05222013Headline:

ជីវភាព​ក្រីក្រ ធ្វើ​ឲ្យ​កុមារ​កម្ពុជា​មួយចំនួន ចេញ​ប្រកបរ​បរដូច​មនុស្ស​ធំ​

ថ្ងៃទី 12 មិថុនា 2012
ដោយ: លីនណា
CEN

កុមារា ឌួង ចាន់​ឌី ពេលលក់​ឈូក​ស្ងោរ នៅក្នុងហាងផឹកស៊ីមួយកន្លែង ក្នុងតំបន់បឹងត្របែក (រូបថត : លីនណា)

កុមារា ឌួង ចាន់ ឌី ពេលលក់ ឈូក ស្ងោរ នៅក្នុងហាងផឹកស៊ីមួយកន្លែង ក្នុងតំបន់បឹងត្របែក (រូបថត : លីនណា)

ភ្នំពេញ: ដោយសារតែ​ស្ថានភាព​គ្រួសារ​មាន​ជីវភាព​ក្រីក្រ ខ្វះមុខខ្វះក្រោយ កុមារ​នៃ​គ្រួសារ​មួយចំនួន​បានចេញ​ស្វែងរក​ចំណូល សម្រាប់​ជួយ​ទំនុកបម្រុង​គ្រួសារ ដូចជា លក់​ផ្លែឈើ សណ្ដែកដី​ស្ងោរ គ្រាប់​ឈូក​ស្ងោរ អាហារ​ក្រៀម​មួយចំនួន និង​ផ្កា នៅតាម​ភោ​នី​យ​ដ្ឋា​ន​។

​តួយ៉ាង កុមារី​ឈ្មោះ នី អាយុ​ទើបតែ ១២​ឆ្នាំ រៀន​នៅ​សាលាបឋមសិក្សា​ច្បារអំពៅ​២ ថ្នាក់​ទី​៥ និង​មាន​ទីលំនៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌមានជ័យ បាន​និយាយ​រៀបរាប់​ក្នុងពេល​កំពុង​លក់​សណ្ដែកដី​ស្ងោរ​ថា នាង​បាន​ប្រកប​របរ​លក់​សណ្ដែកដី​ស្ងោរ​នេះ អស់​រយៈពេល​បី​បួន​ឆ្នាំ​មកហើយ ដោយ​ដើរ​លក់​នៅពេល​យប់​តាម​ហាង​ផឹកស៊ី​មួយចំនួន​នៅក្នុង​ក្រុងភ្នំពេញ​។

​កុមារី នី បាន​និយាយទៀតថា នាង​អាច​លក់​សណ្ដែកដី​ស្ងោរ​ក្នុង​មួយ​យប់​បាន​មួយ​ល្អី និង​ចំណេញ​បាន​ប្រាក់​ពី​ពីរម៉ឺន​ទៅ​បី​ម៉ឺន​រៀល (​លក់​មួយ​ពាន់​រៀល ក្នុង​មួយ​កំប៉ុង​)​។ នាង​បន្តទៀតថា ប្អូនស្រី​របស់​នាង​ដែល​រៀន​ថ្នាក់​ជាមួយ​នាង ក៏​ប្រកបមុខរបរ​ទូល​សណ្ដែក​ដី​ស្ងោរ​ពេលយប់ តាម​ហាង​ផឹកស៊ី​ដូច​នាង​ដែរ​។​

​កុមារី នី បាន​បញ្ជាក់ថា “​លុយ​ដែល​ខ្ញុំ​លក់បាន​ចំណេញ ខ្ញុំ​យកទៅ​ឲ្យ​ម៉ែ​ខ្ញុំ​នៅផ្ទះ សម្រាប់​ទិញ​អង្ករ និង​ទិញ​ម្ហូប និង​ទិញ​ខោអាវ​ឲ្យ​ខ្ញុំ​រៀន​។ ពុក​ខ្ញុំ​រត់​ម៉ូតូឌុប នៅពេល​ល្ងាច​គាត់​ជូន​ពួក​ខ្ញុំ​មក​លក់​សណ្ដែកដី​ស្ងោរ​តាម​ហាង​។ ខ្ញុំ​មិនដែល​មាន​ពេល​រៀន​នៅពេល​យប់ និង​គ្មាន​ពេល​សូម្បីតែ​មើល​ទូរទស្សន៍​កម្សាន្ដ​។ ម៉ែ​ខ្ញុំ​ប្រាប់ថា យើង​ក្រ​ខំ​រកស៊ី​”​។​

