06182013Headline:

ភ្ញៀវទេសចរ​បរទេស ពេញ​ចិត្តនឹង​កាំជណ្តើរ ឡើង​ទស្សនា​កំពូល​ប្រាសាទអង្គរវត្ត​

ថ្ងៃទី 11 មិថុនា 2012
ដោយ: កូឡាប
CEN

ភ្ញៀវទេសចរ​បរទេស ពេញ​ចិត្តនឹង​ការដើរឡើងចុះកាំជណ្តើរ ឡើង​ទៅទស្សនា​កំពូល​ប្រាសាទអង្គរវត្ត​(រូបថត : កាសែតរស្មីកម្ពុជា)

ភ្ញៀវទេសចរ បរទេស ពេញ ចិត្តនឹង ការដើរឡើងចុះកាំជណ្តើរ ឡើង ទៅទស្សនា កំពូល ប្រាសាទអង្គរវត្ត (រូបថត : កាសែតរស្មីកម្ពុជា)

សៀមរាប: ​ទោះបីជា​ញើស​ហូរ​រហាម​ពេញ​ផ្ទៃមុខ និង​ពេញ​រាងកាយ​ក៏ដោយ ក៏​ភ្ញៀវទេសចរ រួមមាន ជនជាតិ​ចិន កូរ៉េ វៀតណាម ជប៉ុន និង​អឺរ៉ុប ជាដើម បានបង្ហាញ​ទឹកមុខ​រីករាយ នៅពេលដែល​ពួកគេ​បានឃើញ​ដោយផ្ទាល់​ភ្នែក​នូវ​ប្រាសាទអង្គរវត្ត ដែលជា​អច្ឆរិយៈ​របស់​កម្ពុជា​។

​ភ្ញៀវទេសចរ​ទាំងនោះ បានបង្ហាញ​ទឹកចិត្ត​រីករាយ​ខ្លាំងណាស់ នៅពេល​បាន​ឡើងជណ្តើរទៅ​ទស្សនា​ដល់​កំពូល​ប្រាសាទអង្គរវត្ត​។ ជណ្តើរ​ឈើ​ពីរ ដែល​នៅ​ចម្ងាយ​ពីគ្នាប្រហែល​មួយ​ម៉ែត្រ គឺ​ជណ្តើរ​មួយសម្រាប់​ឡើង និង​ជណ្តើរ​មួយទៀតសម្រាប់​ចុះ ស្ថិតក្នុង​កម្ពស់​ប្រមាណ ៣០ ម៉ែត្រ ភ្ញៀវទេសចរ​បន្តកន្ទុយ​គ្នា​ឡើង​ចុះ​ឥត​ដាច់​។ ទីនេះ គឺជា​កំពូល​ប្រាសាទ​មួយ ក្នុងចំណោម​កំពូល​ប្រាសាទអង្គរវត្ត​ទាំង ៥ ដែលមាន​កាំជណ្តើរ​ប្រមាណ ៥០ កាំ ធ្វើ​ពី​ឈើ និង​បង្កាន់ដៃ​ដែក ដែល​អាជ្ញាធរ​អប្សរា ទើបបាន​កសាង​នា​សម័យ​បច្ចុប្បន្ន ជំនួស​ជណ្តើរថ្ម​បុរាណ ដោយមាន​សភាព​ចោទ​ខ្លាំង និង​សឹក​រេចរឹល​។​

​មគ្គុទ្ទេសក៍​នាំ​ភ្ញៀវ​មាន​ឯកសណ្ឋាន​អាវ​ពណ៌​លឿង​ខ្លី ជាមួយ​នឹងមាន​សញ្ញា​ស​ម្គា​ល់​ផង លោក ខិល សំរិទ្ធ និយាយ​ឲ្យ​ដឹងថា បើទោះបី​រដូវវស្សា បាន​ឈាន​មកដល់ ក៏​ភ្ញៀវទេសចរចូល​ទស្សនា​ប្រាសាទអង្គរវត្ត កាន់​តែមាន​ចំនួនកើនឡើង​ជាង​រៀងរាល់​ឆ្នាំ​។​

​លោក សំរិទ្ធ បន្តថា គ្រាន់តែ​ជិត​ពាក់កណ្តាល​ឆ្នាំ​២០១២​នេះ ភ្ញៀវទេសចរមាន​ចំនួន​ជាង​មួយ​លាន​នាក់​ហើយ​។ ឆ្នាំទៅ​មិញ ភ្ញៀវទេសចរកើន​ដល់​ជិត​បី​លាន​នាក់ ដែលជា​ចំនួន​កើនលើស​បណ្តា​ឆ្នាំកន្លងមក​។​

