ដោយ : ម៉េងឆៃ
ថ្ងៃទី 9 មីនា 2010
CEN
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ថ្នាំវ៉ាក់សាំង ការពារជម្ងឺផ្តាសាយថ្មី A(H1N1) ចំនួន ៣ សែនដូស (ដប) ត្រូវបានអង្គការសុខភាពពិភពលោក WHO ផ្តល់មកឲ្យប្រទេសកម្ពុជា កាលពីអាទិត្យមុន។ ថ្នាំការពារទាំងនេះ នឹងត្រូវផ្តើមយុទ្ធនាការ ចាក់ជាលើកដំបូង ដល់បុគ្គលិកសុខាភិបាលទូទាំងប្រទេសប្រហែល ២ ម៉ឺននាក់, ស្ត្រីមានផ្ទៃពោះ, កុមារអាយុពី ៦ ខែ ដល់ ២ ឆ្នាំ និងអ្នកមានជម្ងឺរ៉ាំរ៉ៃ។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបន្តថា យុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងលើកដំបូង នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១០ នឹងធ្វើឡើងនៅ រាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។ តំបន់ទាំង៤ នេះ មានការផ្ទុះឡើងនូវជម្ងឺផ្តាសាយថ្មី ច្រើនជាងគេ។
សូមបញ្ជាក់ថា គិតមកដល់ដើមខែមីនានេះ ជំងឺផ្តាសាយប្រភេទថ្មី A ( H1N1 ) បានកើនដល់ ៥៦២ ករណី។ ក្នុងនោះ មានអ្នកស្លាប់ចំនួន ៦ នាក់។ ជម្ងឺប្រភេទថ្មីនេះ បានផ្ទុះឡើងនៅកម្ពុជា អំឡុងខែមិថុនា ឆ្នាំ២០០៩ និងបានរាលដាលនៅរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តកណ្តាល, តាកែវ, កំពង់ស្ពឺ, បាត់ដំបង, កំពង់ចាម, កំពង់ឆ្នាំង, ស្វាយរៀង, មណ្ឌលគីរី, កំពត, ព្រៃវែង, បន្ទាយមានជ័យ និងខេត្តកំពង់ធំ។
ចំណែកអង្គការសុខភាពពិភពលោក បានប្រកាសថា ប្រទេសចំនួន ២១៣ ដែលឆ្លងរាលដាលជំងឺផ្តាសាយ A ( H1N1 ) ដោយមនុស្សចំនួន ១៦.៤៥៥ នាក់ បានស្លាប់ គិតត្រឹមដើមខែមីនា ឆ្នាំ២០១០៕
សរសេរបញ្ចេញមតិរបស់អ្នក
សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។
There are no comments on this entry.