ដោយ : សេសាន
ថ្ងៃទី 12 កុម្ភៈ 2010
CEN
កោះកុង: ផ្ទះសំណាក់លំហែកាយចំនួន ១៣ ខ្នង ក្នុងចំណោម ៣០ ខ្នង ដែលរៀបចំកសាងឡើងដោយសហគមន៍ព្រៃកោងកាងបាងកាយ៉ាក មានចម្ងាយប្រមាណ ៧ គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងខេមរភូមិន្ទ ខេត្តកោះកុង នឹងបើកបំរើជូនភ្ញៀវទេសចរឱ្យចូលស្នាក់នៅកំសាន្តជាបណ្តោះអាសន្ននាឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ។
លោក ឡង ម៉ាញ់ មន្ត្រីសហគមន៍បាងក្រយ៉ាក បានប្រាប់អ្នកកាសែតនៅរសៀលថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១០នេះថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ ដែលមានបំណងស្នាក់នៅក្នុងរមណីយដ្ឋានព្រៃកោងកាង ដើរទស្សនាសត្វអំពិលអំពែក នាពេលរាត្រី សហគមន៍បានរៀបចំផ្ទះសំណាក់លំហែកាយចំនួន ១៣ ខ្នង ដែលបានស្ថាបនា និងបំពាក់សម្ភារៈរួចកាលពីពេលថ្មីៗនេះ សំរាប់បំរើជូនដោយគិតក្នុងតម្លៃសមរម្យ ។
លោក ឡង ម៉ាញ់ បានរៀបរាប់ឱ្យដឹងថា ផ្ទះសំណាក់លំហែកាយបានកសាងឡើងតាមរបៀបម៉ូតែលដោយផ្ទះនីមួយៗនៅដាច់ពីគ្នា ខ្លះមាន ១ បន្ទប់ ខ្លះមាន ២ បន្ទប់ សង់ឡើងនៅលើផ្ទៃទឹក តាមចន្លោះដើមកោងកាង បន្ទប់នីមួយៗបំពាក់ដោយម៉ាស៊ីនត្រជាក់ ទូរទឹកកក និងទូរទស្សន៍ជាដើម ។ ការស្នាក់នៅទីនេះ ក្រៅពីទទួលបាននូវភាព ស្ងប់ស្ងាត់ភ្ញៀវទេសចរក៏អាចក្រេបយកខ្យល់អាកាសដ៏បរិសុទ្ធនាពេលរាត្រី ជាពិសេសនឹងបានស្វែងយល់ពីជីវិតពិតរបស់បងប្អូនប្រជានេសាទយើងថែមទៀតផង ។ លោកបានបញ្ជាក់ថា ផ្ទះសំណាក់លំហែកាយខាងលើ កសាងឡើងតាមស្តង់ដា មានប្រព័ន្ធទឹកភ្លើង ធានាបានទាំងសោភណភាព និងអនាម័យបរិស្ថាន ។
លោក ជុត ទិត មេឃុំពាមក្រសោប និងជាប្រធានសហគមន៍ព្រៃកោងកាងបាងកាយ៉ាក ធ្លាប់បានប្រាប់អ្នកកាសែតថា ដោយមានការចូលរួមពីសំណាក់ដៃគូរឯកជន សហគមន៍បានកសាងឡើងនៅផ្ទះសំណាក់លំហែកាយចំនួន ៣០ ខ្នង ទីធ្លាសំរាប់ចតរថយន្ត ហាងលក់ទំនិញ និងភោជនីយដ្ឋានដ៏ទំនើបមួយផងដែរ សំរាប់ឆ្លើយតបនូវតម្រូវការចាំបាច់របស់ភ្ញៀវ ។
លោកប្រធានសហគមន៍បាងកាយ៉ាក បានបន្តថា នៅថ្ងៃធម្មតា រមណីយដ្ឋានបានទទួលភ្ញៀវទេសចរមកលេងកំសាន្តពី ៦០-១០០ នាក់ ដោយឡែកនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចំនួនភ្ញៀវបានកើនឡើងពី ១៥០-២០០ នាក់ ហើយសង្ឃឹមថា កំណើនភ្ញៀវនឹងកើនឡើងដល់រាប់ពាន់នាក់នៅក្នុងឱកាសបុណ្យចូលឆ្នាំចិននាពេលដ៏ខ្លីខាងមុខនេះ ។ លោក ជុត ទិត បានបន្តទៀតថា ផ្ទះសំណាក់លំហែកាយទាំង ៣០ ខ្នងខាងលើ តាមគំរោងនឹងធ្វើឱ្យហើយរួចរាល់ជាស្ថាពរនៅក្នុងខែមិនាខាងមុខនេះ ហើយសហគមន៍ក៏នឹងធ្វើការគោរពអញ្ជើញលោករដ្ឋមន្ត្រីក្រសួងទេសចរឱ្យមកចូលរួមធ្វើជាអធិបតីក្នុងពិធីសម្ពោធផងដែរ ៕



I been there before , but i don’t think i have to stay in that small house either. It was a quiet place, Kongkang trees, water that all, so stay in Hotel at dowtown along the river is the best choice because they have everything you need.
so this place is good for the nature lovers, anyone wanted to experience themself into the nature please, go to the Bangkraya guest house in koh kong province that is the only place in Cambodia. My request is either price or services have to be reasonable for all travelers.