ដោយ ទីន ហ្សាការីយ៉ា
2012-06-12
វិទ្យុអាស៊ីសេរី
អង្គការសហប្រជាជាតិនៅមិនទាន់បញ្ជូនសហចៅក្រមអន្តរជាតិថ្មី មកកាន់អង្គភាពសាលាក្ដីខ្មែរក្រហមនៅឡើយទេ មកទល់ពេលនេះ បន្ទាប់ពីសហចៅក្រមអន្តរជាតិ ឡូរ៉ង់ កាស្ពែរ អានសើមេត៍ (Laurent Kasper Asermet) បានលាលែងពីតួនាទីកាលពីខែមីនា ឆ្នាំ២០១២ កន្លងទៅនេះ។
គណៈកម្មាធិការប្រតិកម្មកម្ពុជា (CHRAC) ដែលមានចំនួន ២២អង្គការចូលរួម បានចេញសេចក្ដីថ្លែងការណ៍មួយ ជំរុញឲ្យអង្គការសហប្រជាជាតិ និងកម្ពុជាតែងតាំងសហចៅក្រមស៊ើបអង្កេតអន្តរជាតិថ្មី ឲ្យឆាប់រហ័ស និងឲ្យទទួលស្គាល់លទ្ធផលស៊ើបអង្កេតរបស់សហចៅក្រមអន្តរជាតិ ឡូរ៉ង់ កាស្ពែរ អានសើមេត៍ ដើម្បីធ្វើសេចក្ដីសម្រេចប្រកបដោយឯករាជ្យ ចំពោះសំណុំរឿង ០០៣ និង ០០៤។
ប្រធានគណៈកម្មាធិការប្រតិកម្មកម្ពុជា លោក ធន សារាយ មានប្រសាសន៍ថា បើសិនជាអង្គការសហប្រជាជាតិមិនតែងតាំងសហចៅក្រមថ្មីមកចូលធ្វើការនៅសាលាក្ដីជំនួសកន្លែងរបស់លោក ឡូរ៉ង់ កាស្ពែរ ឲ្យបានឆាប់ៗទេនោះ ដំណើរការរបស់សាលាក្ដីលើសំណុំរឿង ០០៣ និង ០០៤ នឹងរាំងស្ទះ។
លោក ធន សារាយ បញ្ជាក់ថា បញ្ហាចម្រូងចម្រាស់រវាងសហចៅក្រមជាតិ លោក យូ ប៊ុនឡេង និង សហចៅក្រមអន្តរជាតិ លោក ឡូរ៉ង់ កាស្ពែរ កន្លងមកនោះ មិនមែនជារឿងបុគ្គលទេ គឺជារឿងឆន្ទៈនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។
សេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការប្រតិកម្មកម្ពុជា បានចេញកាលពីថ្ងៃទី៧ មិថុនា បានសរសេរថា គណៈកម្មាធិការប្រតិកម្មកម្ពុជា ចង់ឃើញការដឹកនាំដ៏ខ្លាំងរបស់អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា អំពីការប្ដេជ្ញាចិត្តរបស់ពួកគេឡើងវិញ ចំពោះសាលាក្ដីនេះ និងបន្តអនុវត្តប្រកបដោយជោគជ័យ។
គ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ ត្រូវខិតខំធ្វើការ និងជៀសវាងពីការរំខាននានា ដែលកើតឡើងនៅគ្រប់ថ្នាក់ទាំងអស់ នៅក្នុងសាលាក្ដីខ្មែរក្រហម ពីព្រោះថា តុលាការកូនកាត់មួយនេះ មានសារៈសំខាន់ចំពោះប្រជាជនកម្ពុជា និងរាល់សកម្មភាពណាក៏ដោយ ដែលធ្វើឲ្យរាំងស្ទះដល់ដំណើរការរបស់សាលាក្ដី ត្រូវចាត់ទុកថា ជាការរារាំងចំពោះយុត្តិធម៌ដ៏ធ្ងន់ធ្ងរ។
ឆ្លើយតបទៅនឹងករណីនេះ មន្ត្រីនាំពាក្យនៃសាលាក្ដីខ្មែរក្រហម លោក នេត្រ ភត្រា បានឲ្យដឹងថា សាលាក្ដីខ្មែរក្រហមនៅមិនទាន់ទទួលដំណឹងពីអង្គការសហប្រជាជាតិនៅឡើយ អំពីការបញ្ជូនសហចៅក្រមស៊ើបអង្កេតថ្មីមកបំពេញការងារនៅតុលាការខ្មែរក្រហមជំនួសលោក កាស្ពែរ នោះ។ ប៉ុន្តែ លោក នេត្រ ភត្រា បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា និងភាគីអង្គការសហប្រជាជាតិនៅតែមានទំនាក់ទំនងល្អនឹងគ្នា។
លោក នេត្រ ភត្រា បានច្រានចោលចំពោះការចោទប្រកាន់ថា សាលាក្ដីខ្មែរក្រហមមិនឯករាជ្យ ហើយស្ថិតនៅក្នុងការជ្រៀតជ្រែកពីរដ្ឋាភិបាលនោះ។
ទោះបីជាយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ សហចៅក្រមអន្តរជាតិ បានលាឈប់ពីតួនាទីនៅការិយាល័យស៊ើបអង្កេត នៃសាលាក្ដីខ្មែរក្រហមអស់ចំនួនពីររូបរួចមកហើយ គឺលោក ស៊ីកហ្វ្រីក ប្លាំង និងលោក ឡូរ៉ង់ កាស្ពែរ។ មូលហេតុសំខាន់ដែលបណ្ដាលឲ្យចៅក្រមអន្តរជាតិលាលែងពីតំណែងបន្តកន្ទុយគ្នានេះ គឺដោយសារតែសមភាគីរបស់ខ្លួន គឺសហចៅក្រមជាតិ មិនសហការ និងគាំទ្រដំណើរស៊ើបអង្កេតលើសំណុំរឿង ០០៣ និង ០០៤ ដែលជាសំណុំរឿងដ៏ចម្រូងចម្រាស់នោះ។
