ដោយ អ៊ុក សាវបូរី
2012-06-06
វិទ្យុអាស៊ីសេរី
នៅឆ្នាំ២០១២ ជំងឺគ្រុនឈាមសម្លាប់កុមារអស់ ២១នាក់។ ជំងឺនេះបានកើតច្រើននៅខេត្តកណ្ដាល បន្ទាយមានជ័យ រាជធានីភ្នំពេញ ខេត្តកំពង់ចាម សៀមរាប កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង តាកែវ និង ខេត្តឧត្តរមានជ័យ។

កុមារ កើត ជំងឺ គ្រុនឈាម មក ព្យាបាល នៅ មន្ទីរពេទ្យ កុមារជាតិ នា រាជធានីភ្នំពេញ កាល ពី អំឡុង ឆ្នាំ ២០១១។ (RFA/Sok Serey)
មន្ត្រីក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានអះអាងថា ជំងឺគ្រុនឈាមកើនឡើង ៤ដងនៅឆ្នាំ២០១២ បើធៀបនឹងឆ្នាំ២០១១ ក្នុងរយៈពេលដូចគ្នា។
នាយកកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម និងជានាយករងនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់របស់ក្រសួងសុខាភិបាល វេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទថា ថ្លែងនៅថ្ងៃពុធ ទី៦ ខែមិថុនា ថា ជំងឺគ្រុនឈាមគិតមកដល់ចុងខែឧសភា ឆ្នាំ២០១២ មានអ្នកជំងឺមកព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋចំនួន ៤.៤៣៤នាក់ ក្នុងនោះមានអ្នកស្លាប់ ២១នាក់។
វេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទថា៖ «ចំនួននេះបើយើងធ្វើការប្រៀបធៀបឆ្នាំ២០១១ កន្លងទៅ យើងឃើញថា មានការកើនឡើងប្រហែលជា ៤ដង។ កាលពីឆ្នាំ២០១១ មានចំនួនតែ ១.០០៨ករណី ហើយក្នុងនោះស្លាប់ ៨នាក់»។
លោកវេជ្ជបណ្ឌិត បន្តថា បច្ចុប្បន្នជំងឺគ្រុនឈាមមិនមែនមានកំណើនអ្នកជំងឺតែនៅក្នុងប្រទេសកម្ពុជាមួយទេ គឺប្រទេសនៅក្នុងតំបន់អាស៊ានទាំង ១០ បានកើនឡើងមិនប្រក្រតីដែរ។
លោកបន្តថា ការបម្រែបម្រួលបរិយាកាស គឺកើនឡើងនូវសីតុណ្ហភាព។ ការកើននូវសីតុណ្ហភាពនេះ បានជះឥទ្ធិពលអាក្រក់ដល់ការរីករាលដាលឡើងវិញនៃជំងឺដែលធ្លាប់មានពីមុនមក៖ «ហើយក៏វាជួយជំរុញជំងឺដែលមានសព្វថ្ងៃនេះឲ្យកាន់តែសាហាវឡើង។ គឺថា មូសខ្លាដែលជាភ្នាក់ងារចម្លងគ្រុនឈាមហ្នឹង បើយើងនិយាយអំពីអេកូឡូស៊ីរបស់វា គឺថា ការខាំរបស់វា មានការកើនឡើង ហើយនិងការពងរបស់វា ដោយសារសីតុណ្ហភាពអំណោយផល»។
មេភូមិត្រពាំងអំពិល ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ លោក ពៅ ជឿន ឲ្យដឹងថា ចាប់ពីចុងខែឧសភា មក ប្រមាណកន្លះខែនេះ កុមារក្នុងភូមិនេះជាង ១០នាក់ បានបញ្ជូនទៅមន្ទីរពេទ្យទាន់ពេល បន្ទាប់ពីក្ដៅខ្លួនខ្លាំង សង្ស័យថាកើតជំងឺគ្រុនឈាម។
