កុមារ​នៅ​សហគមន៍​បឹងកក់ កំពុង​រង​ទុក្ខ​លំបាក និង​រស់​ក្នុង​ក្តីភ័យខ្លាច​

ថ្ងៃទី 10 មិថុនា 2012
ដោយ: ខឿន សា​ឃាង​
CEN

ភ្នំពេញ: កុមារ​នៅ​តំបន់​បឹង​កក់ ទាំង​អ្នក​ដែល​ម្តាយ​ត្រូវបាន​កាត់​ឱ្យ​ជាប់ពន្ធនាគារ និង​អ្នក​ដែល​ម្តាយ​មិន​ត្រូវបាន​ចាប់ ស​ម្តែងក្តី​ទុក្ខ​លំបាកទាំង​ជីវភាព ខ្វះ​អ្នក​មើល​ថែ ខាន​បាន​ទៅ​សាលា បោះបង់​ការសិក្សា និង​បារម្ភ​ខ្លាច​ត្រូវ​គេ​ចាប់​ម្តាយ ឬ​មនុស្ស​ក្នុង​គ្រួសារ​ដូច​មនុស្ស ១៥ នាក់​ដែរ ហើយ​អ្នកពាក់ព័ន្ធ​យល់ថា វា​ជះ​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​កុមារ​ទាំងនោះ​។​

“​ខ្ញុំ​មិន​ចង់​ទៅ​សាលា​ទេ ព្រោះ​នៅ​សាលា គេ​នាំគ្នា​សម្លក់សម្លឹង​ខ្ញុំ មើល​លើ​មើល​ក្រោម ហើយ​និយាយ​រអេចរអូច​ថា ខ្ញុំ​នេះ​ហើយ​ដែល​ម៉ាក់​ត្រូវ​គេ​ចាប់​ដាក់គុក​។ ខ្ញុំ​ខ្មាស់​គេ​ផង នឹក​ម៉ាក់​ផង ព្រួយ​ពី​ម៉ាក់​ផង អាណិត​ម៉ាក់​ផង នឹក​តូចចិត្ត​ផង​!”​។ នេះ​ជា​សម្តី​ដ៏​រអាក់រអួល​របស់​កុមារី សៀង ស្រី​លក្ខណ៍ អាយុ ១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៧ នៃ​សាលា​ប៊ុនរ៉ានី​ហ៊ុនសែន​វត្តភ្នំ​។

​ស្រី​លក្ខណ៍ ជា​កូន​របស់​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ទាំង ១៥ នាក់ (​ស្រី​១៤ ប្រុស​១) នៅ​សហគមន៍​បឹងកក់ ដែល​ត្រូវ​តុលាការ​កាត់​ឱ្យ​ជាប់ពន្ធនាគារ នា​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ​នេះ ក្នុង​ទំនាស់​ពាក់ព័ន្ធ​ដីធ្លី និង​ផ្ទះសម្បែង ជាមួយ​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន​។ ដោយសារ​ដូច​ករណី​ពោល​ខាងលើ​ផង ជាពិសេស​គ្មាន​អារម្មណ៍​រៀន ព្រោះ​ព្រួយ​ពី​ម្តាយ​នៅក្នុង​ពន្ធនាគារ ទើប​ស្រី​លក្ខណ៍​មិនសូវ​បាន​ទៅ​សាលា ហើយ​នាង​តែងតែ​ចូលរួម​យ៉ាង​សកម្ម ជាមួយ​ប្រជាពលរដ្ឋ​ផ្សេងទៀត​នៅ​តំបន់​នោះ ក្នុង​ការហែក្បួន​ទៅ​កាន់​ទី​ផ្សេងៗ ដើម្បី​ទាមទារ​សុំ​ឱ្យ​ដោះលែង​ម្តាយ​របស់​នាង និង​មនុស្ស ១៤ នាក់​ផ្សេង​ទៀត​។ ក្នុង​មួយ​សប្តាហ៍​នាង​ទៅ​សាលា​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​។

