ថ្ងៃទី 22 មិថុនា 2012
ដោយ: ពិទូរ្យ
CEN
ភ្នំពេញ: តារាសម្តែងរាងខ្មែរអង្គរ ស៊ុក សុភា បានឈានជើងចូលរោងការ តាមគន្លងប្រពៃណី នៅថ្ងៃទី២០ ដល់២២ ខែមិថុនា ឆ្នាំ២០១២ ដែលរៀបចំឡើងរយៈពេលបីថ្ងៃ។ ស៊ុក សុភា រៀបការជាមួយនឹងអ្នកនាង លុយ រីម៉ា ហៅ សារីណា ដែលមានដើមកំណើតជាជនជាតិខ្មែរ សញ្ជាតិអូស្ត្រាលី។ ការចូលរោងការរបស់ស៊ុក សោភា ដែលបានកូនស្រីមួយហើយនោះ ដើម្បីបញ្ចប់មន្ទិលសង្ស័យ។ ពិធីមង្គលការនោះ ប្រព្រឹត្តិទៅនៅគេហដ្ឋានខាងប្រុស និងពិសាភោជនាអាហារ នៅកោះពេជ្រ អាគារ K និង L ។
បន្ទាប់ពីលោក បានបង្ហោះនៅលើទំព័រហ្វេសបុកថា រូបលោកនឹងភ្ជាប់ពាក្យ មិនបានប៉ុន្មានផង តារារូបនេះ ក៏បានផ្លាស់ប្តូរគម្រោងមកជាពិធីមង្គលការវិញ ដែលធ្វើឲ្យទស្សនិកជន ក៏ដូចជា អ្នកគាំទ្រក្នុងបណ្តាញសង្គមហ្វេសបុក មានការងឿងឆ្ងល់គ្រប់ៗគ្នា។
ដើម្បីបញ្ចប់រាល់ព័ត៌មានទាំងឡាយ ស៊ុក សុភា បានចូលរោងការយ៉ាងគគ្រឹកគគ្រេងជាមួយ អ្នកនាង សារីណា ហើយបានអញ្ជើញភ្ញៀវជាង ១០០តុ ដែលមានមិត្តភ័ក្តសិល្បៈ និងមន្ត្រីរាជការចូលរួមផងដែរ។
ដោយសារតែមានការងារទទួលខុសត្រូវរៀងៗខ្លួន ធ្វើឲ្យតារារូបនេះ មិនទាន់មានគម្រោងច្បាស់លាស់ថា នឹងបន្តរស់នៅស្រុកខ្មែរ ឬក៏ធ្វើបែបបទ ដើម្បីទៅរស់នៅលើទឹកដីអូស្ត្រាលី ឬយ៉ាងណានោះទេ?៕
