ថ្ងៃទី 21 មិថុនា 2012
ដោយ: បរិបូរណ៍
CEN
កំពង់ឆ្នាំង: មកដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២នេះ គឺជាថ្ងៃទីបីហើយ ដែលកម្មករកម្មការិនីនៅរោងចក្រអឹមនិងវី កំពង់ឆ្នាំង បន្ដធ្វើកូដកម្មមិនព្រមចូលធ្វើការ បន្ទាប់ពីក្រុមកម្មករកម្មការិនីទាំងនោះ ទាមទារនូវលក្ខខណ្ឌការងារចំនួន ៣ ចំណុច។ កម្លាំងប៉ូលិស និងអាវុធហត្ថជាច្រើននាក់ ត្រូវបានគេបញ្ជូនទៅកាន់ទីនោះ ដើម្បីការពារសុវត្ថិភាពផងដែរ។
លក្ខខណ្ឌការងារដែលកម្មករកម្មការិនីទាមទារ រួមមាន ៖ ទី១ ស្នើសុំប្រាក់ឈ្នួលថ្លៃធ្វើដំណើរចំនួន ១០ ដុល្លារ ម្នាក់ៗក្នុងមួយខែ, ទី២ ស្នើសុំប្រាក់រង្វាន់ចំនួន ៣ ដុល្លារ បន្ថែមលើប្រាក់រង្វាន់ដែលមានស្រាប់ចំនួន ៧ ដុល្លារ សរុបទាំងអស់ស្មើនឹង ១០ ដុល្លារ និងទី៣ ស្នើសុំប្រាក់ធ្វើការងារថ្ងៃបុណ្យ និងថ្ងៃអាទិត្យ ចំនួន ៤.០០០ រៀល។
សំណើនេះត្រូវបានតំណាងក្រុមហ៊ុន និងតំណាងកម្មករជួបប្រជុំពិភាក្សាគ្នាម្ដងរួចហើយ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១២ ដោយបានឯកភាពថា ចំណុចទី១ និងចំណុចទី២ ទុកពេលវេលាចំនួនពីរខែ គិតចាប់ពីថ្ងៃទី១៦ ខែមិថុនា ដើម្បីឲ្យក្រុមហ៊ុនធ្វើការពិចារណា ផ្ដល់ឲ្យទៅតាមលទ្ធភាពជាក់ស្ដែង។ ចំពោះចំណុចទី៣ ខាងក្រុមហ៊ុននឹងផ្ដល់ចម្លើយនៅសបា្ដហ៍ក្រោយ។ ប៉ុន្ដែនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២ ស្រាប់តែកម្មករកម្មការិនី ដែលចូលទៅដល់ខាងក្នុងរោងចក្រហើយនោះ បានបិទភ្លើងហើយនាំគ្នាអង្គុយធ្វើកូដកម្មមិនព្រមធ្វើការឡើយ។
នៅថ្ងៃទី២០ ខែមិថុនា តំណាងកម្មករ និងតំណាងរោងចក្របានជួបចរចាគ្នាម្ដងទៀត ប៉ុន្ដែមិនត្រូវគ្នាឡើយ។ ក្នុងការជួបពិភាក្សាគ្នានោះ ខាងក្រុមហ៊ុនបានយល់ព្រមផ្ដល់ប្រាក់ថ្លៃឈ្នួលធ្វើដំណើរចំនួន ២,៥ ដុល្លារ និងប្រាក់ព្រីម ១ ដុល្លារ តែប៉ុណ្ណោះសម្រាប់ម្នាក់ៗក្នុងមួយខែ ហើយចម្លើយនេះត្រូវបានតំណាងកម្មករ បដិសេធមិនទទួលយកឡើយ។
សូមបញ្ជាក់ថា រោងចក្រអឹមនិងវី គឺជារោងចក្រកាត់ដេរ តម្បាញ និងបោកគក់ ដែលមានទីតាំងស្ថិតក្នុងភូមិត្រពាំងចិក្សា សង្កាត់់កំពង់ឆ្នាំង ក្រុង-ខេត្ដកំពង់ឆ្នាំង បច្ចុប្បន្នមានកម្មករកម្មការិនីចំនួន ៤.០០០ នាក់ កំពុងបម្រើការងារនៅក្នុងរោងចក្រនេះ៕ K


