ក្រសួង​សុខាភិបាល​គ្រោង​ធ្វើ​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​គ្រុន​ផ្ដាសាយ ​A(H1N1)

ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ, សុខភាព

ដោយ កែវពេជ្រ មេត្តា
2010-03-08
​វិទ្យុ​អាស៊ីសេរី

មន្ដ្រី​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​៧ មីនា ឆ្នាំ​២០១០​នេះ​ថា នៅ​ចុង​ខែ​មីនា​នេះ គេ​គ្រោង​នឹង​ធ្វើ​យុទ្ធនាការ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ការ​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​ថ្មី A(H1N1) ឲ្យ​ដល់​កុមារ ស្ដ្រី​មាន​ផ្ទៃពោះ​និង​បុគ្គលិក​សុខាភិបាល ព្រមទាំង​មន្ដ្រី​នគរបាល​និង​កង​រាជ​អាវុធហត្ថ។

អ្នក​ដំណើរ​ពាក់​ម៉ាស​មុខ ខណៈ​ដើ​រកាត់​ផ្សារ​មួយ នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៦ តុលា ២០០៩។ (AFP/TANG CHHIN SOTHY)

អ្នក ដំណើរ ពាក់ ម៉ាស មុខ ខណៈ ដើ រកាត់ ផ្សារ មួយ នៅ ក្នុង រាជធានី ភ្នំពេញ កាល ពី ថ្ងៃ ៦ តុលា ២០០៩។ (AFP/TANG CHHIN SOTHY)

លោក យឹម ដេត អ្នក​សម្រប​សម្រួល​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​នៃ​ការិយាល័យ​ស្រុក​ប្រតិបត្តិ​កណ្ដាល​របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ក្រុម​គោល​ដៅ​ទាំង​ប៉ុន្មាន​នេះ​គឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ក្រុម​ងាយ​រង​គ្រោះ​និង​ជា​អ្នក​មាន​ភាព​ជិត​ស្និទ្ធ​នឹង​អ្នក​ជំងឺ។

លោក យឹម ដេត មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ ៖ «ថ្នាំ​សម្រាប់​ត្រៀម​រៀបចំ​ចាក់​ហ្នឹង​អត់​បាន​គ្រប់​ទាំង​អស់​គ្នា​ទេ ព្រោះ​គេ​ឲ្យ​មក​វា​តិច​ដែរ។ យើង​ជ្រើស​រើស​ក្រុម​គោលដៅ​ដែល​ក្មេង​៦​ខែ​ទៅ​ក្រោម​២​ឆ្នាំ ស្រ្ដី​មាន​ផ្ទៃពោះ បុគ្គលិក​សុខាភិបាល​និង​រដ្ឋ​អំណាច​មូលដ្ឋាន មាន​ប៉ូលិស ប៉េអឹម»។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ប្រាប់​ដែរ​ថា ការ​គ្រោង​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ការ​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​ថ្មី A(H1N1) ទៅ​លើ​ក្រុម​គោលដៅ​ទាំង​ប៉ុន្មាន​ដូច​បាន​បញ្ជាក់​មក​នេះ គឺ​ជា​ផែនការ​របស់​ក្រសួង​សុខាភិបាល​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ហើយ​មិនមែន​ធ្វើ​តែ​នៅ​ទីក្រុង​ភ្នំពេញ​ទេ គឺ​នឹង​ធ្វើ​នៅ​ទូទាំង​ប្រទេស។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ដូច្នេះ ៖ «ថ្នាំ​វ៉ាក់សាំង​ដែល​គេ​ត្រៀម​នឹង​ធ្វើការ​ចាក់​ជា​ដំបូង​គឺ​មាន​ប្រមាណ​៣​សែន​ដូស គឺ​យើង​នឹង​ទទួល​បាន​ប្រមាណ​ជា​១០% នៃ​ប្រជាពលរដ្ឋ។ ដំបូង​យើង​ចាប់​ផ្ដើម​ខេត្ត​ក្រុង​ដែល​យើង​ថា មាន​ជំងឺ​ផ្ដាសាយ​ថ្មី​ហ្នឹង គឺ​ភ្នំពេញ ខេត្ត​កណ្ដាល កំពង់ស្ពឺ​អី​អ៊ីចឹង​ជា​ដំបូង​សិន ហើយ​បន្ទាប់​មក​ទៀត​យើង​នឹង​ពង្រីក​ឲ្យ​បាន​ទូទាំង​ប្រទេស។ វ៉ាក់សាំង​នឹង​មក​ជា​បន្ត​បន្ទាប់​ក្នុង​អំឡុង​ពេល​១​ឆ្នាំ​រហូត​ដល់​ឆ្នាំ​២០១១ បាន​យើង​បាន​គម្រប់​ដល់​១០% នៃ​ប្រជាពលរដ្ឋ»។

មន្ដ្រី​ក្រសួង​សុខាភិបាល​ដដែល​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ប្រទេស​កម្ពុជា​មាន​ការ​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​ថ្មី A(H1N1) រហូត​មក​ដល់​ពេល​នេះ​គឺ​មាន​ចំនួន​៥៦២​ករណី ហើយ​និង​មាន​អ្នក​ស្លាប់​ចំនួន​៦​ករណី ឬ​៦​នាក់។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ​គឺ​មាន​ស្ដ្រី​មាន​ផ្ទៃ​ពោះ​និង​កុមារ​ផង​ដែរ ៖ «ប៉ុន្តែ​គ្រាន់​តែ​ថា វ័យ​ដែល​យើង​ពិនិត្យ​ឃើញ​ភាគ​ច្រើន ច្រើន​តែ​អាយុ​ក្រោម​២០​ឆ្នាំ»។

មន្ដ្រី​ក្រសួង​សុខាភិបាល​ដដែល​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​ថ្មី A(H1N1) នៅ​ក្នុង​ខែ​មីនា​នេះ បាន​ថយ​ចុះ​ច្រើន​ហើយ គឺ​មាន​តែ​ប្រមាណ​១​ករណី ឬ​២​ករណី​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រសួង​សុខាភិបាល​នៅ​តែ​បន្ត​ការពារ​និង​ទប់ស្កាត់​ដោយ​ប្រុង​ប្រយ័ត្ន​ដែរ ដូចជា​ការ​ត្រៀម​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​នោះ​ជា​ដើម ពីព្រោះ​គេ​មាន​ក្តី​បារម្ភ​ខ្លាច​ក្រែង​ជំងឺ​នេះ​នឹង​មាន​ការ​ផ្ទុះ​ជា​លើក​ទី​២ ឬ​ទី​៣​នៅ​ពេល​ខាង​មុខ៕

Spread The Love, Share Our Article

Related Posts

There are no related posts on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

There are no comments on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

Required

Will not be published. Required

Optional