ការចរចា​ដំឡើង​ប្រាក់ខែ​កម្មករ​មិន​បាន​ជោគជ័យ

ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ, សេដ្ឋកិច្ច & នយោបាយ

ដោយ លាង ដឺលុច
អត្ថបទ RFI
ថ្ងៃទី 08/02/2010

គណកម្មការ​ក្រុម​ប្រឹក្សា​ការងារ​បាន​ជួប​ប្រជុំ​គ្នា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ហើយ​ដើម្បី​ពិភាក្សា​គ្នា​អំពី​លទ្ធភាព​នៃ​ការដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​កម្មករ​កាត់ដេរ​ចំនួន ៩៣​ដុល្លារ ដែល​ស្នើ​ដោយ​ក្រុម​សហជីព​កម្មករ។ ជា​ការពិភាក្សា​បែប​តឹងតែង​ដោយសារ​តែ​ភាគី​តំណាង​និយោជក​បាន​បង្ហាញ​ជំហរ​មិន​សុទិដ្ឋិនិយម។ ទោះ​យ៉ាងណា ការចរចា​នឹង​ត្រូវ​កំណត់​រៀបចំ​ឡើង​សារ​ជា​ថ្មី​ទៀត។

កម្មការនី​កាត់ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា (រូបថត៖លាង ដឺលុច)

កម្មការនី កាត់ដេរ នៅ ក្នុង ប្រទេស កម្ពុជា (រូបថត៖លាង ដឺលុច)

មិន​ទាន់​មាន​លទ្ធផល​ល្អ​នៅ​ឡើយ ចេញ​ពី​ការកិច្ចប្រជុំ​ចរចា​ដំឡើង​ប្រាក់ខែ​អោយ​កម្មករ​កាត់ដេរ​អោយ​បាន​ដល់ ៩៣​ដុល្លារ​ដែល​ស្នើ​ដោយ​ក្រុម​សហជីព​តំណាង​កម្មករ​នោះ។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ៨​កុម្ភៈ​នេះ គណៈកម្មការ​ក្រុម​ប្រឹក្សា​ការងារ​ដែល​រួម​មាន​សមាសភាព​មក​ពី​ក្រសួង​ដែល​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល តំណាង​ថៅកែ​រោងចក្រ និង​តំណាង​កម្មករ​រោងចក្រ​បាន​បើក​ការប្រជុំ​ដើម្បី​និយាយ​អំពី​លក្ខខណ្ឌ​ការងារ​របស់​កម្មករ។ គណៈកម្មការ​ក្រុម​ប្រឹក្សា​ការងារ​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក​វង សូត​បាន​ពិភាក្សា​គ្នា​អំពី​ការសុំ​ដំឡើង​ប្រាក់​បៀវត្សរ៍​របស់​កម្មករ​អោយ​ដល់ ៩៣​ដុល្លារ​ដែល​ស្នើ​ដោយ​ក្រុម​សហជីព​តំណាង​កម្មករ។

លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ដែល​មាន​វត្តមាន នៅ​ក្នុង​កិច្ចប្រជុំ​នោះ បាន​បញ្ជាក់​អោយ​ដឹង​ថា ក្រុម​តំណាង​ថៅកែ​រោងចក្រ​មិន​បាន​បង្ហាញ​ជំហរ​សប្បាយ​ចិត្ត​ចំពោះ​ការទាមទារ​របស់​ក្រុម​សហជីព​កម្មករ​ទេ ដោយ​ពួកគេ​សំអាង​ថា ក្នុង​កាលៈទេសៈ​នេះ គឺ​ពិភពលោក​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច។ ហើយ​ថា របាយការណ៍​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ដែល​ចេញ​ផ្សព្វផ្សាយ កាល​ពី​ពេល​ថ្មី អំពី​ជីវភាព​រស់នៅ​របស់​កម្មករ​កាត់ដេរ​នោះ មិន​បាន​តំណាង​អោយ​ស្ថានភាព​របស់​កម្មករ​ទូទៅ នៅ​តាម​បណ្តា​ខេត្ត​ដែល​គេ​អាច​រស់​នៅ​ជាមួយ​នឹង​ប្រាក់​បច្ចុប្បន្ន​នោះ​ឡើយ នេះ​បើ​តាម​ការរៀបរាប់​របស់​លោក​អាត់ ធន។

លោក​អាត់ ធន​បាន​ពន្យល់​អោយ​ដឹង​ថា ការស្នើ​សុំ​របស់​សហជីព​តំណាង​កម្មករ អោយ​កម្មករ​ទទួល​បានប្រាក់វត្សរ៍​អោយ​ដល់ ៩៣​ដុល្លារ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យោងទៅ​លើ​របាយការណ៍​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ដែល​បាន​ផ្សាយ​ថា កម្មករ​ដែល​អាច​មាន​ជីវភាព​រស់នៅ​សមរម្យ​បាន ត្រូវ​មាន​ប្រាក់​បៀវត្សរ៍​ចន្លោះ​ពី ៩៣ ទៅ ១២០​ដុល្លារ។ លោក​អាត់ ធន​បាន​បន្ត​ថា ការផ្តើម​គំនិត​ក្នុង​កា​ស្នើ​សុំ​តំឡើង​ប្រាក់​បៀវត្សរ៍​ជូន​កម្មករ​កាត់ដេរ គឺ​ដោយសារ​តែ​មាន​ការពិនិត្យ​ឃើញ​ថា ជាមួយ​នឹង​ប្រាក់​បៀវត្សរ៍​របស់​ពួកគេ សព្វថ្ងៃ​ដែល​មាន​រវាង​ពី ៥០ទៅ​ជាង ៦០​ដុល្លារ​នោះ ពួកគេ​មិន​អាច​ចាយវាយ​គ្រប់គ្រាន់​សំរាប់​អាហារ និង​ការស្នាក់នៅ​ក្នុង​កន្លែង​ដែល​មាន​បរិស្ថាន​សមរម្យ​នោះឡើយ។

ទោះ​យ៉ាងណា​ក៏​ដោយ លោកអាត់ ធន​បាន​អះអាងថា គណៈកម្មការ​ក្រុម​ប្រឹក្សា​ការងារ​នឹង​ណាត់ជួប​គ្នា​បន្ត​ការចរចា នៅ​ពេល​ក្រោយ​បន្ត​ទៀត​លើ​សំណើ​សុំ​ដំឡើង​បៀវត្សរ៍​កម្មករ​នេះ៕

Spread The Love, Share Our Article

Related Posts

There are no related posts on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

There are no comments on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

Required

Will not be published. Required

Optional