20 June 2012
ឆាយ ច័ន្ទនីដា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ កម្មករសំណង់ខ្មែរស្របច្បាប់ចំនួន ៤០ នាក់ ក្នុងចំណោម ៨០ នាក់ ដែលត្រូវបានតម្រួតស្រុកហាត់យ៉ៃ ខេត្តស៊ុងខ្លា ប្រទេសថៃ ចាប់ឃាត់ខ្លួន ហើយកោរត្រងោល សម្រាតខោអាវចេញ និងរឹបអូសយកប្រាក់អស់គ្មានសល់នោះ ត្រូវបានដោះលែងវិញហើយ បន្ទាប់ពីមានការអន្តរាគមន៍ ពីថៅកែក្រុមហ៊ុនសំណង់ថៃ ដែលពួកគេបម្រើការឲ្យ។ នេះបើតាមការឲ្យដឹងពីកម្មកររងគ្រោះ កាលពីម្សិលមិញ។
បើទោះបីជាកម្មករខ្មែររងគ្រោះទាំងនោះ ទៅធ្វើការនៅប្រទេសថៃ តាមរយៈក្រុមហ៊ុនស្របច្បាប់ក្តី ក៏ក្រុមហ៊ុនដែលបញ្ជូនពួកគេទៅ មិនទទួលខុសត្រូវ ចំពោះការរំលោភបំពាននេះឡើយ។ ចំណែកឯស្ថានទូតខ្មែរ នៅទីក្រុងបាងកក និយាយថា គេមិនទាន់ទទួលបានព័ត៌មាននេះច្បាស់លាស់នៅឡើយទេ។
កម្មករទាំង ៤០ នាក់ ក្នុងនោះ មានស្រី ១០ នាក់ ជាកម្មករសំណង់ស្របច្បាប់ នៅប្រទេសថៃ ដែលបញ្ជូនទៅដោយក្រុមហ៊ុន ជ្រើសរើសពលករនៅកម្ពុជា ឈ្មោះ អេភី ធីអែសអ៊ី (AP TSE) ត្រូវបានតម្រួតថៃស្រុកហាត់យ៉ៃចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយចោទប្រកាន់ថា ពួកគេត្រូវបានបញ្ជូនចូលទឹកដីថៃខុសគោលដៅ។ នេះបើតាមសម្តីរបស់កម្មករសំណង់កម្ពុជាម្នាក់ អាយុ ៥០ ឆ្នាំ ឈ្មោះ លឹម ស្រ៊ុន។
លោកលឹម ស្រ៊ុន ដែលទៅពីស្រុកបារាយណ៍ ខេត្តកំពង់ធំ ថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទ កាលពីម្សិលមិញថា លោកទើបតែធ្វើការនៅទីនោះ បានកន្លះឆ្នាំ។ កម្មករទាំងអស់ ដែលត្រូវចាប់ខ្លួន ៤០ នាក់នោះ គ្មានអារម្មណ៍ធ្វើការនៅកន្លែងចាស់នេះទៀតឡើយ ព្រោះពួកគេយល់ថា មិនមានសុវត្ថិភាព ខ្លាចត្រូវគេចាប់ម្តងទៀត ហើយចង់វិលត្រឡប់មកស្រុកកំណើតវិញ ជាមួយនឹងកម្មករខ្មែរទាំងអស់ដែលធ្វើការនៅក្រុមហ៊ុនសំណង់នៅថៃ ចំនួន ៨០ នាក់ តែលិខិតឆ្លងដែនត្រូវក្រុមហ៊ុនដកហូត។
លោកនិយាយថា៖«ខ្ញុំរកបានមួយថ្ងៃ ៣០០ បាត តែត្រូវបង់រំលស់ទៅឲ្យក្រុមហ៊ុនជ្រើសពលករនៅស្រុកខ្មែរ ២ ពាន់បាត ក្នុងមួយខែ។ ១ ពាន់ ៧ រយបាត ឲ្យក្រុមហ៊ុនថៃ បង់ថ្លៃប៉ូលិស និង ២០០ បាត កាត់រាល់ខែ សម្រាប់ថ្លៃសុខភាព។ តើត្រូវរស់នៅរបៀបណា? គេបញ្ជូនយើងឲ្យមកលក់កម្លាំងពលកម្មស្ទើរតែគ្មានចំណូលសោះ»។