​ជា​ការកត់សម្គាល់ តាំង​ពី​តំណាង​ប្រជាពលរដ្ឋ​បឹងកក់​ទាំង ១៥ នាក់ ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ កាត់​ឱ្យ​ជាប់​ពន្ធនាគារ​មក ក្រុម​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​នាំគ្នា​ដើរ​ដង្ហែ​ជា​ក្បួន ទៅ​កាន់​ទី​សំខាន់ៗ​មួយចំនួន ដូចជា តាម​ស្ថានទូត ក្រសួង​យុត្តិធម៌ រដ្ឋសភា និង​មុខ​ព្រះបរមរាជវាំង ជាដើម រហូតដល់​មាន​ការរៀបចំ​ពិធី​បួងសួង ដើម្បី​សុំ​ឱ្យ​ដោះលែង​តំណាង​របស់​ពួកគេ​ទាំង ១៥ នាក់​។ ប៉ុន្តែ​រហូត​មកដល់ពេលនេះ គេ​ពុំ​ទាន់​ឃើញ​មាន​ស្ថាប័ន​ណាមួយ​ឆ្លើយតប​ឡើយ​។​

​នៅ​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១២ ស្ថានទូត​ជប៉ុន​យល់ព្រម​ទទួល​ញត្តិ​របស់​ប្រជាពលរដ្ឋ​បឹងកក់ ហើយ​សន្យាថា នឹង​ធ្វើ​អន្តរាគមន៍​ទៅ​រាជរដ្ឋាភិបាល​។​

​ស្រី​លក្ខណ៍ បាន​រៀបរាប់​ថា “​អ្នកដទៃ​ទៀត​ដែល​ម៉ាក់​ត្រូវគេ​ចាប់​ដែរ ដូច​ជា​កូន​អ្នក​មីង តន់ ស្រី​ពៅ ជាដើម ពួកគេ​ទាំង​បី​នាក់​សុទ្ធតែ​នៅ​តូចៗ​។ ពេល​ពិបាកចិត្ត​ពេក ខ្ញុំ​មិនដឹង​ទៅ​ណា​ក៏​ទៅ​ជួប​ពួកគេ​។ ពួក​គេ​សួរ​ខ្ញុំ​ថា កាលណា​ទើប​ម៉ាក់​យើង​ត្រឡប់មកផ្ទះ​វិញ​?”​។

​ដោយ​មាន​តំណក់ទឹកភ្នែក ស្រី​លក្ខណ៍​ខំ​ជូត​យ៉ាង​ប្រញាប់ ហើយ​បន្ត​រៀបរាប់​ទាំង​រអាក់រអួល​ថា “​ខ្ញុំ​ប្រាប់​ពួកគេ​ថា ពីរ​បី​ថ្ងៃ​ទៀត ម៉ាក់​យើង​នឹង​មកវិញហើយ​! ខ្ញុំ​អាណិត​ពួកគេ (​កុមារ​តូចៗ​ជាង​នាង​) ពួកគេ​មិន​ព្រមទៅ​ណា​ទេ​! រាល់​លើក​ខ្ញុំ​ឃើញ​ពួកគេ​អង្គុយ​នៅមុខ​ផ្ទះ​រង់ចាំ​ម៉ាក់​ត្រឡប់មកវិញ​”​។​

​នៅពេល​សួរ​ថា តើ​សង្ឃឹមថា​ម៉ាក់​នឹង​បាន​ត្រឡប់មក​ផ្ទះ​វិញ​ដែរ ឬ​អត់​នោះ កុមារី ស្រី​លក្ខណ៍ ទម្លាក់​ទឹកមុខ ឆ្លើយ​ទាំង​មិន​ប្រាកដ​ថា “​សង្ឃឹម​តិចៗ​ដែរ ខ្ញុំ​មិនដឹង​ធ្វើ​យ៉ាងណា​ទៀត​ទេ គឺមាន​តែ​លើ​កម្រាម​ដប់​អង្វរ​សុំ​ឱ្យ​អស់លោក​អ្នក​ណា​ក៏បាន ជួយ​នាំ​ម៉ាក់​ខ្ញុំ និង​អ្នក ១៤ នាក់​ទៀត​ត្រឡប់មកផ្ទះ​វិញ​”​។​

