ដោយ លី ម៉េងហួរ (rfi)

កម្មករ កាត់ដេរ កម្ពុជា កំពុង ប្រឈម មុខ នឹង ភាពអត់ការងារ ធ្វើ នៅ ពេល រោងចក្រ បិទ ទ្វារ (រូបថត៖ សុវណ្ណារ៉ា)
រោងចក្របិទទ្វារ និងការបាត់បង់ការងារក្នុងវិស័យវាយនភណ្ឌកាត់ដេរ នៅឆ្នាំ២០០៩ កន្លងមក ត្រូវបានគេបន្ទោសលើវិបត្តិសេដ្ឋកិច្ច។ វិបត្តិសេដ្ឋកិច្ចបាននាំដល់ការធ្លាក់ចុះ នៃការនាំចេញសម្លៀកបំពាក់កាត់ដេរកម្ពុជា។
រដ្ឋលេខាធិការក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកអ៊ុំ មាន បានលើកឡើងថា ទន្ទឹមនឹងមានការបិទទ្វាររោងចក្រចំនួន ១០៦ នៅឆ្នាំកន្លងទៅ ក៏មានរោងចក្រចំនួន ៦៦បានផ្អាកប្រតិបត្តិការដែលធ្វើឲ្យកម្មករកាត់ដេរ ៣៨.១២៤នាក់ត្រូវបានព្យួរការងារ ជាបណ្តោះអាសន្ន។ ក៏ប៉ុន្តែ ក្នុងពេលដំណាលគ្នានោះ ក៏មានរោងចក្រចំនួន ៤៨បានបើកថ្មី និងស្រូបយកកម្មករប្រមាណ ១៦.៨៨៦នាក់ឲ្យចូលធ្វើការឡើងវិញ។
វិស័យកាត់ដេរបាននាំនូវចំណូលដ៏សំខាន់ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ បន្ទាប់ពីវិស័យទេសចរណ៍ វិនិយោគ និងសំណង់។ ក៏ប៉ុន្តែ នៅឆ្នាំ២០០៩កន្លងមក ការនាំចេញសម្លៀកបំពាក់បំពាក់កាត់ដេរ និងផលិតស្បែកជើងរបស់កម្ពុជាមានតម្លៃត្រឹមតែ ២.៣ពាន់លានដុល្លារប៉ុណ្ណោះ គឺទាបជាងឆ្នាំ ២០០៨ដែលមានតម្លៃ ២.៩លានដុល្លារអាមេរិក។ ផលិតផលវាយនភណ្ឌកាត់ដេរ និងស្បែកជើងរបស់កម្ពុជាស្ទើរតែទាំងអស់ត្រូវបាននាំទៅកាន់សហរដ្ឋ អាមេរិក និងសហភាពអឺរ៉ុប។
គិតដល់ដាច់ឆ្នាំ ២០០៩ មានរោងចក្រកាត់ដេរចំនួន ៤៦៨ នៅដំណើរការ ជាមួយនឹងកម្មករកាត់ដេរប្រមាណ ៣៣០.០០០ នាក់។
ក្នុងពេលធ្លាក់ចុះ នៃវិស័យកាត់ដេរដែលនាំដល់កម្មករអត់ការងារធ្វើនេះ ក្រសួងការងារក៏បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញកសិកម្មដល់កម្មករ រោងចក្រកាត់ដេរជាង ៤ម៉ឺននាក់ កាលពីឆ្នាំ ២០០៩។ ការបណ្តុះបណ្តាលជំនាញដល់កម្មករបាត់បង់ការងារនេះ ដើម្បីកុំឲ្យកម្មករកាត់ដេរដែលភាគច្រើនជាស្ត្រី ងាកទៅរកការងារក្នុងឧស្សាហកម្មកំសាន្ត នៅតាមភោជនីយដ្ឋាន ក្លឹបរាត្រី និងខ៉ារ៉ាអូខេដែលអាចឈានដល់ការបម្រើផ្លូវភេទ៕
សរសេរបញ្ចេញមតិរបស់អ្នក
សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។
There are no comments on this entry.