ថ្ងៃទី 20 មិថុនា 2012
ដោយ: បាយ័ន
CEN
សៀមរាប: លោកនាយឧត្តមសេនីយ៍ គន់ គីម ក្នុងនាមប្រធានក្រុមទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២ បានដឹកនាំប្រតិភូចុះធ្វើការដោះស្រាយ និងវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅភូមិមួយចំនួន ក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
តាមសេចក្តីរាយការណ៍របស់លោក ហាំង ម៉េង អភិបាលស្រុកបន្ទាយអំពិល បានឲ្យដឹងថា ភូមិដែលត្រូវធ្វើការដោះស្រាយនាពេលនេះ មានចំនួនបីភូមិ គឺ ភូមិតេជោអូដា ចំនួន ១៤២ គ្រួសារ, ភូមិច័ន្ទក្រហម ចំនួន ៣៩ គ្រួសារ និងភូមិមហាលាភសែនជ័យ ចំនួន ៤១ គ្រួសារ។ ប្រជាជនទាំងបីភូមិខាងលើបានទាមទារដីសរុបប្រមាណ ៤០០ ហិកតា ដែលដីទាំងនោះប៉ះពាល់ជាមួយដីអភិវឌ្ឍន៍កងទ័ព។
ចំពោះផលប៉ះពាល់ភាគច្រើន គឺរវាងប្រជាពលរដ្ឋជាមួយនឹងក្រុមហ៊ុន និងរវាងប្រជាពលរដ្ឋជាមួយនឹងដីអភិវឌ្ឍន៍គ្រួសារកងទ័ព។ កន្លងមកនេះ ដីដែលមានផលប៉ះពាល់តាមបណ្តាភូមិមួយចំនួន របស់ស្រុកបន្ទាយអំពិល ត្រូវបានធ្វើការដោះស្រាយរួចរាល់ហើយ ៗកំពុងដំណើរការធ្វើការវាស់វែងបន្តទៀត ដោយក្រុមបច្ចេកទេសរបស់ស្រុក និងការសហការរបស់ក្រុមយុវជនខេត្ត។
មានប្រសាសន៍នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងពីការគិតគូរយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងនោះមានបញ្ហាទំនាស់ដីធ្លីជាដើម ត្រូវតែធ្វើការដោះស្រាយឲ្យបានរួចរាល់ទាន់ពេលវេលា ដោយមិនឲ្យលើសពីរយៈពេលកន្លះឆ្នាំឡើយ។ លោកបានបញ្ជាក់ថា ការដោះស្រាយ និងការប្រគល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនាពេលនេះ មិនមែនមានន័យថា ស្ថិតនៅក្រោមគំនាបនយោបាយរបស់នរណាម្នាក់នោះទេ ពោលគឺជាការអនុវត្តន៍ទៅតាមគោលនយោបាយដីធ្លី របស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។
លោក គន់ គីម បានជំរុញឲ្យអាជ្ញាធរដែនដី រួមនឹងមន្ត្រីពាក់ព័ន្ធត្រូវសហការគ្នា ចុះធ្វើសម្រង់ស្ថិតិ និងរៀបចំផែនការវាស់វែងឲ្យបានឆាប់ ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនបងប្អូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះដែរ លោក គន់ គីម ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ក្រោយពេលទទួលបានដីហើយ គប្បីរួសរាន់ធ្វើការងារបង្កបង្កើនផលឲ្យអស់ផ្ទៃដី ព្រោះរដូវវស្សាក៏នឹងឈានចូលមកដល់ហើយដែរ៕ K


វាជាយុទ្ធសាស្រ្តនយោបាយសុទ្ធសាធ រឿងនេះវាមិនមែនជាឆន្ទៈក្នុងការដោះស្រាយជួនប្រជាជន
នោះទេ តែក៏សូមអបអដល់ពលរដ្ឋដែលបានទទូលនៅដីកម្មសិទ្ធដែរ
ខ្ញុំសូមអបអរប្រជាជនដែលបានទទួលដី តែប្រយ័ត្នបានទៅអ្នកធំច្រើននិងអ្នកតូចតិចបំផុត ។
ម្យ៉ាងវិញទៀត រដ្ឋាភិបាលប្រើប្រាស់ខុសធន់ធាន តើមន្ត្រីយោធាចេះច្បាប់ភូមិបាល និង គោលនយោបាយទាក់ទងទៅនឹងដីសម្បទានសង្គមកិច្ចនិងសេដ្ឋកិច្ចទេ។ គួរទុកអោយមន្ត្រីជំនាញគេធ្វើវិញទៅ។