ដោយ ទេព សុរ៉ាវី
2012-06-21
វិទ្យុអាស៊ីសេរី
កុមារកម្ពុជាដែលមានជំងឺបេះដូងប្រហោង ត្រូវបានជ្រើសរើស និងបញ្ជូនទៅវះកាត់ដោយឥតគិតថ្លៃ នៅប្រទេសកូរ៉េខាងត្បូង ក្រោមរូបភាពមនុស្សធម៌ នៃអង្គការមួយក្នុងប្រទេសនោះ។

កុមារកម្ពុជា៦នាក់ និងគ្រួសារ ត្រៀមឡើងយន្តហោះធ្វើដំណើរទៅវះកាត់ជំងឺបេះដូងប្រហោង នៅប្រទេសកូរ៉េខាងត្បូង ដោយឥតគិតថ្លៃ នាប្រលានយន្តហោះភ្នំពេញអន្តរជាតិ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២។
RFA/Tep Soravy
យុវតី ផុន ចាន់ធា៖ «ជួនកាលវាចុកតិចៗ ជួនកាលអត់អីទេ ជួនកាលវានៅសុខៗវាឈឺអញ្ចឹងទៅ»។
ផុន ចាន់ធា អាយុ ១៦ឆ្នាំ ជាយុវតីម្នាក់ក្នុងចំណោមកុមារកម្ពុជា ៦នាក់ ដែលទទួលបានការវះកាត់ជំងឺបេះដូង នៅប្រទេសកូរ៉េ ដោយឥតគិតថ្លៃ។
មានកុមារកម្ពុជាចំនួន ៦នាក់ ត្រូវបានជ្រើសរើស បន្ទាប់ពីគ្រូពេទ្យនៅប្រទេសកូរ៉េ ធ្វើរោគវិនិច្ឆ័យ កាលពីចុងខែមិនា កន្លងទៅ នៅវិហារសាសនាគ្រិស្ដមួយកន្លែងនៅភ្នំពេញ ក្នុងចំណោមកុមារកម្ពុជាដែលមានជំងឺបេះដូងចំនួន ២១នាក់។
កុមារទាំងនោះឡើងយន្តហោះធ្វើដំណើរទៅប្រទេសកូរ៉េ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២០ ខែមិថុនា កន្លងទៅ នៅឯប្រលានយន្តហោះភ្នំពេញអន្តរជាតិ ដើម្បីទទួលការវះកាត់ជំងឺបេះដូងប្រហោង ដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភពីក្រុមកងទ័ពជួយសង្គ្រោះរបស់ប្រទេសកូរ៉េ (Korean Salvation Army) ដែលជាលើកទីមួយក្នុងការជួយកុមារកម្ពុជាក្នុងឆ្នាំ២០១២។ ខណៈដែលអង្គការមួយនេះ ធ្លាប់ជួយសង្គ្រោះកុមារកម្ពុជា ដែលមានជំងឺបេះដូងចំនួន ១៣៤នាក់ រួចមកហើយ ចាប់តាំងពីឆ្នាំ២០០២ មក។
យុវតី ផុន ចាន់ធា ឲ្យដឹង៤ម៉ោងមុនដែលនាងឡើងយន្តហោះទៅប្រទេសកូរ៉េ កាលពីយប់ថ្ងៃទី២០ ខែមិថុនា ថា នាងសប្បាយចិត្តដែលបានជិះយន្តហោះ ដែលស្ទើរតែមួយជីវិតរបស់នាង ជាកូនកសិករនៅខេត្តបាត់ដំបង មិននឹកស្មានដល់។