លោក ធន សារាយ បានលើកឡើងថា បញ្ហាដែលកើតមានរវាងសហចៅក្រមជាតិ និងសហចៅក្រមអន្តរជាតិកន្លងមកនោះ បញ្ហាចោទសំខាន់ មកពីបញ្ហាមិនឯករាជ្យរបស់ការិយាល័យស៊ើបអង្កេតមួយនេះ។ លោកបញ្ជាក់ថា បញ្ហាមិនឯករាជ្យ មកពីសំណុំរឿង ០០៣ និង ០០៤ ជាសំណុំរឿងរសើប ដែលរដ្ឋាភិបាលកម្ពុជាមិនចង់ឲ្យតុលាការដំណើរការនីតិវិធីនេះបន្តទៀត។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការប្រតិកម្មកម្ពុជា បានអំពាវនាវឲ្យសាលាក្ដីខ្មែរក្រហម ឲ្យដើរតួនាទីរបស់ខ្លួនឲ្យទូលាយ ជាជាងគ្រាន់តែធ្វើការកាត់ទោសឧក្រិដ្ឋជនមួយចំនួនតូច ហើយស្នើឲ្យសាលាក្ដីខ្មែរក្រហម ត្រូវចាប់ផ្ដើមធ្វើការពិភាក្សាគ្នាឲ្យបានទូលំទូលាយជាងមុន អំពីរបបខ្មែរក្រហម និងអំពីយន្តការរបស់តុលាការបន្ថែមទៀត ដើម្បីជួយដល់អ្នករួចផុតពីសេចក្ដីស្លាប់នៅក្នុងរបបនោះ ឲ្យបានដឹងពីរឿងរ៉ាវពីអតីតកាល។
អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី បានពន្យល់ថា បញ្ហាចម្រូងចម្រាស់រវាងសហចៅក្រមជាតិ និងអន្តរជាតិ បានកើតមាននៅពេលពួកគេបានចាប់ផ្ដើមស៊ើបអង្កេតលើសំណុំរឿង ០០៣ និង ០០៤។ លោក កែម ឡី បានបន្ថែមថា បញ្ហានេះ គឺមកពីភាគីអង្គការសហប្រជាជាតិ និងភាគីអន្តរជាតិ មិនបានកំណត់និយមន័យឲ្យបានច្បាស់ ថាតើការស៊ើបអង្កេតនោះ ត្រូវកំណត់ស៊ើបអង្កេតលើអ្នកទទួលខុសត្រូវខ្ពស់បំផុតកម្រិតណា?
បញ្ហាមិនទាន់មានសហចៅក្រមថ្មី ចូលមកបម្រើការងារនៅក្នុងការិយាល័យស៊ើបអង្កេតរបស់សាលាក្ដីខ្មែរក្រហមនេះ ត្រូវបានអ្នកវិភាគបានលើកឡើងថា សាលាក្ដីខ្មែរក្រហមនៅតែបន្តនីតិវិធីរបស់ខ្លួនបានដដែល ទោះបីជាគ្មានសហចៅក្រមស៊ើបអង្កេតអន្តរជាតិក្ដី ប៉ុន្តែបញ្ហាចោទនៅត្រង់ថា តើតម្លៃនៃការស៊ើបអង្កេតនោះ អាចធ្វើឲ្យសហគមន៍ជាតិ និងអន្តរជាតិអាចជឿទុកចិត្តបានដែរ ឬអត់?
ម្យ៉ាងវិញទៀត ប្រសិនការិយាល័យស៊ើបអង្កេតបន្តធ្វើការស៊ើបអង្កេតតែភាគីជាតិនោះ គឺជាការខុសពីកិច្ចព្រមព្រៀងនៃការបង្កើតសាលាក្ដីខ្មែរក្រហម ដែលត្រូវឲ្យមានភាគី អង្គការសហប្រជាជាតិ និងភាគីជាតិ ចូលរួមនោះ។ បញ្ហាទាំងនេះ អ្នកវិភាគបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាត្រូវរកតម្លៃខ្លួនឯង ត្រូវរកតម្លៃលើប្រជាជាតិរបស់ខ្លួន និងត្រូវរកតម្លៃនៃជំនឿទុកចិត្ត ប្រសើរជាងធ្វើឲ្យតែរួចខ្លួន។
ក្រុមអ្នកវិភាគបានលើកឡើងថា យន្តការដោះស្រាយកុំឲ្យមានភាពចម្រូងចម្រាស់រវាងសហចៅក្រមជាតិ និងសហចៅក្រមអន្តរជាតិបន្តទៀត នៅពេលអង្គការសហប្រជាជាតិតែងតាំងអ្នកថ្មីមកទៀតនោះ មធ្យោបាយ គឺមានតែលោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ និងប្រទេសផ្ដល់ជំនួយ ត្រូវមានជំហរឲ្យបានច្បាស់លាស់ថា តើត្រូវអនុវត្តច្បាប់នៃកិច្ចព្រមព្រៀងដែលមានជាធរមាន ឬអនុវត្តទៅតាមទំនោររដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះកម្ពុជាទាំងអស់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
