ហ៊ុនសែន៖ កម្ពុជា​មាន​ទីផ្សារ​តែ​អត់​ផលិតផល​លក់

ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ, សេដ្ឋកិច្ច & នយោបាយ

ដោយ គី សុខលីម
អត្ថបទ RFI
ថ្ងៃទី 08/02/2010

បើ​ទោះ​បី​ជា​ការនាំ​ចេញ​របស់​ប្រទេស​កម្ពុជា​មាន​ការកើន​ឡើង​ជា​លំដាប់​ក្តី ប៉ុន្តែ​ប្រទេស​ក្រីក្រ​មួយ​នេះ​នៅ​តែ​ប្រឈម​មុខ​នឹង​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម​ដដែល។ តួលេខ​បាន​បង្ហាញថា កម្ពុជា​នៅ​បន្ត​ធ្វើការ​នាំចូល​ធំ​ជាង​ការនាំចេញ​១៦០០​លាន​ដុល្លារ​អាមេរិក។

ផលិតករ​ដែល​ដាក់​លក់​ទំនិញ​របស់​ខ្លួន​នៅ​ក្នុង​ពេល​មាន​ពិធី​តាំង​ពិព័រណ៍ (រូបថត៖សុវណ្ណារ៉ា)

ផលិតករ ដែល ដាក់ លក់ ទំនិញ របស់ ខ្លួន នៅ ក្នុង ពេល មាន ពិធី តាំង ពិព័រណ៍ (រូបថត៖សុវណ្ណារ៉ា)

លោក​ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា​បាន​ផ្តល់​មេរៀន​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដល់​មន្ត្រី​រាជការ​ក្រោម​ឱវាទ កាល​ពី​សប្តាហ៍​មុន​នៅក្នុង​ពិធី​សម្ពោធ​អាគារ​ថ្មី​នៃ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម។ ការធ្វើ​អត្ថាធិប្បាយ​របស់​លោក​ហ៊ុន សែន​លើ​បញ្ហា​ពាណិជ្ជកម្ម​បាន​ធ្វើ​ឡើង ក្នុង​ខណៈពេល​ដែល​ប្រទេស​កម្ពុជា​បាន និង​កំពុង​ប្រឈមមុខ​ទៅ​នឹង​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម​មានន័យ​ថា ប្រទេស​ក្រីក្រ​កម្ពុជា​នៅ​តែ​បន្ត​នាំចូល​ច្រើន​ជាង​ការនាំចេញ។

របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​អោយ​ដឹង​ថា នៅ​ឆ្នាំ​២០០៩​កន្លង​មក​ការនាំចូល​មាន​ចំនួន​ទឹកប្រាក់​ប្រមាណ​ជា​៥២០០​លាន​ដុល្លារ​អាមេរិក។ រីឯ​ការនាំចេញ​ផលិតផល​ក្នុង​ស្រុក​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស​នៅ​ឆ្នាំ ២០០៩​កន្លង​មក​មាន​ចំនួន​ទឹកប្រាក់​ប្រមាណ​ជា ៣៦០០​លាន​ដុល្លារ​អាមេរិក​ពោល​គឺ ប្រទេស​កម្ពុជា​មាន​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម​១៦០០​លាន​ដុល្លារ​អាមេរិក។

ជា​ការពិត​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ការនាំចេញ​របស់​កម្ពុជា​មាន​ការកើន​ឡើង​ជា​លំដាប់​មែន ប៉ុន្តែ​ការនាំចូល​ក៏​ចេះ​តែ​កើន​ឡើង​ដែរ ដោយសារ​តម្រូវការ​ក្នុង​ស្រុក​មាន​ទំហំ​កើន​ឡើង។ ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ជា​រៀងរាល់​ឆ្នាំ​បាន​នាំចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​ច្រើន​ជាង​ប្រទេស​កម្ពុជា​នាំចេញ​ទៅ​វិញ។ ដោយ​មើលឃើញ​ចំនុច​ខ្សោយ​របស់​កម្ពុជា​យ៉ាង​ដូច្នេះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ជំរុញ​អោយ​អ្នកពាក់ព័ន្ធ​ទាំងអស់​បង្កើន​សមត្ថភាព​ផលិត បង្កើន​សមត្ថភាព​នាំចេញ​ក្នុង​គោលដៅ​កាត់បន្ថយ​ឱនភាព​សេដ្ឋកិច្ច។

ការនាំចេញ​អាច​ជា​ការនាំចេញ​នៅ​នឹង​កន្លែង និង​ការនាំចេញ​ទៅ​ក្រៅ​ប្រទេស។ ការនាំចេញ​នៅ​នឹង​កន្លែង​ត្រូវ​បាន​លោក​ហ៊ុន សែន​ពន្យល់​ថា គឺ​ជា​ការផ្គត់ផ្គង់​ទៅ​ដល់​សណ្ឋាគារ​នៅ​ក្នុង​ស្រុក​នូវ​ផលិតផល​កសិកម្ម​មួយ​ចំនួន​ដូចជា​បន្លែ​សាច់។ល។