​អ៊ុំ​ស្រី ឃិន ទូច ជា​ម្តាយ​របស់​អ្នកស្រី ថូ ដាវី ដែល​កំពុង​នៅ​ក្នុង​ពន្ធនាគារ​ដែរ បានឱ្យដឹងថា ចៅ​របស់​គាត់​(​កូន​របស់ ថូ ដាវី​) ពីរ​នាក់ អាយុ ៦​ឆ្នាំ និង ៤​ឆ្នាំ ពេលនេះ​នៅក្នុង​បន្ទុក​របស់​គាត់ ដែល​ប្រកបរ​បរជា​អ្នក​លក់​បបរ​មិនបាន​ទៀងទាត់ ព្រោះ​រវល់​តវា​ឱ្យ​ដោះលែង​អ្នក​ទាំង ១៥​នាក់​។​

​ជីដូន​វ័យ ៦០​ឆ្នាំ រូបនេះ​បាន​ឱ្យដឹងថា កុមារ​ទាំង​ពីរ​នាក់​ឈឺ​ជា​ញឹកញាប់ ហើយ​កំពុង​ខ្វះ​អាហារ​។ យប់​ឡើង​ពួកគេ​ទាំង​ពីរ​នាក់​គេង​ជាមួយ​គាត់ ហើយ​ពេល​ណា​ក៏​ពួកគេ​សួរថា “​យាយ​! ម៉ាក់​ទៅណា​? ថ្ងៃ​ណា​ទើប​ម៉ាក់​ត្រឡប់មកវិញ​?​។ ដូនចាស់​រូបនេះ​បាន​បាន ទាញ​ជាយ​ក្រមា​ជូត​ទឹកភ្នែក​ហើយ​រៀបរាប់​ទាំង​រំជួលចិត្ត​ថា “​យប់​ឡើង ពួកគេ​មមើយំ​រក​ម្តាយ​…”​។​

​កុមារី ញ៉េប ស្រី​ម៉ី ជា​កូន​របស់​អ្នកស្រី នាង មុំ ដែល​កំពុង​នៅ​ក្នុង​គុក​ព្រៃ​ស​ដែរនោះ រកកល​ចង់​យំ ហើយ​បាន​រៀបរាប់​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា “​ខ្ញុំ​នឹក​ម៉ាក់​!​បងប្អូន​ខ្ញុំ​យំ​រាល់​យប់​រាល់ថ្ងៃ ពេល​ញ៉ាំ​ធ្លាប់​ឃើញ​ម៉ាក់ ពេលយប់​ម៉ាក់​ធ្លាប់​រៀបចំ​កន្លែង​ឱ្យ​គេង​”​។​

​ជាមួយ​កែវភ្នែក​រលីងរលោង ស្រី​ម៉ី សំដែង​ក្តី​អស់​សង្ឃឹម​ថា “​ទៅ​ច្រើន​កន្លែង​ហើយ សូម្បី​សម្តេច​តា សម្តេច​យាយ​ក៏​បាន​ទៅ​ហើយ នៅតែ​មិន​ឃើញ​ម៉ាក់​ត្រឡប់មកផ្ទះ​វិញ មិនដឹងថា​គាត់​នឹង​អាច​មក​វិញ​ដែរ​ឬ​អត់​ទេ​?”​។​

