ថ្ងៃទី 16 មិថុនា 2012
ដោយ: មង្គល
CEN
បាត់ដំបង: ឧបករណ៍នេសាទខុសច្បាប់មួយចំនួនធំ ត្រូវបានកម្លាំងជលផលខេត្ដបាត់ដំបងដុតបំផ្លាញចោល ខណៈដែលកម្លាំងចម្រុះ មានប៉ូលិស ប៉េអឹម សហគមន៍នេសាទ និងមន្ត្រីជលផលជាង ៣០នាក់ ចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ចំនួន ២២ ករណី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១២ ដែលជារដូវបិទនេសាទ។
លោក លី វេង នាយខណ្ឌជលផលខេត្តបាត់ដំបង បានឲ្យដឹងថា នៅរដូវបិទនេសាទឆ្នាំ២០១២នេះ កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទបានចំនួន ២២ ករណី ក្នុងនោះ ទី១ អ្នកនេសាទប្រើសាច់មងតូចជាងបួនហ៊ុន ចំនួន ៦ ករណី។ ទី២ អ្នកនេសាទប្រើឧបករណ៍ស្បៃមុង (អ៊ុយ) ចំនួន ១១ ករណី។ ទី៣ នេសាទក្នុងកន្លែងអភិរក្ស ចំនួន ១ ករណី។ ទី៤ នេសាទដោយប្រើឧបករណ៍លបណរ៉ាវ ចំនួន ៤ ករណី។
លោក លី វេង បានបន្តថា ជាក់ស្តែងនៅក្នុងរដូវបិទនេសាទឆ្នាំនេះ បទល្មើសបានថយចុះ តែមានជនល្មើសមួយចំនួនតូចនៅតែលួចនេសាទត្រី ដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។ កម្លាំងជលផលខេត្តបាត់ដំបងចុះបង្ក្រាបបទល្មើសក្នុងខែមិថុនា ឆ្នាំ២០១២ ដោយរឹបអូសបានឧបករណ៍នេសាទខុសច្បាប់ជាច្រើន ដូចជា ឧបករណ៍ស្បៃមុង, របាំងស្បៃមុង ២.៣០០ ម៉ែត្រ, លូ ១៥ មាត់, ដកបំផ្លាញបង្គោល ៧៤០ ដើម, ឡុកចាប់ត្រីចំនួន ៧ ឡុក និងរុះរើទីតាំងបានចំនួន ១៥ កន្លែង ក្នុងតំបន់អភិរក្សឡូត៍លេខ២។ មិនតែប៉ុណ្ណោះ កម្លាំងជលផលខេត្តបាត់ដំបង បានអប់រំណែនាំប្រជានេសាទរាប់រយនាក់ កុំឲ្យចូលទៅនេសាទត្រីនៅតំបន់អភិរក្ស។
ចំណែកឧបករណ៍នេសាទខុសច្បាប់ទាំងអស់ ត្រូវបានដុតកម្ទេចនៅនឹងកន្លែង។ លោក លី វែង បានបញ្ជាក់ថា បរិមាណត្រីនៅឆ្នាំនេះកើនឡើងជាងឆ្នាំមុន ហើយសត្វស្លាបក៏មានការកើនឡើងច្រើនដែរ។
លោកនាយខណ្ឌជលផលខេត្តបាត់ដំបង បានធ្វើការអំពាវនាវ និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលប្រកបមុខរបរនេសាទត្រី សូមចូលរួមគោរពច្បាប់ជលផល នេសាទត្រីជាលក្ខណៈគ្រួសារ កុំប្រើប្រាស់ឧបករណ៍ខុសច្បាប់ និងចូលរួមការពារថែរក្សាព្រៃលិចទឹក ដែលជាជម្រកសម្រាប់ត្រីពងកូន និងបន្តការដាំដុះព្រៃលិចទឹកឡើងវិញ៕ K