​ជាមួយគ្នា​នោះដែរ កុមារា​ម្នាក់ទៀត ឈ្មោះ ឌួង ចាន់​ឌី អាយុ ១២​ឆ្នាំ រៀន​ថ្នាក់​ទី​៦ នៅ​សាលាបឋមសិក្សា​ច្បារអំពៅ​២ មាន​ទីលំនៅ​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​១ ប្រកបមុខរបរ​លក់​ឈូក​ស្ងោរ បាន​និយាយ​ទាំង​ទឹកមុខ​ស្ងួត និង​បង្ហាញ​អារម្មណ៍​នឿយហត់​ថា ខ្លួន​ដើរ​លក់​ឈូក​ស្ងោរ​នៅពេល​យប់ តាម​ហាង​ផឹកស៊ី​នៅ​ម្ដុំ​បឹងត្របែក បើ​លក់​អស់ ចំណេញ​បាន​ប្រមាណ​បី​ម៉ឺន​រៀល បន្ទាប់ពី​ទូទាត់​ថ្លៃ​គ្រាប់​ឈូក​រួច​។

​ចាន់​ឌី បាន​ប្រាប់ថា “​ខ្ញុំ​មាន​បងប្អូន​បួន​នាក់ ខ្ញុំ​ជា​កូនពៅ គ្រួសារ​ខ្ញុំ​ក្រីក្រ រស់នៅ​ភូមិ​ដើម​ចាន់ ឪពុក​ខ្ញុំ​រត់​ម៉ូតូឌុប ម្ដាយ​នៅផ្ទះ​។ រៀងរាល់​ល្ងាច ពេលខ្លះ​ហូបបាយ​រួច និង​ពេលខ្លះ​មិនទាន់​ហូបបាយ​ល្ងាច ខ្ញុំ​បាន​យក​គ្រាប់​ឈូក​ដែល​ម្ដាយ​ខ្ញុំ​ស្ងោរ​រួច ជិះ​ម៉ូតូ​មកជា​មួយ​ពុក ដើម្បី​លក់​គ្រាប់​ឈូក​ស្ងោរ​ទាំងនេះ​”​។​

​ទាក់ទិន​នឹង​ទិដ្ឋភាព​ខាងលើ លោកស្រី​វេជ្ជបណ្ឌិត ពុង ឈី​វ​កេក ប្រធាន​អង្គការសិទ្ធិមនុស្ស​លីកាដូ បាន​មានប្រសាសន៍ថា អង្គការ​លោកស្រី​មិន​ចង់ឃើញ​កុមារ​ត្រូវបាន​គេ​ប្រើប្រាស់​កម្លាំង​ពលកម្ម នៅតាម​កន្លែងធ្វើការ​ធ្ងន់ធ្ងរ និង​បង្ខំ​ឲ្យ​ធ្វើការ​ស៊ីឈ្នួល​តាម​ផ្ទះ ភោជនីយដ្ឋាន ដោយ​ពុំ​បានទទួល​ការរៀនសូត្រ​នោះឡើយ​។

​លោកស្រី​បាន​បញ្ជាក់ថា “​តាម​ការអង្កេត ឃើញថា ការរំលោភ​សេពសន្ថវៈ​នៅតែមាន ហើយ​កុមារ​ដែល​ធ្វើការ​នៅ​កន្លែងធ្វើការ​ងារ​ធ្ងន់ធ្ងរ និង​ធ្វើការ​នៅតាម​ផ្ទះ ភោជនីយដ្ឋាន ក៏​នៅតែមាន មិនអាច​លុបបំបាត់បាន នោះ​ដោយសារតែ​បញ្ហា​ក្រលំបាក​របស់​ឪពុកម្ដាយ ដែល​យក​កូន​មក​ឲ្យ​ស៊ីឈ្នួល​បម្រើ​ការងារ​តាម​ផ្ទះ និង​កន្លែង​នានា ដោយ​មិន​គិតពី​អនាគត​របស់​កូន ហើយ​ឪពុកម្ដាយ​ខ្លះទៀត យក​កូន​មក​ធ្វើការ​ដើម្បី​សងបំណុល​គេ ដោយ​កុមារ​ទាំងនោះ​មិនបាន​ទៅ​សាលា និង​ខ្លះទៀត​ត្រូវបាន​ឈប់​ពីសា​លា ដោយ​ម្ដាយ​ឪពុក ឬ​អាណាព្យាបាល យកមក​ឲ្យ​ធ្វើការ​រកប្រាក់​”​។​