លោកថា កុមារខ្លះបានព្យាបាលជា ក៏ត្រឡប់មកផ្ទះវិញ កុមារខ្លះទើបចាប់ក្ដៅខ្លួន៖ «ច្រើនតែភាគច្រើនអ្នកក្ដៅ ហើយនិងក្ដៅរាក។ ក្តៅ ក្អួតរាកហ្នឹងតែម្ដង ហើយឈឺដំបារពោះ។ ពេទ្យគេថា ជាជំងឺគ្រុនឈាម»។
អ្នកស្រី ឃុយ កេន នៅភូមិត្រពាំងអំពិល ថ្លែងថា តាំងពីយប់ថ្ងៃអាទិត្យ ទី៣ មកដល់ថ្ងៃពុធ ទី៦ មិថុនា ចៅគាត់ ២នាក់ចេះតែក្ដៅត្រជាក់ៗ។ ប៉ុន្តែនៅថ្ងៃនេះចៅគាត់ក្ដៅខ្លួនខ្លាំង ហើយចេះតែស្រែកយំថា វាឈឺក្នុងពោះជាខ្លាំង។ អាការៈបែបនេះគាត់សង្ស័យថា អាចជាជំងឺគ្រុនឈាម៖ «ចៅខ្ញុំវិញវាក្តៅ ហើយវាត្អូញថា ឈឺក្នុងពោះ។ បារម្ភជាងគេគឺមកពីជំងឺគ្រុនឈាម»។
នាយកកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម វេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទថា ឲ្យដឹងថា មេរោគដែលបង្កឲ្យកើតជាជំងឺគ្រុនឈាមចម្លងមកមនុស្សនោះ ប្រែប្រួលរហ័សណាស់។ លោកថា ជំងឺគ្រុនឈាមវាផ្សារភ្ជាប់នឹងការអភិវឌ្ឍរបស់សង្គមជាតិនីមួយៗ ដោយសារភាពងាយស្រួលនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងមធ្យោបាយធ្វើដំណើរជាដើម។
វេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទថា៖ «កាលណាមានការអភិវឌ្ឍកាន់តែខ្លាំងជំងឺនេះកាន់តែខ្លាំងដែរ។ បានន័យថា ជំងឺគ្រុនឈាមហ្នឹងនៅពេលដែលមានមនុស្សអ្នកឈឺជំងឺគ្រុនឈាម ហើយមានមនុស្សជាច្រើននាក់ដែលរស់នៅជុំវិញនោះ ក៏អាចកើតជំងឺគ្រុនឈាម។ ប៉ុន្តែវាជាអ្នកផ្ទុកមេរោគហើយអត់មានចេញរោគសញ្ញាទេ។ អ៊ីចឹងអ្នកទាំងអស់ហ្នឹងជាជនសំខាន់ណាស់ក្នុងការចម្លងជំងឺគ្រុនឈាមទៅអ្នកដទៃទៀត ដោយសារអ្នកជំងឺនោះធ្វើការដើរហើរពីតំបន់មួយទៅតំបន់មួយ»។
នៅឆ្នាំ២០០៧ នៅក្នុងប្រទេសកម្ពុជា ជំងឺគ្រុនឈាមបានផ្ទុះឡើងខ្លាំងមានអ្នកជំងឺ ៦.៤៨២នាក់ មកព្យាបាលជំងឺគ្រុនឈាមក្នុងមន្ទីរពេទ្យ ក្នុងនោះមានអ្នកស្លាប់ ៨៩នាក់។
នៅឆ្នាំ២០១២ ខេត្តដែលប្រឈមខ្ពស់នៃជំងឺគ្រុនឈាមមានខេត្តកណ្ដាល រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ សៀមរាប កំពង់ចាម កំពង់ស្ពឺ ខេត្តតាកែវ ជាដើម។
ក្រសួងសុខាភិបាលបានជួយទប់ស្កាត់បង្ការជំងឺគ្រុនឈាម ដោយចែកថ្នាំអាបេតច្រើនតោនតាមមូលដ្ឋាន និងចែកត្រី៧ពណ៌ ឲ្យលែងក្នុងពាងទឹក រួមទាំងផ្សព្វផ្សាយឲ្យសម្លាប់ដង្កូវទឹក និងពងមូស ដែលវាអាចកើតក្នុងថូផ្កា សំបកកង់រថយន្តចាស់ៗ កន្លែងដាក់អេតចាយជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។