((កោះឯករាជ្យ))
ខេត្ដកោះកុង ៖ ប្រភពច្បាស់ការណ៍បានឱ្យដឹងថា មានមន្ដ្រី៩រូបនៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្ដកោះកុង បានចោមរោមប្ដឹងលោកង៉ែត ឡឹង ជាប្រធានរបស់ខ្លួនទៅរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដោយចោទប្រកាន់នូវ៣ចំណុចធំៗ ដែលតាមពិនិត្យមើលទៅមិនមែនជារឿងធម្មតាឡើយ ។លិខិតជាពាក្យបណ្ដឹងនោះ ចុះថ្ងៃទី៩ ខែ មករា ឆ្នាំ២០១០ ដោយមានមន្ដ្រី៩រូបជាអ្នកចោទប្រកាន់ បានផ្ដិតមេដៃផងដែរដែលកោះសន្ដិភាពគិតថា ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ប្រាកដជាបានដឹងរួចហើយព្រមទាំងបានជួយធ្វើឱ្យលោកង៉ែត ឡឹង ញញឹមបាត់ភ័យបាត់ព្រួយបារម្ភផងដែរ។ ប៉ុន្ដែវាទៅឈឺចាប់មន្ដ្រី៩រូបដែលជាអ្នករាយការណ៍ទៅវិញដែលពួកគេ និយាយថា “កោកៗសឹកតែមាត់ត្រដោក ទៅឆ្អែតពោះ ក្របីទៅវិញ” ។គួរកត់សំគាល់ថា ដោយសារតែពាក្យ បណ្ដឹងវែងអន្លាយពេក ក្នុងចំណោមពាក្យ ចោទប្រកាន់៣ចំណុចធំៗនេះវែងអន្លាយពេក យើងសំរេចយកចំណុចទី៣ មកផ្សាយជាបឋមសិន ព្រោះចំណុចនេះហើយដែលមន្ដ្រី ក្រោមឱវាទចុចចំពេក ដែលក្រុមអ្នកតាមដានគិតថាមិនអាចរើបំរះរួចឡើយ ។
ចំណុចទី៣ ក្រោមចំណងជើងថា “ការងារគ្រប់គ្រងនឹងប្រើប្រាស់ថវិកា គឺគ្មានតម្លាភាព ស៊ីដាច់តែឯង” ដូចជា ៖
ក-ថវិកាសំរាប់ជួលអគារឱ្យសាកលវិទ្យាល័យ UME តាំងពីខែសីហា ឆ្នាំ២០០៨ រហូត មកដល់ពេលនេះ មានរយៈពេល១៨ខែ (ក្នុង ១ខែឈ្នួល៤០០ដុល្លារ) សរុប៧.២០០ដុល្លារ មិនដឹងបាត់ទៅណាទេ សូមជួយរកផង ។
ខ-ថវិការជ្ជទេយ្យចំនួន៤៦៣ លានរៀល ដក៨ជុំអស់ ប៉ុន្ដែមន្ដ្រី និងបុគ្គលិកអប់រំ ឧទាហរណ៍ដូចជាប្រេងសាំង, ប្រេងរំអិលមិន ដែលបានមួយលីត្រសោះ សំភារផ្គត់ផ្គង់ផ្នែក រដ្ឋបាល គឺមានតែក្រដាសរ៉ាម, ប៊ិចបន្ដិចបន្ដួច តែប៉ុណ្ណោះ ។
គ-ថវិកាសេវាខាងក្រៅ (ឧទាហរណ៍ ការថែទាំ និងជួសជុល) ៦១០លានរៀល មិន ដឹងជាធ្វើអ្វីខ្លះក៏អស់ ។
ឃ-ថវិកា លទ្ធកម្ម៦០០លានរៀល ធ្វើ មន្ទីរអប់រំ (បានតែការិយាល័យផ្ទាល់ដី២ បន្ទប់, បង្គន់៦បន្ទប់, រោងឡាន១, របង ប្រវែង៤០៨ម៉ែត្រ និងចាក់ដីពីមុខខ្លះៗ ហើយដេញថ្លៃតែម្នាក់ឯង ជាមួយជាងអ្នកធ្វើ មន្ដ្រីមន្ទីរ.អយក.ខេត្ដគ្មានអ្នកណាម្នាក់ដឹង ទេ) ។
ង- ថវិកាសេវាផ្សេងៗ១៩០លានរៀល មិនដែលឃើញទទួលភ្ញៀវឱ្យបានអធិកអធម ការរៀបចំធ្វើបុណ្យជាតិមិនដែលមានរៀងចំ ធ្វើធំដុំ, របបបេសកកម្មសោហ៊ុយធ្វើដំណើរ និងសោហ៊ុយស្នាក់នៅរបស់មន្ដ្រីមន្ទីរមិន ដែលបានទេ ព្រោះពេលចុះទៅធ្វើការតាម ស្រុកប្រើតែថវិកា ភព មួយថ្ងៃតែ២៣.០០០ រៀលតែប៉ុណ្ណោះ នៅស្រុកឆ្ងាយៗទៀត តើ ថវិកាទាំងអស់នោះបាត់ទៅណាអស់!