​កុមារ​ផ្សេងទៀត​នៅ​តំបន់​បឹងកក់​នេះ ដែល​យើង​បាន​ជួប​ជាមួយ បើ​ទោះ​ជា​ឪពុក ម្តាយ ឬ​គ្រួសារ​គេ ពុំ​ត្រូវបាន​ចាប់ខ្លួន និង​កាត់​ឱ្យ​ជាប់​ពន្ធនាគារ​ក្តី ក៏​សុទ្ធតែ​បារម្ភ​ប្រហាក់ប្រហែលគ្នា​នឹង​កុមារី លឹម ផេង​អ៊ី អាយុ ១២​ឆ្នាំ រៀន​នៅ​សាលា​វត្ត​ព្រះពុទ្ធ ប៉ុន្តែ​បាន​បោះបង់​ចោល​ការសិក្សា​តាំងពី​ពេល​គេ ឈូសឆាយ​ផ្ទះ​នោះ ក៏​បាន​និយាយ​ដែរ​ថា បារម្ភ​រឿង​ផ្ទះសម្បែង ភ័យខ្លាច​ថ្ងៃ​ណាមួយ​ត្រូវ​គេ​ចាប់​ម្តាយ ឬ​នរណា​ម្នាក់​នៅក្នុង​គ្រួសារ​ដូច​អ្នក​ទាំង ១៥​នាក់​ដែរ​។ ផេង​អ៊ី បានឱ្យដឹងថា “​ខ្ញុំ​អាណិត​ពួកគេ (​កុមារ​ដែល​ម្តាយ​ត្រូវបាន​ចាប់ និង​កាត់​ឱ្យ​ជាប់​ពន្ធនាគារ​) ព្រោះ​ម៉ាក់​ខ្ញុំ​ក៏​ជា​អ្នកចូលរួម​តវ៉ា​រាល់​លើក​ដែរ​”​។

​ចំណែក​លោក សុធា អា​រុណ ប្រធាន​អង្គការ​សុវណ្ណ​កុមារ ជា​អង្គការ​មើលថែទាំ​កុមារ បាន​បញ្ចេញ​ទស្សនៈ​ថា “​ទាំងនេះ​ជា​កត្តា​អវិជ្ជមាន​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​កុមារ នៅ​បឹង​កក់ ហើយ​វា​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន ដក់​នៅក្នុង​ស្មារតី​របស់​ពួកគេ ដែល​យើង​មិន​អាច​ដឹង​ថា វា​មាន​វិសាលភាព​ប៉ុណ្ណា​ឡើយ​”​។​

​ការតវ៉ា​នៅ​តែ​បន្ត កុមារ​នៅ​សហគមន៍​បឹងកក់ ជាពិសេស កុមារ​ទាំងឡាយ​ដែល​ជា​កូន​របស់​អ្នកតំណាង​ទាំង ១៥​នាក់ ដែល​ត្រូវបាន​ចាប់ និង​កាត់​ឱ្យ​ជាប់​ពន្ធនាគារ ក៏​នៅតែ​បន្ត​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ទាំងនោះ​ទៀត​៕ K

What Next?

Recent Articles

6 Responses to "កុមារ​នៅ​សហគមន៍​បឹងកក់ កំពុង​រង​ទុក្ខ​លំបាក និង​រស់​ក្នុង​ក្តីភ័យខ្លាច​"

  1. nin ja says:

    this is cambodia peak a brain anch os nis ter bab teart people ka-leant heng!

  2. It’s unbeliable that Cambodians, including the King and
    Hun Sen, are Buddhists, aren’t they? At least the King
    should show his sympathy for the victims. Is it wrong for
    him to do so? What the coward King he is! I don’t believe
    Hun Sen would kill the King if he offers help to the victims.
    But this scare-crow King is just as heartless as a stone!