ទន្ទឹមនឹងការសប្បាយចិត្ត ចាន់ធា នឹកព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវះកាត់ជំងឺរបស់នាង ដែលនៅតែប៉ុន្មានម៉ោងខាងមុខ ពេលធ្វើដំណើរទៅដល់ប្រទេសកូរ៉េ។ ចាន់ធា ដែលមានអាការៈចុកនៅទ្រូងខាងឆ្វេងជាប្រចាំ និងឧស្សាហ៍ហត់នឿយញឹកញាប់ សង្ឃឹមថា ការវះកាត់នឹងទទួលបានជោគជ័យ និងសង្ឃឹមថា នឹងអាចវិលត្រឡប់មកស្រុកខ្មែរវិញ ដោយមានសុខភាពល្អ៖ «សប្បាយចិត្តដែរ ភ័យតិចៗ ខ្លាចពេលទៅវះកាត់ សង្ឃឹមថាជា»។
អ្នកស្រី សុខ ប៉ោយ អាយុ ៦០ឆ្នាំ ដែលធ្លាប់ទៅប្រទេសកូរ៉េ វះកាត់ជំងឺបេះដូងប្រហោង កាលពីឆ្នាំ២០០៧ ក្រោមការឧបត្ថម្ភដូចគ្នា ពីក្រុមកងទ័ពជួយសង្គ្រោះនៃប្រទេសកូរ៉េ ឲ្យដឹងថា កូនប្រុសគាត់ម្នាក់ឈ្មោះ ច្រឹង សីលា អាយុ ១៧ឆ្នាំ ក៏មានជំងឺបេះដូងប្រហោងដូចគ្នា ហើយត្រូវទៅវះកាត់នៅប្រទេសកូរ៉េ ក្នុងចំណោមក្មេង ៦នាក់ ត្រូវបានជ្រើសរើស។
អ្នកស្រីបន្តថា កូនប្រុសគាត់ធ្លាប់វះកាត់បេះដូងម្តងរួចមកហើយនៅប្រទេសកូរ៉េ កាលពីឆ្នាំ២០០៧ តែជំងឺនេះបានរើឡើងវិញ ក្រោយពីវះកាត់បានមួយឆ្នាំ។ អ្នកស្រីបន្តថា កូនប្រុសគាត់មានអាការៈស្លេកស្លាំង និងឧស្សាហ៍ហត់ ហើយគ្រូពេទ្យជំនាញបេះដូងប្រាប់ថា កូនគាត់មានមានជំងឺប្រហោងបេះដូងម្តងទៀត៖ «ខ្ញុំវាអត់មានសមត្ថភាពព្យាបាលនៅស្រុកខ្មែរហ្នឹងហ្មង បើថាទៅពេទ្យយើងធម្មតារាយរង ខ្ញុំចេះតែសុំគេបានអញ្ចឹង ដល់ពេលវះកាត់ធំដុំ ខ្ញុំអត់មាន ខ្ញុំអត់អាច»។
លោក ទឹម ឈឹម អាយុ ៦៦ឆ្នាំ មកពីស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលជូនដំណើរកូនប្រុសឡើងយន្តហោះ ឲ្យដឹងថា កូនប្រុសគាត់អាយុ ១៥ឆ្នាំ ឧស្សាហ៍ដង្ហក់ខ្យល់ ហត់ ភ្លេចភ្លាំងច្រើន និងការវិវឌ្ឍន៍សរីរាង្គយឺតខុសប្រក្រតី។ គ្រូពេទ្យជំនាញបេះដូងតម្រូវឲ្យកូនរបស់លោកទៅពិនិត្យជាប្រចាំ និងថាជំងឺនេះលុះត្រាតែវះកាត់ភ្ជិតប្រហោងបេះដូង ទើបអាចជួយសង្គ្រោះជីវិតបាន។
លោកបន្តថា គាត់គ្មានប្រាក់ច្រើនពាន់ដុល្លារ លើថ្លៃសេវាវះកាត់បេះដូងនោះឡើយ ខណៈដែលគ្រូពេទ្យខ្លះ ទាមទារប្រាក់ជិត ១ម៉ឺនដុល្លារអាមេរិក៖ «សង្ឃឹមមួយរយភាគរយហើយនែក មិនដឹងយ៉ាងណា មុខតែជោគជ័យហើយ មហាសង្គ្រោះហ្មង ពេទ្យនឹងពិតប្រាកដហ្មង»។
