កម្ពុជា​ប្រតិកម្ម​នឹង​ថៃ​ជុំវិញ​ដំណើរ​ទៅ​កាន់​ព្រំដែន

ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ, សេដ្ឋកិច្ច & នយោបាយ

ដោយ លី ម៉េងហួរ
អត្ថបទ RFI
ថ្ងៃទី 08/02/2010

ក្នុង​ថ្ងៃ​ទី​បី​នៃ​ដំណើរ​ទៅ​កាន់​តំបន់​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃ​ច័ន្ទ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រំដែន​ប្រាសាទ​តាមាន់​ធំ ដែល​ស្ថិត​ក្នុង​ខេត្ត​ឧត្តរមានជ័យ។ ក៏​ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី​មិន​បាន​ចូល​ទៅ​កាន់​ប្រាសាទ​តាមាន់​ធំ ដែល​ថៃ​ប្រកាស​ថា ស្ថិត​ក្នុង​ទឹកដី​របស់​ខ្លួន​នោះ​ទេ។

នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រាសាទ​ព្រះវិហារ (រូបថត៖សុវណ្ណារ៉ា)

នាយក រដ្ឋមន្រ្តី ហ៊ុន សែន ក្នុង ដំណើរ ទស្សនកិច្ច ទៅ ប្រាសាទ ព្រះវិហារ (រូបថត៖សុវណ្ណារ៉ា)

ក្នុង​សម្លៀក​បំពាក់​ជា​ទ័ព​ស្រួច​ពិសេស ពាក់​មួក​ក្រហម ខោអាវ​កងទ័ព​ពណ៌​ខ្មៅ លោក​នាយ​ឧត្តម​សេនីយ៍​ផុត​លេខ ផ្កាយ​មាស ៥ ហ៊ុន សែន ក្រៅ​តែ​ពី​សួរ​សុខទុក្ខ​កងទ័ព​កម្ពុជា នៅ​តំបន់​ព្រំដែន​ជិត​ប្រាសាទ​តាមាន់ នៅ​ថ្ងៃ​ច័ន្ទ ទី ៨​កុម្ភៈ លោក​នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​សារ​នយោបាយ ជា​ប្រតិកម្ម​ខ្លាំងៗ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​ថៃ អាប់ភីស៊ីត និង​ឧបនាយក​រដ្ឋមន្ត្រី​ថៃ ស៊ូថេប។

ថ្នាក់​ដឹកនាំ​ថៃ​ទាំង​ពីរ​នេះ​បាន​អត្ថាធិប្បាយ​ក្នុង​ទំព័រ​កាសែត​ថៃ កាល​ពី​ថ្ងៃ​អាទិត្យ ជុំ​វិញ​ដំណើរ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទៅ​កាន់​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ដែល​ចាប់ផ្តើម កាល​ពី​ថ្ងៃ ៦​កុម្ភៈ ឆ្នាំ ២០១០។ នោះ​គឺ​ថៃ​មិន​ដែល​ឈ្លានពាន​កម្ពុជា​ទេ។ ដី​ដែល​ថៃ​ឈរ​ជើង គឺ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ថៃ។

ក៏​ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​វាយបក​ទៅ​ថៃ​វិញ ដោយ​ហៅ​នាយក​រដ្ឋមន្ត្រី​ថៃ សព្វថ្ងៃ​ថា បាន​ឡើង​កាន់​តំណែង​ដោយសារ ការធ្វើ​រដ្ឋប្រហារ​ប្លន់​អំណាច។ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​តែ​ប្រកាស​ថា ដរាប​ណា ថៃ​មិន​ទាន់​ដក​កងទ័ព​ចេញ​ពី​វត្ត​កែវសិក្ខាគិរីស្វារៈ នៅ​ជាប់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា នោះ​រូប​លោក​នៅ​តែ​ហៅ​ថា ថៃ​ឈ្លានពាន​ប្រទេស​កម្ពុជា​ជានិច្ច។ កម្ពុជា​ក៏​មិន​អាច​មាន​ទំនាក់​ទំនង​ណា​ល្អ​ទៅ​កើត​ទេ ដរាប​ណា កងទ័ព​ឈ្លានពាន​ថៃ នៅ​បន្ត​ឈរ​ជើង​លើ​ទឹកដី​របស់​កម្ពុជា។

នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ ប្រតិកម្ម​លើ​ថ្នាក់​ដឹកនាំ និង​កាសែត​ថៃ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​បន្ថែម​ទៀត ដោយ​លោក​ប្រមុខ​ការទូត ហោ ណាំហុង។ លោក​ហោ ណាំហុង​ដែល​បាន​ចាត់ទុក​អត្ថាធិប្បាយ​របស់​ថ្នាក់​ដឹកនាំ និង​កាសែត​ថៃ​ថា ជា​ការភូតភរ និង​ធ្វើ​ឡើង​ដោយ​ឆោតល្ងង់ ដើម្បី​បំភាន់​មតិ​សាធារណៈ។ នោះ​គឺ នាយក​រដ្ឋមន្ត្រី​ថៃ​ដែល​ប្រកាស​ថា នឹង​យក​ដំណើរ​ទៅ​កាន់​ព្រំដែន​របស់​លោកហ៊ុន សែន ដើម្បី​ប្តឹង​ទៅ​កាន់​អង្គការ​យូណេស្កូ ក្នុង​បំណង​ទាមទារ​កាន់កាប់​ដី នៅ​ជិត​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មិន​បាន​ចូល​ទៅ​កាន់​ប្រាសាទ​តាមាន់​ធំ​ទេ ក្នុង​ដំណើរ ទៅ​កាន់​តំបន់​ព្រំដែន​នៅ​ជិត​នោះ។ លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណំាំហុង បាន​បន្ទោស​លើ​កាសែត​ថៃ ដោយ​ថា តាម​គម្រោង​លោក​នាយក​រដ្ឋមន្ត្រី​មិន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​នោះ​ឡើយ។ លោក​ហោ ណាំហុង ក៏​បាន​ទាត់​ចោល​ចំពោះ​ដំណឹង​ដែល​ថា មេទ័ព​កម្ពុជា​ទៅ​ចរចា​ជាមួយ​ថៃ ដើម្បី​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ចូល​ទៅ​ប្រាសាទ​តាមាន់ធំ​ដែល​កងទ័ព​ថៃ​កំពុង​ឈរ​ជើង។

ចំ​ពេល​វត្តមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​តំបន់​ព្រំដែន​នោះ ថៃ​ក៏​បាន​ហាម​មិន​ឲ្យ​កងទ័ព​កម្ពុជា​ចូល​ទៅ​ដើរ​ល្បាត ដូច​សព្វដង​ឡើយ។ ម្យ៉ាងទៀត ក៏​មាន​ក្រុម​អាវ​លឿង​ថៃ ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទី​នោះ​ដែរ។

ក្រសួង​ការបរទេស​កម្ពុជា​ក៏​បាន​ចេញ​ប្រកាស​មួយ​ភ្លាម នៅ​ច័ន្ទ ទី ៨កុម្ភៈ ដោយ​ភ្ជាប់​ជាមួ​យ​នឹង​សារ​លិខិត​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ហោ ណាំហុង ដែល​បាន​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ការបរទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៤​សីហា ឆ្នាំ​២០០៨។ កម្ពុជា​ប្រកាស​ប្រាប់​ថៃ​ថា ប្រជុំ​ប្រាសាទ​តាមាន់ នៅ​ជួរ​ភ្នំ​ដងរែក ក្នុង​ខេត្ត​ឧត្តរ​មានជ័យ​រួម​មាន៖ ប្រាសាទ​តាមាន់ធំ និង​ប្រាសាទ​តាមាន់​តូច មាន​ទីតាំង ក្នុង​ដែនដី​ប្រទេស​កម្ពុជា។ នេះ​បើ​ផ្អែក​លើ​ផែនទី និង​ការបោះ​បង្គោល​ខណ្ឌ​សីមា សម័យ​បារាំង​សៀម ឆ្នាំ១៩០៨៕

Spread The Love, Share Our Article

Related Posts

There are no related posts on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

  1. Tor Feb 9, 2010

    I hope he will do the same thing at Khmer Vietnam border. Why not?

  2. jongret khmao Feb 9, 2010

    Prasat Ta Mouan Thom, Ta Mouan Touch were inside cambodian territory, it’s very hard to fight for right now, we should have done something during Pol Pot’s time, we should allow Khmer rouge stay and occupy the Temples…

សរសេរបញ្ចេញមតិរបស់អ្នក

Required

Will not be published. Required

Optional