​លោកស្រី​វេជ្ជបណ្ឌិត​បាន​រៀបរាប់​បន្តថា អង្គការ​លីកាដូ​បាន​រកឃើញ​កុមារ​ធ្វើការ​នៅតាម​ស្រែអំបិល (​កំពត​, កែប​), បក​បង្គា​, តាម​ឡឥដ្ឋ​, រោងចក្រ​, កុមារ​ខ្លះទៀត​ធ្វើការ​នៅ​កន្លែង​ចាក់សំរាម (​គ្មាន​ការការពារ​សុខភាព​) និង​កន្លែងធ្វើការ​ធ្ងន់​ដូច​មនុស្ស​ធំ ដោយ​មិនបាន​ទៅ​សាលា​។​

​លោកស្រី​ប្រធាន​អង្គការសិទ្ធិមនុស្ស​លីកាដូ​បាន​បន្ថែមថា ចំពោះ​កុមារ​ដែល​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍ និង​ចំណីអាហារ​ផ្សេងទៀត តាម​អាហារ​ដ្ឋា​នានា​នោះ មិន​ប្រឈម​គ្រោះថ្នាក់​ធ្ងន់ធ្ងរ មិន​គ្រោះថ្នាក់​ដល់​ជីវិត ដូច​កុមារ​ដែល​ធ្វើការ​នៅតាម​ស្រែអំបិល រោងចក្រ និង​ឡឥដ្ឋ​ទេ ដោយ​ម្ដាយ​ឪពុក​ខ្លះ​បាន​ឲ្យ​កូន​មាន​ពេល​ទៅ​សាលា ប៉ុន្តែ​ការប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ ឲ្យ​ធ្វើជា​អ្នកស្វែងរក​ប្រាក់ចំណូល​សម្រាប់​គ្រួសារ ជំនួស​អាណាព្យាបាល ឪពុកម្ដាយ​នោះ ជា​ទង្វើ​ខុសច្បាប់ និង​អសីលធម៌​សង្គម​។ តាមច្បាប់ កុមារ​ដែលមាន​អាយុ​ចាប់ពី ៦​ឆ្នាំ ទទួលបាន​សិទ្ធិ​ចូលរៀន​ដោយ​មិន​បង់ថ្លៃ នៅ​សាលា​រដ្ឋ រហូតដល់​ចប់​មធ្យមសិក្សា​បឋមភូមិ​។​

​លោកស្រី​បញ្ជាក់ទៀតថា “​ចំពោះ​ការ​ឲ្យ​កុមារ​ចូលរួមចំណែក​ក្នុង​សេដ្ឋកិច្ច សម្រាប់​ថ្ងៃ​សៅរ៍ និង​អាទិត្យ សម្រាក​ពី​ការរៀនសូត្រ គឺជា​រឿង​ធម្មតា ប៉ុន្តែ​ខ្ញុំ​ចង់ឃើញ​កុមារ​ទាំងនោះ​ចូល​សាលា​។ កុមារ​ដែល​រៀនសូត្រ ទើប​មានចំណេះ​វិជ្ជា រក​ការងារ​ធ្វើ​ក៏​ស្រួល និង​មិន​ងាយ​ចាញ់បោក​គេ ដោយ​គេ​ចេះ​ពិចារណា​”​។​

​ស្របពេល​ជាមួយគ្នានេះដែរ កម្ពុជា​ជា​ប្រទេស​ហត្ថលេខី នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិ​កុមារ និង​អនុសញ្ញា​លេខ ១៨២ របស់​អង្គការ​ពលកម្ម​អន្តរជាតិ ស្ដីពី ការលុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានចេញ​សារាចរ​ណែនាំ ស្ដីពី ការចាត់តាំង​ខួប​លើក​ទី​៦៣ ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ខួប​លើក​ទី​១១ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២​មិថុនា និង​ទិវា​កុមារ​កម្ពុជា ឆ្នាំ​២០១២ ដែល​ទាំងនេះ គឺជា​ការចូលរួម​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​។​