លោក លឹម ស្រ៊ុន ជាកម្មករចុងក្រោយបង្អស់ ដែលត្រូវនគរបាលថៃ ដោះលែង កាលពីយប់ថ្ងៃចន្ទ ក្នុងចំណោម ១៧ នាក់។ ចំណែកឯអ្នកផ្សេងទៀត បានដោះលែងតាំងពីថ្ងៃសៅរ៍។ លោកបន្តថា ការដោះលែងធ្វើឡើង បន្ទាប់ពីថ្នាក់ដឹកនាំក្រុមហ៊ុន ដែលកម្មករធ្វើការឲ្យនោះ ទាក់ទងទៅតម្រួតថៃ ដើម្បីសុំឲ្យដោះលែង និងមិនដឹងថា មានលក្ខខណ្ឌ ឬយ៉ាងណានោះឡើយ ព្រោះលោកមិនទាន់បានជួបខាងក្រុមហ៊ុននៅឡើយ។ ចំណែកកម្មករ ដែលត្រូវគេដោះលែង ក៏គ្មាននរណាម្នាក់ ចូលធ្វើការវិញដែរ ព្រោះខ្លាចមានការចាប់ខ្លួនជាបន្តបន្ទាប់ទៀត។
លោកបញ្ជាក់ថា ៖ «គេថាយើងកាន់ប៉ាស្ព័រក្លែងក្លាយ ប៉ុន្តែពេលគេឆែកទៅ ក៏ឃើញមានកាន់ប៉ាស្ព័រត្រឹមត្រូវ ហើយប្រាប់ថា យើងត្រូវបានគេបញ្ជូនមកខុសគោលដៅ។ គេថា យើងត្រូវបញ្ជូនឲ្យទៅក្រុងបាងកក មិនមែនមកហាត់យ៉ៃទេ»។ លោកបន្តថា លោកមានការអាម៉ាស់ និងខឹងសម្បាយ៉ាងខ្លាំង នៅពេលដែលត្រូវបានតម្រួតថៃនោះ ចាប់ពលរដ្ឋកម្ពុជាកោរត្រងោល និងសម្រាតខោអាវអស់រលីង ចំពោះប្រុសៗ ដើម្បីឆែកឆេររកសម្ភារ និងលុយកាក់ជាប់ខ្លួន ពីព្រោះគេទាមទារប្រាក់ពីកម្មករម្នាក់ប្រមាណ ៣ ពាន់បាតតែកម្មករមិនមាន។
លោកបន្តថា៖ «ខ្ញុំខឹងណាស់ ខ្ញុំចាស់ហើយនៅឲ្យគេកោរត្រងោល និងស្រាតខោទៀត។ នោះមិនមានលុយឲ្យគេ គេទារដល់ ៣ ពាន់ តែខ្ញុំមានលុយជាប់ខ្លួន ២ ពាន់៦រយបាត។ ឥឡូវគេយកអស់់ហើយ គ្មានលុយទិញអង្ករដាំបាយហូបទេ»។
លោក មឿន តុលា ប្រធាន ផ្នែកកម្មវិធីការងារ នៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ថ្លែងថា មកដល់ពេលនេះ មិនមានអាជ្ញាធរកម្ពុជា នៅប្រទេសថៃ ឬនៅក្រុងភ្នំពេញ បានដឹងឮ ពីការចាប់ខ្លួននោះ និងការដោះលែងកម្មករខ្មែរវិញនោះឡើយ ហើយលោកកំពុងទាក់ទងទៅរដ្ឋាភិបាលកម្ពុជា ឲ្យពិនិត្យមើលករណីមួយនេះ។ លោកថ្លែងថា៖ «បើតាមដឹង នេះជាបញ្ហានៃការបញ្ជូនខុសគោលដៅ គឺមិនមែនរឿងឯកសារឡើយ ហើយរឹតតែមិនមែនជាកំហុសរបស់កម្មករទាំងនោះទៅទៀត»។
លោកបានបន្តថា ៖ «ទោះបីគេ(តម្រួតថៃ)ថា ពួកគាត់ទៅខុសគោលដៅក្តី តែពួកគាត់មានប៉ាស្ព័រ (លិខិតឆ្លងដែន) ត្រឹមត្រូវ អ៊ីចឹងពួកគាត់អាចទៅណាក៏បានក្នុងទឹកដីថៃ។ ចាំបាច់អីទៅចាប់កោរសក់ពួកគាត់។ ធ្វើនេះរំលោភសិទ្ធិមនុស្ស»។
