ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ឆ្លង​ផុត​រដ្ឋសភា​ហើយ

ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ, សេដ្ឋកិច្ច & នយោបាយ

ដោយ លី ម៉េងហួរ
អត្ថបទ RFI
ថ្ងៃទី 11/03/2010

នៅថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​សំឡេង​ឯកច្ឆ័ន្ទ ៨២ លើ ៨២ សំឡេង។ ក៏​ប៉ុន្តែ​ការ​ឆ្លង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​ចំណាយ​​ពេល​តាក់​តែង​ប្រមាណ ១៥ ឆ្នាំ​នេះ ធ្វើ​ឡើង ដោយ​មិន​មាន​សំឡេង​ពី​គណបក្ស​ប្រឆាំង​ទេ។

រដ្ឋ​សភា​បានអនុម័ត​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ហើយ

រដ្ឋ សភា បានអនុម័ត ច្បាប់ ប្រឆាំង នឹង អំពើ ពុក រលួយ ហើយ

រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​មីនា​នេះ បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​សំឡេង ៨២ លើ ៨២ សំឡេង។ ក៏​ប៉ុន្តែ​មិនមាន​ សំឡេង​​របស់​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ទេ។

ក្រោយ​ពី​រដ្ឋសភា ផ្តល់​ការ​ទុកចិត្ត ឆ្លង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ដែល​មាន ៩ ជំពូក និង ៥៧ មាត្រា លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី ដែល​ជា​អ្នក​ការពារ​ច្បាប់ បាន​ច្រាន​ចោល​នូវ​រាល់​ការ​រិះគន់​​របស់​គណបក្ស​ប្រឆាំង។

លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន បាន​ប្រាប់​រដ្ឋសភា ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ គឺ​ជា​ផលិតផល ដែល​ត្រូវ​បាន​សំរិតសំរាំង កើត​ចេញ​ពី​ដំណើរការ​តាក់តែង​យ៉ាង​វែង គឺ​ប្រើ​ពេល​ដល់​ទៅ ១៥ ឆ្នាំ​មក​ហើយ។ ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ គឺ​ជា​ច្បាប់​ដ៏​រសើប និង​មាន​សារៈសំខាន់​ចំពោះ​ប្រទេស​​​ជាតិ។ ច្បាប់​នេះ ក៏​ជា​ឧបករណ៍​ថ្មី​មួយ​ទៀត ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា ជាពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ របស់​រដ្ឋាភិបាល នឹង​ក្លាយ​ជា​មធ្យោបាយ និង​​ជា​ឧបករណ៍​កាន់​តែ​មុត​ស្រួច ដើម្បី​បំពេញ​នូវភារៈកិច្ច​ប្រឆាំង​អំពើ​ពុក​រលួយ​ដ៏​ធ្ងន់ធ្ងរ នៅ​កម្ពុជា។

ក៏​ប៉ុន្តែ ក្នុង​ពេល​រដ្ឋសភា ប្រជុំ​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ព្រឹក​ថ្ងៃ​ទី​១១​មីនា​នេះ ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ចំនួន ១៦ រូប បាន​ដើរ​ចេញ​ពី​អង្គ​ប្រជុំ​។ ចំណែក​​អ្នក​​​តំណាងរាស្ត្រ ៣ រូប របស់​គណបក្ស​សិទ្ធិមនុស្ស បាន​ធ្វើ​ពហិការ មិន​ចូល​រួម​​ប្រជុំ​រដ្ឋសភា តាំងពី​ថ្ងៃ​បើក​កិច្ចប្រជុំ​វិសាមញ្ញ កាល​ថ្ងៃ​ម្សិលមិញ។

ការ​ដើរ​ចេញ​ពី​រដ្ឋសភា ត្រូវ​បាន​លោក យឹម សុវណ្ណ អ្នក​តំណាងរាស្ត្រ និង​ជា​អ្នកនាំ​ពាក្យ​គណបក្ស​ សម រង្ស៊ី ពន្យល់​ថា រាល់​ការ​ផ្តល់​យោបល់ សុំកែ​ខ្លឹមសារ​មួយ​​ចំនួន ក្នុង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ មិន​ត្រូវ​បាន​រដ្ឋសភា​ទទួល​យក​ពិចារណា ដាក់​បញ្ចូល​ក្នុង​ច្បាប់​នោះ​ឡើយ។

លោក យឹម សុវណ្ណ បាន​ហៅ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ ថា​ធ្វើ​គ្រាន់​តែ​បំពេញ​ចិត្ត​ម្ចាស់​ជំនួយ និង​ជា​ឡប់​ឡែ សម្រាប់​បិទ​បាំង​នូវ​ទង្វើ​ខុស​ឆ្គង​របស់​មន្ត្រី​ខិលខូច។ ច្បាប់​នេះ ក៏​ជា​សំណាញ់​ដែក ដើម្បី​ការពារ​ជន​ពុក​រលួយ​ប៉ុណ្ណោះ។

ចំណែក​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន នៅ​ថ្ងៃ​១១​មីនា​នេះ បាន​ចាត់ទុក​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ថា ពុំ​អាច​នាំ​ជន​ពុក​រលួយ​មក​ផ្តន្ទា​ទោស​បាន​ឡើយ។ តែ​ផ្ទុយ​ទៅវិញ ច្បាប់​នេះ នឹង​ប្រែ​ក្លាយ​ជា​ឧបករណ៍​បង្ក្រាប​ពលរដ្ឋ ដែល​ហ៊ាន​និយាយ​ពី​មន្ត្រី​ដែល​ពុក​រលួយ និង​សម្រាប់​ជា​ឧបករណ៍​របស់​រដ្ឋាភិបាល ដើម្បី​អួត​ប្រាប់​ម្ចាស់​ជំនួយ​ប៉ុណ្ណោះ។

អង្គការ​សង្គម​ស៊ីវិល​ប្រមាណ ២០០ នៅកម្ពុជា ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ ក្រោយ​ពី​រដ្ឋសភា​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ។ ថ្វី​ត្បិត​តែ​សង្គម​ស៊ីវិល សម្តែង​កង្វល់​ជាច្រើន ដើម្បី​ស្ថាបនា ក៏​ប៉ុន្តែ​សង្គម​ស៊ីវិល ក៏​រំពឹង​ថា រដ្ឋាភិបាល​នឹង​ផ្តោត​សំខាន់​ក្នុង​ការ​អនុវត្តន៍​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ឲ្យ​មាន​ប្រសិទ្ធភាព៕

Spread The Love, Share Our Article

Related Posts

There are no related posts on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

  1. Babe Mar 12, 2010

    Is not corruption law it is a law corrupt defender.

សរសេរបញ្ចេញមតិរបស់អ្នក

Required

Will not be published. Required

Optional