Written by ភ្នំពេញដេលីញូវ
Wednesday, 20 June 2012
ឆ្នាំនេះ ម៉ាក សែនសូនីតា ស្ងប់ស្ងាត់ មិនឃើញ ចេញមុខ ចេញមាត់ នៅក្នុងវិស័យ សិល្បៈ ដូចឆ្នាំមុនៗទេ ទោះបីជាថ្មីៗ នេះមាន ព័ត៌មានល្បី រឿងធ្វើខួប ចំណងស្នេហ៍ ពីរឆ្នាំរបស់នាង បង្ហោះតាម ហ្វេសប៊ុក ធ្វើឱ្យគេ ភ្ញាក់ផ្អើលទៅវិញ ។ ពេលចង់ ដឹង រឿងពិត នាងបែរ ជាព្យាយាម គេចវេះ មិនជួបអ្នក យកព័ត៌មាន ឡើយ ។
អ្នកយកព័ត៌មានបានព្យាយាមទូរស័ព្ទដើម្បីសាកសួរឱ្យនាងបកស្រាយ នូវការពិត តែរាល់ពេលទូរស័ព្ទ ចូលគឺនាងតែងឆ្លើយប្រាប់ថា នាងកំពុងជាប់រវល់ ហើយ ពេលខ្លះប្រាប់ថា នាងកំពុងបើករថយន្ត… ដែលខុសប្លែក ពីមុនឱ្យតែ សាកសួរអ្វី នាងឆ្លើយ តបភ្លាម ដោយ មិន ស្ទាក់ស្ទើរឡើយ ។ ការធ្វើបែបនេះរបស់នាងមិនដឹងថានាង ចង់ស្ងប់ស្ងៀម ឬ មកពីមាន បញ្ហាអ្វីត្រូវលាក់លៀមបិទបាំង ?
បើទោះជានាងមិននិយាយក្តី ក៏តាមការសង្កេតជាក់ស្តែងអាចឱ្យគេដឹងបានថា ការដែលនាងស្ងប់ ស្ងាត់ក្នុងការថតសម្តែងរឿងនាពេលនេះ សំខាន់ក៏ព្រោះតែនាងចង់ដកខ្លួនចេញ ពីព្រោះនាងមានទំនាក់ទំនង ស្នេហ៍ថ្មីហើយចង់ចាក ចេញពីសិល្បៈ ។
មានព័ត៌មានថា នៅខែកក្កដា ឆ្នាំ ២០១២ តូតា ត្រូវបានសហគមន៍ខ្មែរសាជីវកម្មរដ្ឋញ្ញូសោធវែលអញ្ជើញ ឱ្យទៅច្រៀង និង សម្តែងនៅប្រទេសអូស្ត្រាលី ដោយរួមមានអ្នកសម្តែង និង ច្រៀងសរុបចំនួន ៦ នាក់ ក្នុងនោះមាន ស្រី ៤ នាក់ គឺ ម៉ាក សែនសូនីតា ហៅ តូតា, យ៉ាន លីនដា, សឿ សុធារ៉ា, សម ម៉ាណា និង បុរសមានពីរនាក់គឺ យ៉ែម សំអូន និង អ៊ុន សុធា ។
ម៉ាក សែនសូនីតា ហៅ តូតា មិនត្រឹមស្ងប់ស្ងាត់ក្នុងការថតសម្តែងរឿងទេ តែនាងក៏បង្ហាញភាពស្ងប់ស្ងាត់ ក្នុងការបក ស្រាយនូវរឿងធ្វើខួបចំណងស្នេហ៍ពីរឆ្នាំរបស់នាងជាមួយ ទឹម នីអូ ដែលជាប្អូនប្រុសបង្កើតរបស់ ទឹម រដ្ឋា បង្ហោះ លើហ្វេសប៊ុក ឱ្យគេបានឃើញ នាំគ្នា ភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ជាខ្លាំងចង់ដឹងពីចំណងស្នេហ៍នោះថា តើដល់ពេល ណាទើបពួកគេដឹកដៃគ្នាចូលរោងការ ។
កាលពីខែឧសភាកន្លងទៅ ម៉ាក សែនសូនីតា បានបង្ហោះរូបថតដែលបង្ហាញសកម្មភាពស្និទ្ធស្នាល ជាមួយ ទឹម នីអូ នៅលើហ្វេសប៊ុករបស់នាង ដោយ ក្នុងរូបភាពនោះគេឃើញនៅលើនំខួបកំណើតស្នេហ៍ ពីរឆ្នាំបានឆ្លាក់ អក្សរថា “រីករាយគម្រប់ខួបពីរឆ្នាំនៃ ក្តីស្រឡាញ្ញ់ នីអូ និង តូតា” ប៉ុន្តែរូបភាពនោះ ក្រោយមកត្រូវបានលុបបំបាត់ទិន្នន័យ មួយចំនួនចេញ ពីហ្វេសប៊ុកផងដែរ ជាហេតុធ្វើឱ្យគេកាន់តែចាប់អារម្មណ៍ និង ងឿងឆ្ងល់ ?
កាលពីឆ្នាំ ២០១០ និង ២០១១ អតីតកញ្ញាឯក ប៊្រីដស្តុន ម៉ាក សែនសូនីតា ហៅ តូតា ត្រូវបានគេ ចាប់ អារម្មណ៍ថា នាងមានភាពលេចធ្លោក្នុងការ ថតសម្តែងរឿងវីដេអូ ដោយកាលនោះ ប្រជាប្រិយភាព របស់នាង ប្រដំ ប្រសង គ្នាជាមួយ នឹងអ្នកសម្តែង នី មុន្នីនាថ និង សារាយ សក្ខណា ហើយនាងក៏អាចរកចំណូល បានក្នុងមួយខែប្រមាណជា ៣.០០០ ដុល្លារ ៕

