ដោយ ដែន អយុធ្យា
2012-06-12
វិទ្យុអាស៊ីសេរី
អត្រានៃគ្រោះថ្នាក់ចរាចរណ៍ ៥ខែ ដើមឆ្នាំ២០១២ មានជាង ២.០០០ករណី និងសម្លាប់មនុស្សជាង ៩០០នាក់។ មន្ត្រីជំនាញបានឲ្យដឹងថា ភាគច្រើននៃចំនួនគ្រោះថ្នាក់នេះ បណ្ដាលមកពីកត្តាមនុស្សបើកបរលើសល្បឿនច្បាប់បានកំណត់។

គ្រោះថ្នាក់ ចរាចរណ៍ នៅ តាម ដង ផ្លូវ មួយ ក្នុង រាជធានី ភ្នំពេញ កាល ពី យប់ ថ្ងៃ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០១០ (RFA/Uy Sophea)
ទោះជាយ៉ាងណាក៏ដោយ ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក ព្រាប ច័ន្ទវិបុល បានឲ្យដឹងនៅថ្ងៃទី១១ ខែមិថុនាថា ៥ខែដើមឆ្នាំ២០១២ ករណីគ្រោះថ្នាក់ចរាចរណ៍ និងចំនួនមនុស្សស្លាប់ដោយគ្រោះថ្នាក់នេះបានថយចុះតិចតួច បើប្រៀបធៀប ៥ខែ ឆ្នាំ២០១១។
លោកបន្តថា ទោះបីករណីគ្រោះថ្នាក់ និងអត្រាអ្នកស្លាប់បានថយចុះ ក៏ប៉ុន្តែនៅតែមានការទាមទារឲ្យអ្នកប្រើប្រាស់ផ្លូវគោរពច្បាប់ឲ្យបានទាំងអស់គ្នា។ លោកបញ្ជាក់ថា មានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាង ៥០ភាគរយ បណ្ដាលមកពីអ្នកបើកបរមានល្បឿនលឿន និងមិនគោរពសិទ្ធិអាទិភាពជាដើម។
ទាក់ទងបញ្ហានេះ លោក វន ពៅ ប្រធានសមាគមប្រជាធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានឲ្យដឹងថា សព្វថ្ងៃនេះអត្រាគ្រោះថ្នាក់ចរាចរណ៍មិនទាន់ថយចុះទេ ទាមទារឲ្យស្ថាប័នពាក់ព័ន្ធរកឲ្យឃើញមូលហេតុពិត នាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ និងមានវិធានការទប់ស្កាត់។
លោកស្នើឲ្យស្ថាប័នជំនាញ មានដូចជាសមត្ថកិច្ចក្រសួងមហាផ្ទៃ និងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកជាដើម ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាព។
មន្ត្រីអង្គការជនពិការអន្តរជាតិ បែលហ្ស៊ិក លោក សែម បញ្ញាវុឌ្ឍ បានរកឃើញថា អត្រាគ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នកស្លាប់មិនទាន់មានសញ្ញាថយចុះទេ ក្នុងប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែលោកមិនទាន់បញ្ជាក់ពីទិន្នន័យច្បាស់លាស់ទេ។
ទោះយ៉ាងណា លោក បញ្ញាវុឌ្ឍ ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិតបង្កដោយរថយន្ត បានកើនជាង ១០០នាក់ គិតចាប់ពីឆ្នាំ២០០៩ មកដល់ឆ្នាំ២០១១។ លោកឲ្យដឹងថា អត្រាគ្រោះថ្នាក់ចរាចរណ៍ដែលកើតមាននៅកម្ពុជា បណ្ដាលមកពីកត្តាមនុស្សមិនមែនកត្តាធម្មជាតិនោះទេ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអង្គការសង្គមស៊ីវិលមួយចំនួន បានបង្កើតផែនការសកម្មភាពជាតិ សុវត្ថិភាពចរាចរណ៍រយៈពេល ១០ឆ្នាំ គិតចាប់ពីឆ្នាំ២០១១-២០២០ ដើម្បីកាត់បន្ថយអត្រាស្លាប់ និងគ្រោះថ្នាក់ចរាចរណ៍ឲ្យធ្លាក់មកត្រឹម ៥០ភាគរយ នៃចំនួនគ្រោះថ្នាក់ចរាចរណ៍ និងអត្រាស្លាប់កន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
លោកវន ពៅ ទាមទាអោយស្ថាប័ន ពាក់ពន្ធ័រកអោយឃើញមូលហេតុពិត
នាំអោយកើតគ្រោះថ្នាក់ចរាចរណ៍ និងមានវិធានការទបើស្កាត់ ។
មនុស្សជាង ៩០០ នាក់ស្លាប់ ក្នុងរយៈពេល ៥ ខែកម្លងមក អ្នកទាំងអសា់នោះ
បានលាចាកលោកទាំងមិនអស់ចិត្ត នៅមានការសោកស្តាយចង់រស់នៅដែលបានកើត
ជាមនុស្ស បានស្លាប់ទៅហើយមិនបានទាមទាររកយុត្តិធម៌សម្រាប់
មូលហេតុដែលបណ្តាលអោយខ្លួនស្លាប់នោះទេ ។ អាស្រយ័ហេតុនេះហើយ
នៅតែបន្តស្លាប់ៗ ៗ គ្រប់គ្រួសារភាគច្រើនមិនទទួលបានយុត្តធម៌ដដែល
តើមកពីមូលហេតុអ្វី? ?
សំណងដ៏តិចតួច ជីវិតមនុស្សម្នាក់មិនស្មើ ថ្លៃមាន់ជល់មួយក្បាលផង !
សិស្សធនញ្ជ័យ បាននិយាយប្រាប់កន្លងមកហើយ សំខាន់ការបន្តឹងច្បាប់
បង្កើមការផ្សព្វផ្សាយច្បាប់ចរាចរ ដាក់វិន័យ បើពិនិត្យឃើញការបំពានច្បាប់
បង្កើនសំណងអោយកាន់តែខ្ពស់ក្នុករណីរំលោភច្បាប់ច្រើនដង
ហើយបានធ្វើអោយជនរងគ្រោះស្លាប់។
ផ្លូវស្រុកយើងតូចៗ ភ្លើងបំភ្លឺទីប្រជុំពេលយប់មិនគ្រប់គ្រាន់។ ត្រូវតែធ្វើ
តាមគំរូពីប្រទេសដែលគោរពច្បាប់បានល្អ ហើយជោគជ័យកន្លងមក ។
ធ្វើល្អពេកក្រែងប៉ូលីសរកក្រៅមិនបាន តុលាការគ្មានការងារធ្វើ ពួកគេប្រហែល
ជាចង់បាន មនុស្សបុកគ្នាទើមានរឿង ស្លាប់ច្រើន សំណុំរឿងច្រើន
បើលើសពី៩០០នាក់កាន់តែល្អ បើគិតអញ្ចឹងមែនមានទោសធ្លាក់នរក
រាប់ពាន់ជាន់ទើបសមនឹងអំពើ ។ អគុណនៅការអាន នឹងសូមឆ្លើយតបមក
វិញផង ៕