លោក ថាត់ ប៊ុនធឿន នាយកមជ្ឈមណ្ឌលក្តីសង្ឃឹមថ្មីសម្រាប់កុមារកំព្រាសាខានៅបាត់ដំបង និងជាអ្នកសម្របសម្រួលគម្រោងនាំកុមារទៅប្រទេសកូរ៉េ ឲ្យដឹងថា កុមារកម្ពុជាទាំង ៦នាក់ ត្រូវវះកាត់នៅមន្ទីរពេទ្យ សេជុង ក្នុងក្រុងភូឆន់ នៃប្រទេសកូរ៉េខាងត្បូង យ៉ាងយូររយៈពេល២០ថ្ងៃ។
លោកថា អង្គការជួយសង្គ្រោះកុមារ នៃប្រទេសកូរ៉េ ចំណាយលើថ្លៃស្នាក់នៅ វះកាត់ និងសំបុត្រយន្តហោះ និងប៉ាសស្ព័រ (Passport) ដល់កុមារទាំងនោះ តែក្នុងលក្ខខណ្ឌកុមារនោះក្រោមអាយុ ១២ឆ្នាំ ខាងអង្គការនៃប្រទេសកូរ៉េ ក៏ចេញថ្លៃសំបុត្រយន្តហោះ និងប៉ាសស្ព័រ ដល់គ្រួសារម្នាក់ ដែលទៅមើលថែទាំផងដែរ៖ «ប្រភេទធ្ងន់ធ្ងរវះដល់២ដង ដូច្នេះវាអស់ពី២ម៉ឺន ទៅ៣ម៉ឺន។ ចំពោះអ្នកដែលវះតែម្តង អស់ប្រហែលជា១ម៉ឺនដុល្លារអីនឹង បូកទាំងការធ្វើដំណើរ និងការចំណាយផ្សេងៗ»។
យោងតាមសម្ដីមន្ត្រីកុងស៊ុល នៃស្ថានទូតកូរ៉េ ប្រចាំកម្ពុជា ពីកាសែត ភ្នំពេញ ប៉ុស្តិ៍ ឲ្យដឹងថា ក្រុមកងទ័ពជួយសង្គ្រោះរបស់ប្រទេសកូរ៉េ គ្រោងនឹងជួយកុមារចំនួន ៣៣នាក់ នៅតំបន់អាស៊ាន ក្នុងឆ្នាំនេះ ប៉ុន្តែពួកគេចាប់ផ្ដើមដំបូងក្នុងប្រទេសកម្ពុជា មុនគេ។
ភាគីកូរ៉េ និងកម្ពុជា ក៏គ្រោងនឹងចុះអនុស្សរណៈយោគយល់គ្នាស្តីពីការជួយកុមារកម្ពុជា ដែលមានជំងឺបេះដូងចំនួន ១០នាក់ ជារៀងរាល់ឆ្នាំ តែមិនទាន់ច្បាស់នៃកាលបរិចេ្ឆទនៅឡើយទេ។
អ្នកស្រី ឆយ យ៉ុង មី (Choi Young Mi) បេសកជនពិសេសមកពីប្រទេសកូរ៉េ ឲ្យដឹងថា គម្រោងនេះក៏ធ្វើផងដែរ នៅប្រទេសឡាវ និងថៃ តែបានបញ្ជូនកុមារតិចតួចប៉ុណ្ណោះទៅព្យាបាលនៅប្រទេសកូរ៉េ ដោយសារមន្ទីរពេទ្យនៅប្រទេសទាំងពីររីកចម្រើន។ អ្នកស្រីបន្តថា គម្រោងនេះកំពុងយកចិត្តទុកដាក់កុមារកម្ពុជាខ្លាំង ដោយសារតែបច្ចេកវិទ្យាពេទ្យនៅកម្ពុជា នៅមានកម្រិតនៅឡើយ។
អ្នកស្រីបន្តថា ដោយមានការសហការពីខាងមន្ទីរពេទ្យ សេជុង ដែលឯកទេសលើជំនាញបេះដូង នៅប្រទេសកូរ៉េ កុមារទាំង ៦នាក់នោះ នឹងអាចទទួលការវះកាត់យ៉ាងជោគជ័យ និងនាំមកវិញនូវសុខភាពល្អ ដើម្បីជួបក្រុមគ្រួសាររបស់ពួកគេ៖ «ខ្ញុំគិតថា គ្រូពេទ្យនៅកម្ពុជាពិបាកព្យាបាល ព្រោះវាមានគ្រូពេទ្យ មួយឬពីរនាក់។ ពេលខ្លះ មិនមានការសហការគ្នា ដែលក្មេងខ្លះមិនអាចចាំយូរបាន និងបានស្លាប់។ ដូច្នេះខ្ញុំយកទៅវះកាត់នៅប្រទេសកូរ៉េ ប្រសើរជាង»។
