អំពើ​ហិង្សា​និង​ការ​រំលោភ​ផ្លូវ​ភេទ​កើន​ឡើង​ក្នុង​ឆ្នាំ​២០០៩

ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ, សេដ្ឋកិច្ច & នយោបាយ

ដោយ ដែន អយុធ្យា
2010-02-07
វិទ្យុ​អាស៊ីសេរី

របាយការណ៍​សមាគម​អាដហុក​ប្រចាំ​ឆ្នាំ​២០០៩ ដែល​ទើប​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ បាន​រក​ឃើញ​ថា អំពើ​ហិង្សា​និង​ការ​រំលោភ​សេព​សន្ថវៈ​ទៅ​លើ​ស្ត្រី​និង​កុមារ​បាន​កើន​ឡើង​ខ្ពស់​និង​មាន​ស្ថានភាព​អាក្រក់​ជាង​ឆ្នាំ​២០០៨។

លោក ធន សារាយ ប្រធាន​សមាគម​អាដហុក មាន​ប្រសាសន៍​ថា ការ​ធ្លាក់​ចុះ​សីលធម៌​សង្គម ការ​ប្រើប្រាស់​ថ្នាំ​ញៀន ការ​ខ្វះ​ចន្លោះ​របស់​អាជ្ញាធរ​ក្នុង​ការ​គ្រប់គ្រង​វីដេអូ​អាសអាភាស​ដែល​កើត​មាន​ព្រោង​ព្រាត​នៅ​តាម​ហាង​កាហ្វេ​ទូទាំង​ប្រទេស​និង​និទណ្ឌភាព​ជា​មូលហេតុ​ចម្បងៗ​នៃ​ការ​កើត​ឡើង​នៃ​អំពើ​នេះ។

លក ធន សារាយ មាន​ប្រសាសន៍​ដូច្នេះ ៖ «ការ​សម្រប​សម្រួល​ដោយ​បង្ខំ​ឲ្យ​ជន​រង​គ្រោះ​ទៅ​រស់​នៅ​ជាមួយ​ជន​ល្មើស​បន្ត​ទៅ​ទៀត គឺ​ជា​មូលហេតុ​ដ៏​សំខាន់​ដែល​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ទទួល​រង​នូវ​អំពើ​ហិង្សា​ជា​បន្ត​ទៅ​ទៀត។ អំពើ​រំលោភ​សេព​សន្ថវៈ​ទៅ​លើ​ស្រ្តី​និង​កុមារ​ពុំ​មាន​ការ​ថយ​ចុះ​ទាល់​តែ​សោះ​នៅ​ឆ្នាំ​២០០៩​នេះ។ ការ​ធ្លាក់​ចុះ​សីលធម៌​សង្គម ការ​ប្រើប្រាស់​ថ្នាំ​ញៀន ការ​ខ្វះ​ចន្លោះ​ក្នុង​ការ​គ្រប់គ្រង​វីដេអូ​អាសអាភាស​និង​និទណ្ឌភាព​ជា​មូលហេតុ​ចម្បងៗ​នៃ​ការ​កើត​ឡើង​អំពើ​នេះ»។

ក្នុង​ចំណោម​បទ​ល្មើស​រំលោភ​សេពសន្ថវៈ​ចំនួន​៤៦០​ករណី មាន​៦៦​ករណី​ត្រូវ​បាន​ធ្វើការ​សម្រុះ​សម្រួល​ជា​សំណង​រដ្ឋប្បវេណី​នៅ​ត្រឹម​ស្ថានីយ​ប៉ូលិស​ដោយ​មិន​បញ្ជូន​សំណុំ​រឿងទៅ​កាន់​តុលាការ​ដើម្បី​កាត់​ទោស​ជន​ល្មើស​នោះ​ទេ នេះ​បើ​យោង​តាម​របាយការណ៍​សមាគម​អាដហុក ធ្វើការ​ស៊ើប​អង្កេត​និង​អន្តរាគមន៍។

