ខេត្ត​ព្រះវិហារ​ជា​ទីតាំង​ឧស្សាហកម្ម​ផលិត​ដែក​ដ៏​ធំ​កាល​ពី​សម័យ​បុរាណ

20 June 2012
សេត គឹមសឿន និង អ៊ុំ វ៉ុន
ភ្នំពេញ ប៉ុស្តិ៍

លោក ធុយ ចាន់​ធួន បង្ហាញ​ទីតាំង​ដែល​គ្រប​ដណ្តប់​ដោយ​អាចម៍ដែក​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ​។ រូបថត សហ​ការី

លោក ធុយ ចាន់​ធួន បង្ហាញ​ទីតាំង​ដែល​គ្រប​ដណ្តប់​ដោយ​អាចម៍ដែក​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ​។ រូបថត សហ​ការី

ព្រះវិហារៈ ដោយ​ផ្អែក​លើ​ការ​រុក​រក​ស្រាវជ្រាវ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ភាគ​ខាង ​ជើង​ប្រទេស​ អ្នក​ស្រាវ​ជ្រាវ​បាន​ឲ្យ​ដឹង​ថា គំនរ​អាចម៍​ដែក​ជា​ច្រើន​កន្លែង​ធំ​ៗ​ត្រូវ​បាន​ពើប​ប្រទះ​។ សំណល់​គំនរ​អាចម៍​ដែក​វាត​ទី​លើ​ទំហំ​ដី​ធំ​ធេង និង​មាន​កម្ពស់​ខ្ពស់​ៗ​ទាំង​នោះ ត្រូវ​បាន​អ្នក​ស្រាវ​ជ្រាវ​សន្និដ្ឋាន​ថា ជា​កន្លែង​ផលិត​ដែក និង​វត្ថុ​ធាតុ​ពី​ដែក​ដ៏​ធំ​សម្រាប់​បំពេញ​តម្រូវ​ការ​ប្រើ​ប្រាស់​នា សម័យ​បុរាណ​ ហើយ​ទ្រង់​ទ្រាយ​នោះ​អាច​ជា​ឧស្សាហកម្ម​ផលិត​ដែក​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅ​ ប្រទេស​របស់​កម្ពុជា​ផង​ដែរ​។

តាម​រយៈ​កំណាយ​បុរាណ​វិទ្យា ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវ​ជ្រាវ​បារាំង ខ្មែរ​ បាន​រក​ឃើញ​ថា មនុស្ស​នៅ​លើ​ដី​ខ្មែរ​ចេះ​ប្រើ​ប្រាស់​ដែក​តាំង​ពី​ច្រើន​ពាន់​ឆ្នាំ​មុន គ្រិស្ដ​សក​រាជ ឬ តាំង​ពី​បុរេ​ប្រវត្តិសាស្រ្ត​ខ្មែរ​មក​ម្ល៉េះ។ ស្ថានីយ​ដែល​អ្នក​ស្រាវ​ជ្រាវ​ទាំង​នោះ​រក​ឃើញ មាន​ដូច​ជា​ស្ថានីយ​សំរោង​សែន ខេត្ត​កំពង់ឆ្នាំង ម្លូព្រៃ ខេត្ត​ព្រះវិហារ ភូមិមូល ឬ បន្ទាយគូ ខេត្ត​កំពង់ចាម ភូមិស្នាយ ខេត្ត​បន្ទាយ​មាន​ជ័យ និង​ស្ថានីយ​ព្រហារ ខេត្ត​ព្រៃវែង ជាដើម​។

អាចម៍​ដែក​ដែល​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​បុរាណ​រហូត​ដល់​សព្វ​ថ្ងៃ​។ (រូបថត សហ​ការី)

ការ​ធ្វើ​កំណាយ​ទាំង​នោះ​បាន​រក​ឃើញ​ឧបករណ៍​ធ្វើ​ពី​លោហៈ​ជា​ច្រើន​ដូច​ជា ដុំ​អាចម៍​ដែក ក្បាល​ព្រួញ កណ្ដៀវ គ្រឿង​អលង្ការ អាវុធ ដាវ កាំបិត ព្រួញ កងដៃ កង​ជើង និង​វត្ថុ​ប្រើប្រាស់​ផ្សេងៗ​ជាដើម។