លោក សេង សិទ្ធិជ័យ ប្រធានក្រុមហ៊ុនជ្រើសរើសពលករឈ្មោះ AP TSE ថ្លែងថា ការឃាត់ខ្លួននេះ មិនទាក់ទងនឹងការបញ្ជូនកម្មករពីខាងក្រុមហ៊ុនរបស់លោកឡើយ ព្រោះ«កម្មករមានប៉ាស្ព័រ និងឯកសារស្របច្បាប់» ប៉ុន្តែថា ការចាប់ខ្លួនកម្មករសំណង់ទាំងនោះ គឺទាក់ទិននឹងក្រុមមេខ្យល់ខ្មែរ ប្រមូលប្រាក់ខែពលករ ផ្ញើមកស្រុកកំណើត តែពលករមិនព្រមឲ្យ ទើបពួកមេខ្យល់ ប្តឹងតម្រួតថៃ ឲ្យចាប់ខ្លួនពលករខ្មែរ។ លោកបាននិយាយថា ៖ «នេះមកពីរឿងមេខ្យល់»។
លោកស្រី យូ អយ ឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងបាងកក បានថ្លែងថា លោកស្រីមិនមានព័ត៌មានច្បាស់លាស់ នៃការចាប់ខ្លួនឡើយ ព្រោះទើបបានទទួលព័ត៌មាននេះ ប៉ុន្តែលោកស្រីថា ក្រុមហ៊ុន AP TSE មិនបានបញ្ជូនពលករនោះ ទៅហាត់យ៉ៃឡើយ។ លោកស្រីថ្លែងថា៖ «ក្រុមហ៊ុន បានបដិសេធជាមួយយើង ថា គេអត់មានបញ្ជូនពលករទៅហាត់យ៉ៃទេ។ ឥឡូវយើងកំពុងស្រាវជ្រាវបន្ថែម»៕

ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំបាទសូមសំណូមពរដល់មន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃមេត្តាជួយអន្តរាគមន៍កែតម្រូវអក្ខរាវិរុទ្ធអក្សរខ្មែរដែលមានទំហំតូចជាងគេ និងសរសេរនៅជួរទីបី ពីក្រោមអក្សរថៃ និងអក្សរអង់គ្លេសផង ព្រោះឃ្លាទាំងពីរនៅខាងលើសរសេរខុសច្រើន ស្ទើរតែមើលមិនយល់។
សូមមេត្តាប្ដូរពី ៖
១) “ត្រតពិន្យលិខិតឆងដេន” ទៅជា “ត្រួតពិនិត្យលិខិតឆ្លងដែន”
២) “ការធ្វើដណើរចេញក្រោប្រទេស” ទៅជា “ការធ្វើដំណើរចេញក្រៅប្រទេស”
សូមអរគុណ!
គួអោយឈឺចាប់ណាស់នៅពេលគេធ្វើបាបប្រជាជនខ្មែរខ្ញុំបាទសូមសំណូមពរដល់មន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃមេត្តាជួយអន្តរាគមន៍ហើយសូមរកយុត្តិធមអោយកូនខ្មែររបស់យើងវិញ
អោយបានសមរមវិញផង
ហឹម….ពេលមានសេចក្តីលំបាក រត់ទៅរកឪពុកម្តាយ តែអាណាព្យាបាលមិនបានយកចិត្តទុកដាក់ទេ ពេលខ្លះថែមទាំងទារលុយ សំឡុត គំរាមកំហែងថែមទៀត។ តើទង្វើរបស់ថ្នាក់ដឹកនាំខ្មែរទាំងឡាយ សព្វថ្ងៃ វាសមជាអាណាព្យាបាលគេទេ? ខ្ញុំឈឺចាប់ណាស់ពេលឃើញ នឹងឭបែបនេះ។ លោកទូត អើយ ក្រែងលោកតំណាងអោយខ្មែររឺ សូមលោកជួយធ្វើអន្តរាគមផង។ ម៉េចបានពត៌មានរបស់ប្រជា ពលរដ្ឋចំនាកស្រុកមិនសូវជាល្អសោះ?
This to prove tha Yuon is really bad, that is why SRP always cause trouble with Yuon. SRP is completely right.