​នៅក្នុង​សេចក្ដីណែនាំ​នោះដែរ សម្ដេច​តេ​ជោ ហ៊ុន សែន (១៧ ឧសភា ២០១២) បាន​បញ្ជាក់ថា ការ​ប្រារព្ធ​ទិវា​ពិភពលោក​ប្រឆាំងនឹង​ពលកម្ម​កុមារ ១២​មិថុនា គឺ​សំដៅ​ទប់ស្កាត់​ការប្រើប្រាស់​ពលកម្ម​កុមារ និង​ទម្រង់​ធ្ងន់ធ្ងរ ដូចជា ទាសករ​កុមារ ការជួញដូរ​កុមារ ពេស្យាចារ​កុមារ ការប្រើប្រាស់​កុមារ​ក្នុង​ជម្លោះ​ប្រដាប់អាវុធ និង​ក្នុងស្ថានភាព​ងាយ​រងគ្រោះ​។ សម្ដេច​បានបញ្ជាក់​បន្ត​ថា យោងតាម​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ក្នុង​ពិភពលោក​មាន​កុមារ​ប្រមាណ ២១៥ លាន​នាក់ ដែល​កំពុង​ពាក់ព័ន្ធ​ជាមួយនឹង​ពលកម្ម​កុមារ (​កុមារា​ចំនួន ១២៧ លាន​នាក់​, កុមារី​ចំនួន ៨៨ លាន​នាក់​) ក្នុងនោះ មាន​កុមារ​ចំនួន​ប្រមាណ ១១៥ លាន​នាក់ (​កុមារា​ចំនួន ៧៤ លាន​នាក់​, កុមារី​ចំនួន ៤១ លាន​នាក់​) កំពុង​រងគ្រោះ​ដោយ​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ​។ អាស្រ័យ​ហេតុនេះហើយ ទើប​អង្គការ​ពលកម្ម​អន្តរជាតិ សម្រេចយក​ថ្ងៃទី​១២​មិថុនា ជា​រៀងរាល់ឆ្នាំ ដើម្បី​រៀបចំ​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​។​

​នៅក្នុង​សារាចរ​ណែនាំ​ដដែល​នោះ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​បង្កើន​សកម្មភាព​គាំទ្រ និង​ការពារ​ដល់​កុមារ ដើម្បី​លើកស្ទួយ​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ និង​ដើម្បី​អនុវត្ត​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត នូវ​សិទ្ធិ​ជា​ចម្បង​ទាំង​បួន​របស់​កុមារ គឺ​សិទ្ធ​រស់រានមានជីវិត​, សិទ្ធិ​ទទួលបាន​ការការពារ​, សិទ្ធិ​ក្នុងការ​អភិវឌ្ឍ និង​សិទ្ធិ​ក្នុងការ​ចូលរួម​។ ស្ថានភាព​មាតា​ទារក ការអប់រំ​សិក្សា និង​ការការពារ​កុមារ​ប្រឆាំងនឹង​អំពើ​រំលោភបំពាន​ផ្សេងៗ ត្រូវបាន​យកចិត្តទុកដាក់​ជំរុញ​ឲ្យ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់ ហើយ​សម្រេចបាន​លទ្ធផល​ជាច្រើន តាម​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍​។ ជាងនេះទៀត រាជរដ្ឋាភិបាល​បាន​បង្កើន​ថវិកា​លើ​វិស័យ​សង្គមកិច្ច អប់រំ សុខាភិបាល អភិវឌ្ឍន៍ជនបទ កសិកម្ម និង​វិស័យ​មួយចំនួនទៀត ក្នុង​គោលដៅ​ឲ្យ​ប្រជាជន ជាពិសេស​កុមារ ទទួលបាន​សេវា​សង្គម​ប្រកបដោយ​សមធម៌ កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​បើទោះបីជា​យ៉ាងនេះ​ក្ដី កុមារ​កម្ពុជា​នៅ​ប្រឈមមុខ​ជាមួយនឹង​បញ្ហា​មួយចំនួន​នៅឡើយ ដែល​តម្រូវ​ឲ្យ​យើងទាំងអស់គ្នា​ចូលរួម​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា និង​ចំ​គោលដៅ ជាពិសេស​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បានល្អ និង​មាន​ប្រសិទ្ធភាព នូវ​គោលនយោបាយ លិខិតបទដ្ឋាន​គតិ​យុទ្ធ ផែនការ​ជាតិ និង​កម្មវិធី​ជាច្រើន ដែល​រាជរដ្ឋាភិបាល​បាន​បង្កើតឡើង រួមមាន គោលនយោបាយ​ថែទាំ ជំនួយ​ចំពោះ​កុមារ យុទ្ធសាស្ដ្រ​ជាតិ​គាំពារ​សង្គម​សម្រាប់​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ បទដ្ឋាន​អប្បបរមា​សម្រាប់​ការថែទាំ​កុមារ​ក្នុង​មណ្ឌល បទដ្ឋាន​អប្បបរមា​សម្រាប់​ការថែទាំ ជំនួយ​ចំពោះ​កុមារ​នៅតាម​សហគមន៍ បទដ្ឋាន និង​គោលការណ៍​ណែនាំ​សម្រាប់​ការថែទាំ ការគាំទ្រ និង​ការការពារ​កុមារកំព្រា និង​កុមារ​ងាយ​រងគ្រោះ និង​នីតិវីធី​អនុវត្ត​គោលនយោបាយ ស្ដីពី​ការថែទាំ ជំនួយ​ចំពោះ​កុមារ​។

