រដ្ឋាភិបាល​គ្រោង​ដាក់​តំបន់​ព្រៃឡង់​ជា​តំបន់​​ព្រៃ​ការពារ

ដោយ សុខ សេរី
2012-05-01
​វិទ្យុ​អាស៊ីសេរី

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កំពុង​តែ​សើរើ​រាល់​កិច្ច​សន្យា​ដី​សម្បទាន និង​ព្រៃ សម្បទាន​ទាំង​អស់​នៅ​កម្ពុជា តាម​បទ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ចេញ​បញ្ជា​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។

២៨-មីនា-២០១២៖ គំនរ​ឈើ​ដែល​ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុង​តំបន់​ព្រៃឡង់ នា​ខេត្ត​កំពង់ធំ។ (RFA/Uon Chhin)

២៨-មីនា-២០១២៖ គំនរ ឈើ ដែល ត្រូវ គេ រក ឃើញ នៅ ក្នុង តំបន់ ព្រៃឡង់ នា ខេត្ត កំពង់ធំ។ (RFA/Uon Chhin)


ម្យ៉ាង​វិញ​ទៀត ក្រសួង​កសិកម្ម​តែងតែ​សើរើ​រាល់​កិច្ចសន្យា​ដី​សម្បទាន និង​ព្រៃ​សម្បទាន​ទាំង​អស់​នៅ​រៀងរាល់​មួយ​ឆ្នាំ​ម្ដង ដើម្បី​ពិនិត្យ​ថា តើ​ក្រុមហ៊ុន​ណា​បាន​រំលោភ​កិច្ចសន្យា និង​ក្រុមហ៊ុន​ណា​បាន​គោរព​តាម​កិច្ច​សន្យា​ត្រឹមត្រូវ។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​តែ​សើរើ​កិច្ចសន្យា​ដី​សម្បទាន និង​ព្រៃ​សម្បទាន​ទាំង​អស់ រាប់​ទាំង​កិច្ច​សន្យា​ព្រៃ​សម្បទាន​នៅ​ព្រៃ​ឡង់​ដែរ ហើយ​ក្រសួង​កសិកម្ម​មាន​ផែនការ​ដាក់​តំបន់​ព្រៃឡង់ ជា​តំបន់​ព្រៃ​អភិរក្ស ឬ​ព្រៃ​ការពារ​នៅ​ពេល​ឆាប់ៗ​នេះ។

ការ​សើរើ​នេះ​បាន​កើត​ឡើង​នៅ​គ្រា​ដែល​សកម្មជន​ការពារ​ព្រៃ​ឈើ ជា​ពិសេស​ព្រៃឡង់ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​វៀតណាម ឈ្មោះ ស៊ីអាស៊ីខេ (CRCK) កំពុង​តែ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ប្រណិត​យ៉ាង​ច្រើន រវាង​ពី ៤ ទៅ ៦​ឡាន​ក្នុង​មួយ​ថ្ងៃៗ នៅ​តំបន់​ព្រៃឡង់​នោះ ដឹក​ទៅ​ប្រទេស​វៀតណាម។

ឈើ​ប្រណិត​នៅ​ព្រៃឡង់ ដែល​កំពុង​តែ​រង​ការ​កាប់​បំផ្លាញ​នោះ មាន​ដូច​ជា ឈើ​បេង ឈើ​គ្រញូង ឈើ​ទាល ឈើ​ត្រាច ឈើ​ជ័រ​ចុង និង​ដើម​កកោះ​ជាដើម។

ច័ន្ទ សារុន ៣០៥
រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​សណ្ឋាគារ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១២។ RFA/Sok Serey

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន បាន​មាន​ប្រសាសន៍​ថា ក្រោយ​ពី​ក្រសួង​ពិនិត្យ និង​វាយ​តម្លៃ​រួច​ហើយ​នោះ គឺ​ក្រសួង​កសិកម្ម និង​ស្នើ​សុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លុប​ចោល​កិច្ចសន្យា​មួយ​ចំនួន៖ «រៀង​រាល់​ឆ្នាំ លុប​ជា​រៀង​រាល់​ឆ្នាំ។ …​សើរើ​ទូទាំង​ប្រទេស។ ឥឡូវ​នេះ​កំពុង​ធ្វើ​ការ​វាយ​តម្លៃ ប៉ុន្តែ​ច្បាស់​ហើយ​មាន​ក្រុមហ៊ុន​ខ្លះ​ត្រូវ​លុប»

សុខ សេរី៖ ទាក់ទង​បញ្ហា​ព្រៃឡង់ តើ​យើង​សើរើ​ទេ បញ្ហា​ព្រៃឡង់​នេះ?