ច-ថវិកាផ្សេងៗ ជាពិសេសការងារកីឡា ១២០លានរៀល ដកបានអស់ហើយ ប្រើអស់ តែ៥០លានរៀល នៅសល់៧០លានរៀល ទៀត ដល់ពេលទៅប្រកួតយកពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន នៅខេត្ដកែប ហើយ សួររកប្រាក់ដែលនៅសល់ លោកង៉ែត ឡឹង បាននិយាយថា យកទៅសងថ្លៃបាយគេអស់ ហើយ! ត្រូវខ្ចីគេទៅ ទើបបាន!
ជ-ថវិកា របស់គ្រូថ្មី បឋម និងមធ្យម ចេញឆ្នាំ២០០៩ មិនបានទទួលសោហ៊ុយធ្វើ ដំណើរ និងសំភារស្នាក់នៅទេ (ជំនាន់មុនបាន ទទួលក្នុងម្នាក់ៗ៥០០ពាន់រៀល) ។
ញ-ថវិកាឧបត្ថម្ភកម្មករអណ្ដែត ៥នាក់ ក្នុងម្នាក់ៗ១៣០.៦០០រៀល បាត់កម្មករ២ នាក់មិនឃើញ ។
ដ- ថវិកាសំរាប់មន្ដ្រីមានជំងឺក៏ដកយក អស់គ្មានបានឧបត្ថម្ភមន្ដ្រីណាម្នាក់ឡើយ ។
យើងខ្ញុំសូមគោរពជូនលោករដ្ឋមន្ដ្រីមេត្ដាជ្រាប ថា ៖ រាល់ឯកសារស្ទើរតែទាំងអស់សុទ្ធ តែក្លែងក្លាយ បំពេញសក្ខីបត្រគ្រប់គ្រាន់ ដោយបង្ខំឱ្យមន្ដ្រីការិយាល័យមួយចំនួនចុះ ហត្ថលេខាទាំងគ្មានបានឃើញសំភារ ។ល។
ជួបជាមួយលោកង៉ែត ឡឹង ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្ដ តាមទូរស័ព្ទថ្ងៃទី ១៦ កុម្ភៈ លោកបានបំភ្លឺយ៉ាងខ្លីថា ខាង អធិការកិច្ចក្រសួងបានចុះមកស្រាវជ្រាវមួយ លើកជាពីរលើករួចហើយ ។ លោកង៉ែត ឡឹង និយាយថា លោកគ្មានកំហុសទេ ម្ល៉ោះហើយ លោកអត់មានភ័យព្រួយរឿងពាក្យចោទ ប្រកាន់នេះឡើយ ។ចំណែកមន្ដ្រីនៅក្នុងមន្ទីរបាននិយាយថា គេឃើញថ្នាក់លើចុះមកស្រាវជ្រាវមែន ប៉ុន្ដែ មន្ដ្រី៤រូបដែលចុះមកត្រួតពិនិត្យតាមពាក្យ បណ្ដឹងនោះ ហាក់ដូចជាមកស្រុះស្រួលជា មួយគ្នាទៅវិញ មិនបានសួរនាំម្ចាស់បណ្ដឹង សោះ មកស្រាវជ្រាវត្រូវដងត្រូវផ្លែគ្នា ដែល កាន់តែធ្វើឱ្យមន្ដ្រីដែលដឹងរឿងអាក្រក់ទាំង នោះកាន់តែក្ដៅក្រហាយឡើងៗ ព្រមទាំង និយាយថា ពួកគេពុករលួយពីក្រោមទៅដល់ លើថែមទៀត ។
កោះសន្ដិភាពគ្រាន់តែជាអ្នកនាំពាក្យ ប៉ុណ្ណោះ មិនធ្វើការចោទប្រកាន់បែបណា ឡើយ ។ ពោលគឺ បើគេនាំគ្នាត្រួតពិនិត្យ ឃើញសាច់ការ ឬសាច់គោនោះ វាជាសិទ្ធិ អំណាចរបស់ពួកគេទៅចុះ ។ យើងមិនចង់ឱ្យ គេពោលថា “កោកៗសឹកតែមាត់ត្រដោក ទៅឆ្អែតពោះគោ ពោះក្របីឡើយ” ។កោះសន្ដិភាពយល់ឃើញថា ដើម្បីធ្វើឱ្យ មន្ដ្រី៩រូបជាម្ចាស់ពាក្យបណ្ដឹងបានអស់ចិត្ដ គួរតែបង្វែររឿងនេះទៅជូនអាជ្ញាធរសវន កម្មជាតិ ធ្វើការត្រួតពិនិត្យជាថ្មី តើលោក ង៉ែត ឡឹង មានកំហុសដូចការចោទប្រកាន់ មែនឬអត់? បើឱ្យមន្ដ្រីក្រោមឱវាទក្រសួង ចុះទៅស្រាវជ្រាវ ដូចបានស្រាវជ្រាវកន្លងមក គេលែងជឿហើយ ។
សូម បញ្ជាក់ថា នៅមានសេសសល់ច្រើន ចំណុចទៀត ដែលកោះសន្ដិភាពនឹងចុះផ្សាយ នៅពេលក្រោយ … ចាំមើលតើអធិការកិច្ច របស់ក្រសួងរកឃើញដែរឬអត់..?
សរសេរបញ្ចេញមតិរបស់អ្នក
សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។
There are no comments on this entry.