​មគ្គុទ្ទេសក៍ ខិល សំរិទ្ធ បាន​ឲ្យ​ដឹង​ទៀតថា បើតាម​ចំនួន ​ភ្ញៀវទេសចរ​បរទេសកើន​ច្រើន​យ៉ាងនេះ នៅ​ឆ្នាំ​២០១២ ចំនួន​ភ្ញៀវទេសចរចូលមក​កាន់​ប្រាសាទអង្គរវត្ត នឹង​កើន​ដល់​ជាង​បី​លាន​នាក់​ពុំខាន​។

​លោក សំរិទ្ធ បន្ថែ​មថា ភ្ញៀវទេសចរ​បរទេសនាំមុខគេពេលនេះ គឺ​ជនជាតិ​វៀតណាម បន្ទាប់មក​ចិន កូរ៉េ និង​ជប៉ុន​។ ឯ​ជនជាតិ​អឺរ៉ុប មានបារាំង ជាដើម​។
​ចំពោះ​សួរថា​តើ​ភ្ញៀវទេសចរ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត តើ​គេ​ពេញចិត្ត​អ្វីខ្លះ​? ភ្លាមនោះ មគ្គុទ្ទេសក៍ សំរិទ្ធ ឆ្លើយ​ភ្លាមៗ​ថា ភ្ញៀវទេសចរ​បរទេសពេញចិត្ត​ខ្លាំងណាស់ ក្នុង​ការឡើង​តាម​ជណ្តើរ​ឈើ​ទៅ​ទស្សនា​កំពូល​ប្រាសាទអង្គរវត្ត​។ ពេល​ឡើងទៅ​ក្នុង​កំពូល​ប្រាសាទ​ហើយ ពួកគេ​បាន​ទស្សនា​ទិដ្ឋភាព​ប្រាសាទ​ពីលើ គួរ​ឲ្យ​កោតស្ញប់ស្ញែង​។

​ភ្ញៀវទេសចរ​បរទេស​គ្រប់គ្នា ពេល​ឡើងដល់​កំពូល​ប្រាសាទ​ហើយ ហាក់​មាន​អារម្មណ៍​រំភើប​រីករាយ ភ្លេច​អស់​នូវ​ការ​ហត់នឿយ បន្ទាប់ពី​ពួកគេ​ដើរ​គយគន់ និង​ពិនិត្យ​ក្បាច់រចនា​នៅលើ​ចម្លាក់​ច្រើន​ប្រភេទ ពី​កន្លែង​មួយទៅ​កន្លែង​មួយ ពុំ​ចេះ​អស់​រួចមក​។​

​មគ្គុទ្ទេសក៍ សំរិទ្ធ បញ្ជាក់ថា ភ្ញៀវទេសចរ​បរទេស​ខ្លះ មក​ម្តង​ហើយម្តងទៀត ប៉ុន្តែ​ពួកគាត់នៅតែ​ចង់​ឡើងជណ្តើរ​ទៅ​ទស្សនា​កំពូល​ប្រាសាទអង្គរវត្ត ដោយ​មិន​គិតដល់​ការហូរ​ញើស ​ហេវ​ហត់​ឡើយ​។ នៅលើ​កំពូល​នេះ មាន​ខ្យល់​បរិសុទ្ធ​ធម្មជាតិ​បរិបូរណ៍ ជាមួយ​អារម្មណ៍​រីករាយពេល​បានឃើញ​ទេសភាព​ធម្មជាតិ និង​កំពូល​ប្រាសាទ​ទាំងឡាយនៅ​ជិត​នោះ បាន​គ្របដណ្តប់​នូវ​ការ​ហេវ​ហត់​ទាំង​អម្បាល​ម៉ានដែលមាន​ពីមុនមក​៕​ S

What Next?

Recent Articles

2 Responses to "ភ្ញៀវទេសចរ​បរទេស ពេញ​ចិត្តនឹង​កាំជណ្តើរ ឡើង​ទស្សនា​កំពូល​ប្រាសាទអង្គរវត្ត​"

  1. នាយឡេវ says:

    ការជួសជុលផ្លូវច្រកចូលខាងមុខប្រសាទឃើញធ្វើយូហើយតែនៅមិនទាន់បានសម្រេចមិនដឹងពេលណាជើបជួសជុលហើយ!!!

  2. មនុស្សមកលេងអង្គរវត្តច្រើន,ក្រុមហ៊ុនកូរ៉េក៏រិតតែចំណេញប្រាក់កាន់តែច្រើនុ។