លោក ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានមន្ទីរពេទ្យ កាល់ម៉ែត្រ ឲ្យដឹងនៅថ្ងៃទី២១ ខែមិថុនា ថា កម្ពុជាមានមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង ដែលមានវេជ្ជបណ្ឌិតជំនាញវះកាត់ចំនួន ៤នាក់ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការវះកាត់ជំងឺបេះដូង។ ជំងឺបេះដូង ជាជំងឺដែលធ្វើឲ្យអ្នកក្រគ្មានលទ្ធភាពព្យាបាល។ តែសព្វថ្ងៃ រដ្ឋាភិបាលកម្ពុជា បានជួយឧបត្ថម្ភដល់ពលរដ្ឋក្រីក្រមានជំងឺបេះដូងចំនួន ៣០ម៉ឺនដុល្លារ ក្នុងមួយឆ្នាំលើថ្លៃវះកាត់។
ទោះជាយ៉ាងណា តម្រូវការវះកាត់ និងឧបករណ៍វះកាត់បេះដូងថ្លៃ និងត្រូវនាំចូលពីបរទេស ទើបមិនអាចជួយអ្នកជំងឺទាំងនោះបាន។ លោកថា ប្រសិនបើមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង មានថវិកាចំនួនច្រើនពី ១៥ម៉ឺន ទៅ ២៥ម៉ឺនដុល្លារ ក្នុងមួយខែ គឺខាងមន្ទីរពេទ្យអាចមានលទ្ធភាពវះកាត់ជំងឺបេះដូងទាំងកុមារ និងមនុស្សចាស់បានជាង ៤០នាក់។
លោក ហេង តៃគ្រី៖ «កាលមុន ដោយសារយើងវះ ២០នាក់។ អ្នកមានលទ្ធភាពហ្នឹង វាមានត្រឹម ប្រាំរយ ត្រឹម មួយពាន់ ខ្លះមាន ពីរពាន់អញ្ចឹង។ យើងយកលុយហ្នឹង មកបង្គ្រប់ឲ្យរួចថ្លៃសម្ភារៈហ្នឹង។ ហើយដល់ពេលនេះទៅ វាអត់សូវមានវះ អាអ្នកផ្សេងវាឈឺបេះដូងមកដង្ហក់លើសឈាម វាហើមសួតអី អ្នកក្រអត់លុយអញ្ចឹង យើងយកលុយរដ្ឋាភិបាលជួយហ្នឹងមកទប់នៅហ្នឹង»។
លោក ហេង តៃគ្រី បន្តថា វាការល្អដែលខាងប្រទេសកូរ៉េ ជួយវះកាត់ជំងឺបេះដូងកុមារដោយឥតគិតថ្លៃ។ តែលោកថា ការវះកាត់នៅប្រទេសកូរ៉េ មានតម្លៃខ្ពស់ ហើយលោកធ្លាប់ជួបពិភាក្សាជាមួយភាគីកូរ៉េទាំងនោះហើយ ឲ្យបង្វែរជំនួយនោះ ដើម្បីឲ្យកុមារកម្ពុជាវះកាត់នៅក្នុងប្រទេស ដើម្បីកាត់បន្ថយចំណាយ និងអាចជួយមនុស្សបានច្រើន ខណៈដែលកម្ពុជាមានអ្នកជំនាញខាងវះកាត់កុមារ ដែលធ្លាប់សិក្សានៅប្រទេសវៀតណាម និងប្រទេសបារាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Message