  3. salim says:

    អាណិតកុមារទាំងនោះណាស់ដែលម្តាយត្រូវចាប់
    ជាប់ពន្ធនាគារដោយអយុត្តិធម៌ ធ្វើអោយខ្វះអ្នកមើលថែ
    និងមានជីវភាពរស់នៅទុក្ខលំបាក ប៉ុន្តែរដ្ឋាភិបាលកម្ពុជា
    មិនដែលអន្តរាគមន៍ និងមិនចូលមកដោះស្រាយដែលកើត
    ឡើងនោះទេ៕

  4. កើតខ្មែរខុសដែរ?

    ១- ឱះឱ! ខេមរា—បើកភ្នែកពេលណា—ទុក្ខាមកដល់
    គេងព្រួយថ្ងៃយប់—ចិត្តសែនខ្វាយខ្វល់—រងទុក្ខអំពល់
    បាយស្រូបទឹកភ្នែក ។
    ២- កូនចៅប្រុសស្រី—ភ័យអត់ចំណី—វេលាថ្ងៃស្អែក
    បានអ្វីបរិភោគ—បើក្រអនេក—បាយស្រូបទឹកភ្នែក
    មិនដែលពេញពោះ ។
    ៣- ម្យ៉ាងខ្លាចគេដេញ—រត់លូនរមេញ—ដោយឈ្មួញទុយ៌ស
    ពួកមនុស្សអធ៌ម—គ្មានក្តីស្រណោះ—មិនគួរអីសោះ
    កើតមកជាខ្មែរ ។
    ៤- សង្ឃឺមនរណា—បើអស់អាជ្ញា—គេមិនងាកបែរ
    មៀងមើលឱ្យឃើញ—ទុក្ខរបស់ខ្មែរ—ឬមើលឃើញដែរ
    តែធ្វើជាខ្វាក់ ។
    ៥- តើសង្ឃឺមអ្វី—បើម្ចាស់ផែនដី—លុះក្រោមទឹកប្រាក់
    អំណាចពេញដៃ—ក៏បែរអបល័ក្ខ—យកអំណាច-ប្រាក់
    មកធ្វើត្រីមុខ ។
    ៦- កើតខ្មែរខុសដែរ?—ថាមិនខុសទេ—បើមេឱ្យសុខ
    បើខុសគឺមេ—ដើរតួប្រមុខ—សាសន៍គេចូលលុក
    មុខក្រោយរាល់ថ្ងៃ ។
    ៧- កើតខ្មែរខុសដែរ?—ឈាមជ័រដូចគេ—ជាតិសាសន៍ដទៃ
    ខុសត្រង់តែថា—មេយើងមិនថ្លៃ—លក់ទឹកលក់ដី
    លៃយកអំណាច ។
    ៨- កើតខ្មែរខុសដែរ?—ខុសនេះខុសទ្វេ—ព្រោះមេកោងកាច
    គិតមានតែអញ—លើដីក្រោមមេឃ—មិនគិតសង្វេគ
    ដល់រាស្រ្តប្រជា ។
    ៩- កើតខ្មែរមិនខុស—បើមេយើងស្មោះ—ចិត្តមានសទ្ធា
    មេត្តាករុណា—សន្តោសគ្រប់គ្រា—ឱ្យរាស្រ្តប្រជា
    មានការកក់ក្តៅ ។
    ១០- កើតខ្មែរអត់ខុស—បើខ្មែរទាំងអស់—ទាំងក្នុងទាំងក្រៅ
    ពិចារណ៍ឱ្យស្គាល់—កលមេល្ងង់ខ្លៅ—Then vote them out
    ទើបខ្មែរសុខអើយ!

  5. Vichet says:

    អនិច្ចាកូនខ្មែរ, តើកុមារទាំងនោះ មានបាបកម្មពីអតីតជាតិឬ? ប្រសិនបើអ្នកជាកុមារទាំងនោះវិញ តើអ្នកគិតយ៉ាងណា?

  6. brosspreanneary says:

    Its bad!!! Our leader seem so blind about the misery that happen to Cambodian but seem so care about Vietnamese. Thats why they call our leader Vietnamese PUPPY!!!!!!