​នៅ​កម្ពុជា បើតាម​ការអះអាង​រប​ស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) មាន​កុមារ​សរុប​ប្រហែល ១​លាន ៥​សែន​នាក់ ដែល​កំពុង​ពាក់ព័ន្ធ​នឹង​ពលកម្ម​កុមារ​។ ក្នុងចំណោម​នោះ កុមារ​ប្រហែល ៣១ ម៉ឺន​នាក់ កំពុងស្ថិត​នៅក្នុង​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ​។ មានការ​ប៉ាន់​ស្មានថា នៅក្នុង​ពិភពលោក​សព្វថ្ងៃនេះ មាន​កុមារ​ប្រមាណ ២១៥ លាន​នាក់ ពាក់ព័ន្ធ​នឹង​ពលកម្ម​កុមារ ហើយ​ពួកគេ​ជាង​ពាក់កណ្តាល បាន​ធ្លាក់​ចូលក្នុង​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ​។​

​អង្គការ ILO បានចេញ​ផ្សាយ​សារ​របស់ខ្លួន ដើម្បី​ចូលរួម​ទិវា​ពិភពលោក​ប្រឆាំងនឹង​ពលកម្ម​កុមារ ១២​មិថុនា ថា “​នៅក្នុង​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ កុមារ​ទទួលរង​ប៉ះពាល់​ដល់​ផ្លូវកាយ ផ្លូវចិត្ត និង​សីលធម៌ ដែល​ធ្វើ​ឲ្យ​មានការ​រងគ្រោះ​យូរអង្វែង​ចំពោះ​កុមារ​ទៀតផង​។ ការចូល​ក្នុង​ទីផ្សារការងារ​មុនពេល​ពេញវ័យ ពួកគេ​នឹងមិន​បានទទួល​ការអប់រំ និង​ការបណ្តុះបណ្តាល​ចាំបាច់ សម្រាប់​ជួយ​អនាគត គ្រួសារ និង​សហគមន៍​របស់​ពួកគេ​ឡើយ​”​។​

​នៅ​ឆ្នាំ​២០០៩ កម្ពុជា​បានក្លាយ​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​លំដាប់​ទីមួយ​នៅក្នុង​តំបន់ ដែល​បានអនុម័ត​ទទួលយក​គោលដៅ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ILO ស្តីពី​ការបញ្ចប់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ ឲ្យ​អស់​នៅត្រឹម​ឆ្នាំ​២០១៦​។ ហេតុនេះ រាជរដ្ឋាភិបាល​បាន​បំពេញការងារ​ជាច្រើន ដើម្បី​ធ្វើ​ឲ្យ​គោលដៅ​នេះ​ក្លាយជា​ការពិត​។ បច្ចុប្បន្ន មាន​ក្រសួង​ផ្សេងៗ​ចំនួន ៩ របស់​រាជរដ្ឋាភិបាល និង​បណ្តា​ខេត្ត​ជាច្រើន រួមទាំង​រាជធានី​ភ្នំពេញ​ផងដែរ កំពុងធ្វើការ​រួមគ្នា​ក្នុងការ​សម្របសម្រួល និង​ចាត់វិធានការ​ផ្សេងៗ ដើម្បី​បញ្ចប់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ​នៅ​កម្ពុជា នា​ឆ្នាំ​២០១៦៕ K​

What Next?

Recent Articles