ច័ន្ទ សារុន៖ សូម​ជម្រាប​ថា យើង​នឹង​ដាក់​ទៅ​ជា​តំបន់​ព្រៃ​ការពារ​នៅ​ពេល​អនាគត​នេះ អត់​មាន​អី​នរណា​ត្រូវ​កាប់​ទៀត​ទេ។ ដាក់​ជា​ព្រៃ​ការពារ ព្រោះ​កន្លែង​នេះ​ជា​កន្លែង​ស្តុក​ទឹក​ភ្លៀង​ធំ​ណាស់​សម្រាប់​កម្ពុជា​យើង។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំ​ឆ្នាំ​២០១១ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ច័ន្ទ សារុន សើរើ និង​លុប​កិច្ចសន្យា​ដី​សម្បទាន និង​ព្រៃ​សម្បទាន​មួយ​ចំនួន​ដែល​កាប់​បំផ្លាញ​ព្រៃ​ឈើ​កន្លង​មក។

លោក ហ៊ុន សែន៖ «ក្រុមហ៊ុន​ណា​ដែល​តម្រង់​ឆ្ពោះ​ទៅ​កាន់​អា​ព្រៃ​ហ្នឹង ត្រូវ​មើល​ក្រុមហ៊ុន​ហ្នឹង​ឲ្យ​មែន​ទែន។ សុំ​ព្រៃ​សម្បទាន ប៉ុន្តែ​កិច្ចការ​ដែល​ខ្លួន​ធ្វើ គឺ​ទៅ​កាប់​យក​ឈើ​ហ្នឹង។ ដី​ម៉ា​គគោក​អត់​ទៅ​ធ្វើ​ទេ ទៅ​តម្រង់​កន្លែង​ដែល​មាន​ដើម​ឈើ។ អា​ហ្នឹង​មើល​ឲ្យ​មែន​ទែន បើ​ថា​ស្ថានភាព​បែប​ហ្នឹង​ដក​ចេញ​ទៅ យក​ដី​មក​ទុក វា​អត់​ផ្អូម​ទេ​ដី​នោះ»

សកម្មជន និង​បណ្ដាញ​ការពារ​ព្រៃឡង់ លោក ស៊ឹម សៀន នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ បាន​មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល ជា​ពិសេស​ក្រសួង​កសិកម្ម អនុញ្ញាត​ឲ្យ​សកម្មជន​ការពារ​ព្រៃឡង់​ចូល​រួម​ដែរ ក្នុង​វិធានការ​ការពារ​ព្រៃ​ឡង់​នៅ​ថ្ងៃ​អនាគត៖ «សកម្មភាព​នេះ​វា​មិន​អាច​ថយ​ចុះ តែ​នៅ​តែ​បន្ត​មាន​បទល្មើស​ជា​បន្តបន្ទាប់​ជាង​មុន​ទៀត​ផង តាម​ខ្ញុំ​អង្កេត»

តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា ព្រៃឡង់​នោះ គឺ​មាន​ទំហំ ៣.៦០០​គីឡូម៉ែត្រ​ក្រឡា និង​មាន​សត្វ​ព្រៃ​រស់​នៅ​ចំនួន ២៧​ប្រភេទ ព្រម​ទាំង​មាន​ដើម​ឈើ​កម្រ និង​មាន​តម្លៃ​ចំនួន​ជាង ២០​ប្រភេទ​ទៀត។ មាន​សហគមន៍​ជន​ជាតិ​ភាគ​តិច​រស់​នៅ​ចំនួន​ជាង ៧​សែន​នាក់ ពឹង​ផ្អែក​លើ​អនុផល​ព្រៃឡង់​ជា​រៀងរាល់​ថ្ងៃ។

ក្រុមហ៊ុន​វៀតណាម ឈ្មោះ ស៊ីអាស៊ីខេ (CRCK) នោះ បាន​ទទួល​អាជ្ញាប័ណ្ណ​ដី​សម្បទាន​ព្រៃឡង់​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សំរាប់​រយៈពេល ៧០​ឆ្នាំ។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កន្លង​មក​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១០ កន្លង​ទៅ​នេះ ក្រសួង​កសិកម្ម​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​កិច្ចសន្យា​ដី​សម្បទាន​ចំនួន ៤១​ក្រុមហ៊ុន ស្មើ​នឹង​ផ្ទៃ​ដី​ជិត ៤​សែន​ហិកតារ។ បច្ចុប្បន្ន​មាន​កិច្ចសន្យា​ចំនួន ៨៥​កំពុង​តែ​មាន​សុពលភាព​ស្មើ​នឹង​ផ្ទៃ​ដី​ជិត ១​លាន​ហិកតារ​នៅ​ខេត្ត​ចំនួន ១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "រដ្ឋាភិបាល​គ្រោង​ដាក់​តំបន់​ព្រៃឡង់​ជា​តំបន់​​ព្រៃ​ការពារ"

  1. ទាល់តែអស់ព្រៃឈើ ទើបរដ្ឋាភិបាលគ្រោងចេញ!