នា​ពេល​កន្លង​មក សណ្ឋាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទិញ​ទំនិញ​មក​ពី​ប្រទេស​ថៃ ឬ​វៀតណាម​ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់ខ្លួន។ ជា​រៀងរាល់​ឆ្នាំ សណ្ឋាគារ​ក្នុង​ស្រុក​ត្រូវ​ចំណាយ​ថវិកា​ច្រើន​លាន​ដុល្លារ​អាមេរិក​ដើម្បី​ទិញ​ទំនិញ​សម្រាប់​ផ្គត់ផ្គង់​ជូន​ដល់​ភ្ញៀវ​ទេសចរ​បរទេស​ជាង​២​លាន​នាក់។

លោក​ហ៊ុន សែន​បាន​ផ្តល់​អនុសាសន៍​ជំរុញ​អោយ​ស្ថាប័ន​ទាំងឡាយ​ធ្វើការ​កែច្នៃ​ផលិតផល​កសិកម្ម​មុន​នឹង​ធ្វើការ​នាំចេញ។ ការធ្វើ​យ៉ាងនេះ​បង្ក​លក្ខណៈ​អោយ​ប្រទេស​កម្ពុជា​អាច​ចំណេញ​បាន​តម្លៃ​បន្ថែម។ លោក​ប្រមុខ​រាជរដ្ឋាភិបាល​បាន​លើក​ឧទាហរណ៍​មក​បញ្ជាក់​ថា ប្រទេស​កម្ពុជា​មាន​ស្រូវ​នៅ​សល់​ជាង ៣​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ ប៉ុន្តែ​ការនាំចេញ​ពិត​ប្រាកដ​នៅ​មិន​ទាន់​ធ្វើ​បាន​ល្អ​នៅ​ឡើយ​ទេ។

ស្រូវ​មួយ​ផ្នែក​ត្រូវ​បាន​គេ​នាំចេញ​ទៅ​ប្រទេស​ថៃ និង​មួយ​ផ្នែក​ទៀត​ត្រូវ​បាន​គេ​នាំចេញ​ទៅ​ប្រទេស​វៀតណាម។ ការនាំចេញ​ស្រូវ​ដុល​យ៉ាង​ដូច្នេះ ត្រូវ​បាន​លោក​ហ៊ុន សែន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​បាត់បង់​ការងារ បាត់បង់​កន្ទក់ បាត់បង់​ចុងអង្ករ និង​បាត់បង់​អង្កាម​ជាដើម។

លោក​ហ៊ុន សែន​សម្តែង​ការសោកស្តាយ​ថា ប្រទេស​កម្ពុជា​មាន​ស្រូវ​សល់​ច្រើន​មែន ប៉ុន្តែ​កង្វល់​របស់​កម្ពុជា​គឺ កង្វះ​ថវិកា​ទិញ​ស្រូវ អត់​ម៉ាស៊ីន​កិនស្រូវ អត់​ឃ្លាំង​ស្តុកស្រូវ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ៉យើងមាន​មាស​ប៉ុន្តែ​យើង​អត់​ក្រដាស់​ខ្ចប់៉។
ឯាកមក​និយាយ​អំពី​ការនាំចេញ​ទំនិញ​ទូទៅ​វិញ អ្នកសេដ្ឋកិច្ច​មួយ​ចំនួន​បាន​និយាយ​ថា ប្រទេស​កម្ពុជា​បាន​នាំចេញ​ក្នុង​ទំហំ​ទឹកប្រាក់ ៣៦០០​លាន​ដុល្លារ​មែន​នៅ​ឆ្នាំ​២០០៩​កន្លងមក​នេះ ប៉ុន្តែ​ផលិតផល​សម្លៀកបំពាក់​តំណាង​អោយ​ជាង​ពាក់​កណ្តាល​នៃ​ទឹកប្រាក់​នាំចេញ​ទាំងអស់។ ក្រៅ​អំពី​ទំនិញ​សម្លៀកបំពាក់ ប្រទេស​កម្ពុជា​បាន​ធ្វើការ​នាំចេញ​ផលិតផល​កសិកម្ម​មួយ​ចំនួន ប៉ុន្តែ​ក្នុង​បរិមាណ​តិចតួច​បំផុត។ លោក​នាយក​រដ្ឋមន្ត្រី​បាន​ទទួល​ស្គាល់​ថា បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន​ទីផ្សារ ប៉ុន្តែ កម្ពុជា​ខ្វះ​ទំនិញ​សម្រាប់​ធ្វើការ​នាំចេញ។

ប្រទេស​កម្ពុជា​មាន​ទីផ្សារ​ច្រើន​មែន​ក្នុងនាម​ជា​សមាជិក​អាស៊ាន និង​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ប៉ុន្តែ​ប្រទេស​ក្រីក្រ​មួយ​នេះ​មាន​កម្លាំង​ផលិត​ផលិតកម្ម​ខ្សោយ​ណាស់។

បញ្ហា​តម្លៃ​ទឹក​ភ្លើង បញ្ហា​តម្លៃ​ទូរគមនាគមន៍​ខ្ពស់ បញ្ហា​កង្វះខាត​អ្នកជំនាញ​ក្នុង​ផលិតកម្ម និង​បញ្ហា​រំខាន​កេះកៀវ​ពី​សំណាក់​អាជ្ញាធរ​មួយ​ចំនួន គឺ​ជា​ឧបសគ្គ​នៃ​ការផលិត​នៅ​ក្នុង​ប្រទេស​កម្ពជា៕

Spread The Love, Share Our Article

Related Posts

There are no related posts on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

There are no comments on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

Required

Will not be published. Required

Optional