លោក ធន សារាយ បន្ត​ថា បទល្មើស​នៃ​ការ​រំលោភ​សេព​សន្ថវៈ​លើ​ស្ត្រី​និង​កុមារ ជា​ពិសេស​អនីតិជន​ពុំ​មាន​សញ្ញា​ថយ​ចុះ​ទាល់​តែ​សោះ​ទៅ​បណ្តា​ឆ្នាំ​ខាង​មុខៗ។ លោក​ឲ្យ​ដឹង​ថា ឆ្នាំ​២០០៩ បទ​ល្មើស​រំលោភ​សេព​សន្ថវៈ​កើត​មាន​លើ​ស្ត្រី​និង​កុមារ​មាន​៧៨,២% ខណៈ​ឆ្នាំ​២០០៨ កើត​មាន​ត្រឹម​តែ​៦៧% នៃ​ជន​រង​គ្រោះ​ទាំង​អស់។

លោក ទូច ណារ៉ុថ ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​ប្រសាសន៍​ថា ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​បទ​ល្មើស​​រំលោភ​សេព​សន្ថវៈ​ទៅ​លើ​ស្ត្រី​និង​កុមារ​ទទួល​បាន​លទ្ធផល​ល្អ សមត្ថកិច្ច​បាន​ធ្វើការ​រឹប​អូស​វីស៊ីឌី​អាសអាភាស​យក​ទៅ​បំផ្លាញ​ចោល​បាន​ជា​ច្រើន​ម៉ឺន​ឌីស មិន​តែ​ប៉ុណ្ណោះ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្ត​ល្មើស​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ឌីស​អាសអាភាស បិទ​ផ្ទះ​បន​ស្រី​ពេស្យាចារ​និង​ជន​ល្មើស​រំលោភ​ផ្លូវ​ភេទ​បញ្ជូន​ទៅ​កាន់​តុលាការ​បាន​ជា​ច្រើន​ករណី។

បទ​ល្មើស​​ផ្លូវ​ភេទ​ដែល​កើន​ឡើង​ច្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នៅ​កម្ពុជា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​បាន​ដាក់​ការ​​ស្តី​បន្ទោស​ទៅ​លើ​អំពើ​ពុករលួយ​និង​អសមត្ថភាព​ក្នុង​ការងារ​របស់​សមត្ថកិច្ច ព្រោះ​ថា សមត្ថកិច្ច​បាន​អនុញ្ញត្ត​ឲ្យ​ហាង​កាហ្វេ​ស៊ិច​កើត​មាន​ស្ទើរ​គ្រប់​​តំបន់​តាម​ខេត្ត-​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា​យ៉ាង​អនាធិបតេយ្យ ដោយ​មិន​មាន​ការ​បង្ក្រាប ឬ​ទប់​ស្កាត់​ឡើយ ផ្ទុយ​ទៅ​វិញ​សមត្ថកិច្ច​បាន​ឈរ​ជា​ខ្នង​បង្អែក​ក្នុង​ការ​ប្រកប​របរ​បើក​ហាង​កាហ្វេ​ស៊ិច​នេះ​ទៅ​វិញ ជាមួយ​ការ​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ម្ចាស់​ហាង​កាហ្វេ​ស៊ិច តាម​រយៈ​ការ​ដាក់​ខែ​ឬ​ប្រាក់​ប្រចាំ​ថ្ងៃ។

សមាគម​អាដហុក​បាន​ព្រួយ​បារម្ភ​ថា បទល្មើស​នៃ​ការ​រំលោភ​សេព​សន្ថវៈ​ទៅ​លើ​ស្រ្តី​និង​កុមារ នឹង​នៅ​តែ​បន្ត​កើន​ឡើង​​ទៅ​បណ្តា​ឆ្នាំ​ខាង​មុខ​បន្ត​ទៀត ប្រសិន​បើ​អាជ្ញាធរ​ខ្វះ​ចន្លោះ​ការ​គ្រប់​គ្រង់​វីដេអូ​អាសអាភាស​និង​និទណ្ឌភាព​នៅ​បន្ត​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្ត​ទៀត​នោះ៕

Spread The Love, Share Our Article

Related Posts

There are no related posts on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

There are no comments on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

Required

Will not be published. Required

Optional