ថ្ងៃទី 22 មិថុនា 2012
ដោយ: តារារស្មី
CEN
ភ្នំពេញ: ពាក្យចាស់លោកពោលថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់នោះ ពិតជាមិនខុសមែន។ គឺកញ្ញា អ៊ាង ច័ន្ទថាវី ជាអ្នកបន្តវេនសិល្បៈគ្រប់ជំនាញពីជីតា ជីដូន និងឪពុកម្តាយរបស់នាងមក និយាយរួមក្រុមគ្រួសារ ពូជពង្សវង្សត្រកូលរបស់នាងជាអ្នកសិល្បៈ។
កញ្ញា ច័ន្ទថាវី បានចាប់ផ្តើមមានចិត្តស្រឡាញ់វិស័យសិល្បៈតាំងពីអាយុ៩ឆ្នាំ ហើយបច្ចុប្បន្នជាសិល្បការិនីមានជំនាញច្រើនមុខ។
នាងបានបណ្តែតខ្លួនជ្រៀតចូលសិល្បៈចម្រុះតាំងពីនាងអាយុ៩ឆ្នាំ គឺរៀនបណ្តើរ ហ្វឹកហាត់រាំ របាំបុរាណ របាំប្រពៃណី របាំប្រជាប្រិយ ហាត់ច្រៀងមហោរី ច្រៀងប្រពៃណី ហាត់សម្តែង ច្រៀងល្ខោនបាសាក់ ល្ខោនយីកេ ស្មូត និងច្រៀងសម័យផងដែរ។
នាងបាននិយាយថា “ខ្ញុំចេញច្រៀងនៅតាមរោងការជាមួយឪពុកម្តាយតាំងពីនាងខ្ញុំ អាយុ១១ឆ្នាំ តែអាជីពជាអ្នកចម្រៀងក្នុងពិភពស៊ីឌី និងច្រៀងជាកិត្តិយសតាមកម្មវិធីទូរទស្សន៍ គឺចាប់ផ្តើមឡើងតាំងពីឆ្នាំ២០០៣ ដោយច្រៀងថតសំឡេងឲ្យផលិតកម្មក្រៅប្រទេសជាច្រើន”។
នាងច្រៀងចម្រុះ មិនប្រកាន់ទេ ឲ្យតែម្ចាស់ផលិតកម្មដាក់ឲ្យច្រៀង គឺច្រៀងបានទាំងអស់។
ច័ន្ទថាវី មានអាយុ២៣ឆ្នាំហើយ។ នាងមានស្រុកកំណើតនៅភូមិលេខ២ សង្កាត់រកា ក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ឪពុករបស់នាងគឺលោក អ៊ាង ច័ន្ទថន ជាមន្ត្រីរាជការនៅក្នុងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តតាកែវ ។ចំណែកម្តាយឈ្មោះ ឡុង មានី ជាមន្ត្រីមន្ទីរ វប្បធម៌ និង វិចិត្រសិល្បៈខេត្តតាកែវដូចគ្នា ជំនាញរបស់គាត់ទាំង២នាក់ ជាសិល្បៈល្ខោនបាសាក់ ល្ខោនយីកេ និងចម្រៀងប្រពៃណី(ភ្លេងការ)៕ S

