ពុធ 02 ឩសភា 2012
មាស មុន្នី
ទស្សនាវដ្តីសារព័ត៌មានសេរី
ជំនួសឲ្យភាពមិនសូវមានជំនឿ ទៅលើគណៈកម្មាធិការស៊ើបអង្កេត ដែលបង្កើតឡើង ដោយរដ្ឋាភិបាលនោះ កាលពីម្សិលមិញ អង្គការសហប្រជាជាតិ បានដាក់ការជម្រុញចំពោះការស៊ើបអង្កេតករណីស្លាប់របស់លោក ឈុត វុទ្ធីថា ត្រូវតែមានឯករាជ្យភាព ។
ការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស ប្រចាំកម្ពុជា បានសំដែងការព្រួបារម្ភ តាមរយៈសេចក្ដីថ្លែងការណ៏មួយរបស់ខ្លួនថា ” នៅពេលមិនទាន់ដឹងច្បាស់អំពីហេតុការណ៏ ដែលកើតឡើង កាលពីពេលថ្មីៗនេះ យើងនៅតែព្រួយបារម្ភណាស់ថា ការបាញ់សម្លាប់លោក ឈុត វុទ្ធី គឺជាការបង្ហាញឲ្យឃើញពីការបាញ់សម្លាប់ ដ៏ឃោឃៅបំផុត នៅក្នុងករណីបាញ់សម្លាប់ជា បន្តបន្ទាប់ មកលើសកម្មជនការពារសិទ្ធិ មនុស្ស នៅក្នុងប្រទេសកម្ពុជា..។ យើងទទូចឲ្យរដ្ឋាភិបាលធានាថា ការស៊ើបអង្កេត ពិតជាប្រព្រឹត្តទៅយ៉ាងរហ័ស ប្រកបដោយភាពត្រឹមត្រូវនិងឯករាជ្យ ..” ។
កាលពីថ្ងៃទី៣០ មេសា នាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន បានចុះហត្ថកលេខា ឲ្យមានការបង្កើត គណៈកម្មាធិការអន្តរក្រសួងមួយដើម្បីធ្វើការស៊ើបអង្កេត លើករណីបាញ់ប្រហារនេះ ដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃ , ក្រសួងយុត្តិធម៌ , កងរាជអាវុធហត្ថលើផ្ទៃប្រទេស , ទីស្ដីការគណៈរដ្ឋមន្ត្រី និង ក្រសូង ទំនាក់ទំនងជាមួយសភា ព្រឹទ្ធសភា និង អធិការកិច្ច ។
ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល បានហៅការបង្កើតគណៈកម្មាធិការនេះ ដោយរដ្ឋាភិបាលថា គ្រាន់តែជាល្បែងលេងសើច ខណៈដែលកន្លងមកគ្មានលទ្ធផលនៃការស៊ើបណាមួយដោយគណៈកម្មាធិការនេះ ត្រូវបានបង្ហាញនោះ ៕
