចៅ​អត់ណាស់»។

តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​មណ្ឌល​កំពង់ធំ និង​ជា​ប្រធាន​គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ អង្កេត បោស​សម្អាត​និង​មុខ​ងារ​សាធារណៈ លោក អ៊ុន នឹង មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​អំពី​ក្រុមហ៊ុន​វៀតណា​ឈ្មោះ​តាន់បៀន ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​នៅ​តំបន់​នោះ​ទេ។

លោក អ៊ុន នឹង មាន​ប្រសាសន៍​ដូច្នេះ ៖ «គិត​តែ​បណ្ដេញៗ​គ្នា​ឲ្យ​ទៅ​នៅ​ឯ​ណា? បើ​ថា នៅ​ស្ងៀមៗ​បណ្ដេញ​ហ្នឹង​មិន​សម​ទេ គេ​នៅ​យូរ​ហើយ​យើង​ទៅ​ធ្វើ​អ៊ីចឹង​ម៉េច​នឹង​សម ប៉ុន្តែ​ក្រែង​អ្នក​ទៅ​ធ្វើ​ហ្នឹង​មាន​ហេតុផល​មិន​ល្អ»។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ដោយ​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យោធិន​ពិការ​ក្នុង​ការ​ចែក​ដី​សង្គមកិច្ច​ជូន​ពួកគេ។

លោក ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ ៖ «ពិការ ពលី​និង​មរណៈ បាន​ចូល​ទៅ​ក្នុង​សង្គម​ជាតិ​វិញ​ដើម្បី​ឲ្យ​ពួកគេ​អាច​រស់​នៅ​បាន​ក្នុង​ជីវភាព​ជា​ជន​ស៊ីវិល​ប្រកប​ដោយ​ភាព​សុខដុម​រមនា​ជាមួយ​គ្រួសារ​និង​សហគមន៍។ ដើម្បី​សម្រេច​គោលដៅ​នេះ រាជ​រដ្ឋាភិបាល​នឹង​មាន​វិធានការ​ជា​ប្រព័ន្ធ​គ្រប់​ជ្រុង​ជ្រោយ​ដោយ​លើក​ផែនការ​រៀបចំ​ភូមិ​ឋាន​សម្រាប់​ការ​តាំង​ទី​លំនៅ​និង​ការ​ប្រកប​របរ​អាជីវកម្ម​នៅ​តាម​ទីតាំង​ដែល​ត្រូវ​បាន​ផ្ដល់​ជា​ដី​សម្បទាន​សង្គមកិច្ច»។

យោធិន​ពិការ​រស់​នៅ​តំបន់​បន្ទាយរងៀង​អស់​រយៈ​ពេល​ជិត​១០​ឆ្នាំ​មក តាម​រយៈ​សមាគម​ជន​ពិការ​និង​អភិវឌ្ឍន៍​កសិកម្ម​ជិត​១​ពាន់​គ្រួសារ និង​បាន​ប្រកប​របរ​កសិកម្ម​លើ​ដី​នោះ​ដោយ​ក្នុង​១​គ្រួសារ​ទំហំ​ក្បាល​១០០​ម៉ែត្រ​គុណ​នឹង​៥០០​ម៉ែត្រ។

ប៉ុន្តែ​កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០០៩ អាជ្ញាធរ​ខែត្រ​បាន​បណ្តេញ​ពួកគេ​ចេញ​ពី​ដី​នោះ​ដោយ​អះអាង​ថា ដី​នៅ​បន្ទាយរងៀង​ជា​ដី​របស់​រដ្ឋ រដ្ឋាភិបាល​បាន​វិនិយោគ​ចំនួន​៩៩​ឆ្នាំ​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​តាន់បៀន​ដាំ​ដើម​កៅស៊ូ ហើយ​បាន​បង្កើត​ភូមិ​ថ្មី​នៅ​ថ្មសំលៀង ឲ្យ​ក្រុម​យោធិន​ពិការ​ក្បាល​២០​គុណ​នឹង​៤០​ម៉ែត្រ​ជា​ថ្នូរ​នឹង​ដី​នៅ​បន្ទាយរងៀង​នោះ៕

Spread The Love, Share Our Article

Related Posts

There are no related posts on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

  1. សុខ​​សឿន Feb 8, 2010

    អភិបាលខេត្ដគួរតាមដានឲ្យច្បាស់នេះជារឿងមួយដែលធេ្វីឲ្យទាហ៑ាននៅជួរមុខមានការបាក់ទឹកចឹត្ដ

    នៅពេលដែលបានដឹងថាយេាធិនពិកាមានឧបត្ដិហេតុដូចេ្នះនេាះ
    នឹងរឿងវត្ដផងដែរ។

  2. Tor Feb 8, 2010

    Money talk, no money no honey, That what CHAREK Corrupt Khmer all about.

  3. tunny Feb 9, 2010

    ទៅប្ដឹងអីសង្ឃថ្នាក់ធំ លោកងំជាងមន្ត្រីថ្នាក់ខ្ពស់ទៅទៀត។

សរសេរបញ្ចេញមតិរបស់អ្នក

Required

Will not be published. Required

Optional