ថ្ងៃទី 2 មិថុនា 2012
ដោយ: សុខ ភក្តី
CEN
ភ្នំពេញ: គ.ជ.ប. បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីរៀបចំការបោះឆ្នោតឃុំសង្កាត់ នាថ្ងៃអាទិត្យ ទី៣មិថុនា ឆ្នាំ២០១២។ សម្ភារៈបម្រើឲ្យការិយាល័យបោះឆ្នោត ត្រូវបានដឹកជញ្ជូននៅថ្ងៃសៅរ៍ ទី២មិថុនា ដោយតំបន់ខ្លះ គ.ជ.ប. បានប្រើប្រាស់ អេរីកូ ដើម្បីនាំយកសម្ភារៈទាំងនោះ ទៅកាន់ការិយាល័យបោះឆ្នោត ដែលនៅឆ្ងាយ និងផ្លូវថ្នល់លំបាកធ្វើដំណើរ។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានមានប្រសាសន៍ប្រាប់ CEN នៅព្រឹកថ្ងៃសៅរ៍ ទី២មិថុនា ឆ្នាំ២០១២ ថា “ជាទូទៅ យើងបញ្ជូនសម្ភារៈសម្រាប់បម្រើឲ្យការបោះឆ្នោត ពីគណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់ ទៅកាន់ការិយាល័យបោះឆ្នោត នៅថ្ងៃសៅរ៍ ទី២មិថុនានេះ។ ដោយឡែកការដឹកជញ្ជូនសម្ភារៈពីឃុំមួយ នៅខេត្តកោះកុង យកទៅការិយាល័យបោះឆ្នោតមួយ ដែលនៅឆ្ងាយ និងមានផ្លូវធ្វើដំណើរលំបាកនោះ គឺយើងបានប្រើប្រាស់អេរីកូ ដើម្បីដឹកទៅការិយាល័យហើយ។ នៅរសៀលនេះ យើងក៏នឹងប្រើប្រាស់អេរីកូ ដើម្បីដឹកសម្ភារៈទៅកាន់ការិយាល័យបោះឆ្នោត ២ ទៀត នៅខេត្តក្រចេះ”។
លោក ទេព នីថា បានលើកឡើងថា បន្ទាប់ពីរៀបចំការិយាល័យបោះឆ្នោតរួចហើយ មន្ត្រីរៀបចំការបោះឆ្នោត នៅថ្ងៃសៅរ៍ ទី២មិថុនានេះ ត្រូវបិទបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅការិយាល័យបោះឆ្នោតទាំងអស់ទូទាំងប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋ អ្នកបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅពិនិត្យមើល។
សម្រាប់ការរៀបចំការបោះឆ្នោតឃុំសង្កាត់ នាថ្ងៃអាទិត្យ ទី៣មិថុនាស្អែកនេះ គ.ជ.ប. បានប្រើប្រាស់មន្ត្រីរៀបចំការបោះឆ្នោត មួយការិយាល័យ ចំនួន ៦ នាក់ ហើយសរុបទាំងអស់ គ.ជ.ប. ប្រើប្រាស់មន្ត្រីរៀបចំការបោះឆ្នោត ប្រមាណជាង ១០៨.០០០ នាក់។
លោក ទេព នីថា ក៏បានបន្ថែមថា ជាទូទៅ ការិយាល័យបោះឆ្នោត ចាប់ផ្តើមបើកការបោះឆ្នោត នៅម៉ោង ៧ ព្រឹក។ ប៉ុន្តែមន្ត្រីការិយាល័យបោះឆ្នោត ចាប់ផ្តើមការងារ តាំងពីម៉ោង ៦ ព្រោះថា ទី១-រៀបចំឡើងវិញនូវការិយាល័យបោះឆ្នោត ទៅតាមគំរូប្លង់ ដែល គ.ជ.ប. ណែនាំ។ ទី២-យើងរៀបចំបង្ហាញសម្ភារៈបោះឆ្នោត។ ក្នុងនោះ យើងបង្ហាញហិបឆ្នោតទទេ ដើម្បីឲ្យអ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្ស បានឃើញ ហើយចាក់សោរហិបឆ្នោតវិញ។ ក្នុងនោះ ក៏យើងពិនិត្យមើលសន្លឹកឆ្នោត និងរាប់ចំនួនសន្លឹកឆ្នោតទាំងក្នុងដុំ ដើម្បីឲ្យដឹងថា សន្លឹកឆ្នោតដែលមាននៅក្នុងការិយាល័យនោះប៉ុន្មាន? ហើយត្រួតពិនិត្យសម្ភារៈការិយាល័យបោះឆ្នោត ទាំងបញ្ជីបោះឆ្នោត ទាំងទឹកខ្មៅលុបមិនជ្រះ និងទាំងការពិនិត្យមើលលើការរៀបចំបន្ទប់ការិយាល័យ ជាដើម។ បន្ទាប់មកធ្វើកំណត់ហេតុ ហើយនៅម៉ោង ៧ ព្រឹក ទើបបើកការិយាល័យ ចាប់ផ្តើមបោះឆ្នោត។
លោក ទេព នីថា បានបន្ថែមថា ការបោះឆ្នោត នឹងប្រព្រឹត្តទៅរហូតដល់ម៉ោង ៣ រសៀល។ ក៏ប៉ុន្តែការិយាល័យណា ដែលមានឈ្មោះអ្នកបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោត បោះចប់អស់ហើយ មុនម៉ោង ៣ រសៀល គឺការិយាល័យនោះ អាចបិទការិយាល័យនោះ ហើយពេលបិទការិយាល័យហើយ ក៏ចាប់ផ្តើមរាប់សន្លឹកឆ្នោតភ្លាម នៅកន្លែងនោះតែម្តង។
តាមច្បាប់ កំណត់ឲ្យមួយការិយាល័យបោះឆ្នោត មានឈ្មោះអ្នកបោះឆ្នោតយ៉ាងច្រើន ៧០០ នាក់។ តែជាក់ស្តែង អ្នកបោះឆ្នោតមានច្រើនជាងគេ ក្នុងរង្វង់ពី ៤០០ ទៅ ៥០០ នាក់ ហើយក៏មានការិយាល័យបោះឆ្នោតខ្លះ មានអ្នកបោះឆ្នោតដល់ជិត ៧០០ នាក់ផងដែរ។
ចំពោះលក្ខខណ្ឌដែលប្រជាពលរដ្ឋ អាចទៅបោះឆ្នោតបាន ត្រូវបានលោកអគ្គលេខាធិការ គ.ជ.ប. លើកឡើងថា ទី១-គាត់ត្រូវមានបញ្ជីឈ្មោះ ក្នុងបញ្ជីបោះឆ្នោតនោះ។ ទី២-គាត់ត្រូវអញ្ជើញទៅបោះឆ្នោតដោយខ្លួនឯង។ ទី៣-គាត់ត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណ ដែលមានឈ្មោះ និងទិន្នន័យរបស់គាត់ ដូចឈ្មោះ និងទិន្នន័យ នៅក្នុងបញ្ជីបោះឆ្នោត។ អ្នកបោះឆ្នោត ក៏ត្រូវទៅបោះឆ្នោតនៅតាមឃុំសង្កាត់ដែលខ្លួនរស់នៅ ព្រមទាំងតាមពេលវេលា និងទីកន្លែង ដែលបានកំណត់។
ជាមួយនឹងប្រសាសន៍ខាងលើនេះ លោក ទេព នីថា បានគូសបញ្ជាក់ថា “រហូតមកដល់ពេលនេះ ( ព្រឹកថ្ងៃទី២មិថុនា ឆ្នាំ២០១២ ) ការត្រៀម រៀបចំរបស់គ.ជ.ប. សម្រាប់បម្រើការបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃស្អែកនេះ ទាំងទីកន្លែង ទាំងធនធាន ទាំងសម្ភារៈ ទាំងបច្ចេកទេស គឺយើងបានត្រៀម អាចនិយាយថា វាគ្រប់ជ្រុងជ្រោយ ហើយល្អប្រសើរ ដើម្បីបម្រើការបោះឆ្នោត។ អីចឹងទេ នៅថ្ងៃស្អែកនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មេត្តាអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ហើយសូមត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណ ដើម្បីអញ្ជើញទៅបោះឆ្នោត។
សម្រាប់ការបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃអាទិត្យ ទី៣មិថុនា ឆ្នាំ២០១២ មានអ្នកបោះឆ្នោតសរុប ចំនួន ៩.២០៣.៤៩៣ នាក់ ដើម្បីជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣ នៅ ១.៦៣៣ ឃុំសង្កាត់ ទូទាំងប្រទេស សរុបចំនួន ១១.៤៥៩ រូប។ រីឯការិយាល័យបោះឆ្នោត មានចំនួន ១៨.១០៧ ការិយាល័យ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប. ក៏បានប្រកាសថា មាន ១០ គណបក្សនយោបាយ បានដាក់ពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣។ ក្នុងនោះ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ បានដាក់បេក្ខជន នៅទូទាំង ១.៦៣៣ ឃុំសង្កាត់ ទូទាំងប្រទេស៕