លោក​ ធុយ ចាន់ធួន អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​រក​ឃើញ​គំនរ​អាចម៍​ដែក​ដ៏​ធំៗ​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​កំពង់ធំ និង​ព្រះវិហារ ​នៅ​ក្នុង​អំឡុង​ចុង​ឆ្នាំ​២០០៩។ តាម​រយៈ​ការ​សិក្សា​ស្រាវ​ជ្រាវ​នោះ លោក​សន្និដ្ឋាន​ថា ខេត្ត​ទាំង​ពីរ​នោះ​អាច​ជា​កន្លែង​ស្លរ៉ែ​ដែក​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​នា​ សម័យ​នោះ ដើម្បី​ផលិត​ដែក​សម្រាប់​បម្រើ​សេចក្ដី​ត្រូវ​ការ​នានា​នៅ​ក្នុង​សង្គម​ ហើយ​យោង​ទៅ​តាម​ទំហំ​នៃ​សំណល់​អាចម៍​ដែក​ទាំង​នោះ ការ​ផលិត​ដែក​នៅ​កន្លែង​ទាំង​ប៉ុន្មាន​មិន​មែន​ជា​អាជីវ​កម្ម​ធម្មតា​នោះ​ ឡើយ ពោល​គឺ​អាច​ជា​កន្លែង​ឧស្សាហកម្ម​ផលិត​ដែក​ដ៏​ធំ​របស់​ខ្មែរ​នា​សម័យ​នោះ ​ផង​ដែរ​។​

អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​រូប​នោះ​មាន​ប្រសាសន៍​​ថា​៖​ «​កន្លែង​ស្ល​ដែក​​ធំ​ជាង​គេ​ដែល​ខ្ញុំ​បាន​រក​ឃើញ​នោះ ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ ហើយ​ទីតាំង​នោះ ក៏​អាច​ជា​ឧស្សាហកម្ម​ផលិត​ដែក​ធំ​ជាង​គេ​បង្អស់​របស់​ខ្មែរ​កាល​ពី​អតីត កាល​ផង​ដែរ​»។

​ខេត្ត​ព្រះវិហារ មាន​គំនរ​អាចម៍​ដែក​ជា​ច្រើន​កន្លែង ដែល​បាន​បន្សល់​ទុក​រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ​។ បរិវេណ​សំណល់​ទាំង​នោះ កន្លែង​ខ្លះ គំនរ​អាចម៍​ដែក​មាន​កម្ពស់​រហូត​ដល់​ជាង​១០​ម៉ែត្រ​ក៏​មាន​។ ចំពោះ​ផ្ទៃ​ដី​មាន​គំនរ​អាចម៍​ដែក​នៅ​សល់ ដែល​លោក​ទើប​តែ​ស្រាវជ្រាវ​រក​ឃើញ​បាន​មួយ​ចំនួន​នោះ ឃើញ​ថា មាន​ទំហំ​ប្រហែល​៣៦​គីឡូ​ម៉ែត្រ​ក្រឡា ដែល​ស្ថិត​ក្នុង​ស្រុក​សង្គមថ្មី ស្រុក​រវៀង ស្រុក​ជ័យ​សែន និង​ស្រុក​ឆែប ជាដើម ។ ស្រុក​ទាំង​នេះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ខេត្ត​ព្រះវិហារ​នា​ពេល​បច្ចុប្បន្ន​នេះ ។

ក្រៅ​ពី​នោះ ការ​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​គំនរ​អាចម៍​ដែក​មួយ​ចំនួន​ផ្សេង​ទៀត​នៅ ក្នុង​ខេត្ត​សៀមរាប និង​ភាគ​ខាង​លិច​ទន្លេ​មេគង្គ​របស់​ខេត្ត​ស្ទឹងត្រែង​ផង​ដែរ​។

ថ្មីៗ​នេះ​លោក ចាន់​ធួន ក៏​បាន​រក​ឃើញ​ទីតាំង​ឧស្សាហកម្ម​ឡស្ល​ដែក​បុរាណ​ដ៏​ធំ​មួយ​ទៀត​ស្ថិត​ ក្នុង​ព្រៃ​ជ្រៅ​ក្នុង​ភូមិ​ចារ​ថ្មី ឃុំ​លំទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មានជ័យ​។ ស្ថានីយ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាង​កើត​ភ្នំ​ដែក ចន្លោះ​ស្រុក​អន្លង់​វែង និង​ស្រុក​សំរោង​របស់​ខេត្ត​ឧត្តរ​មានជ័យ។ ស្ថានីយ​នោះ​មាន​ទួល​គំនរ​អាចម៍​ដែក ចំនួន​៩​ទីតាំង​ជាប់ៗ​គ្នា​នៅ​លើ​ទីតាំង​នោះ​មាន​បន្សល់​នូវ តាឡែក (បំពង់​ផ្លុំ​ខ្យល់​សម្រាប់​បញ្ឆេះ​រ៉ែ​ដែក) រ៉ែ​ដែក និង​សំណល់​ភស្តុតាង​ផ្សេងៗ​ជា​ច្រើន​ទៀត​។ គំនរ​នីមួយៗ​មាន​ទំហំ​ប្រមាណ​២០​ទៅ​៣០​ម៉ែត្រ បួន​ជ្រុង​កម្ពស់​ពី​០,៥០​ម៉ែត្រ ទៅ​៤​ម៉ែត្រ គ្រប​ដណ្ដប់​ដោយ​ព្រៃ​ក្រាស់​។ គំនរ​សំណល់​ដែក​បុរាណ​ទាំង​អស់​នោះ​ជា​ភស្តុតាង​បញ្ជាក់​ថា ដែក​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​សង្គម​នា​សម័យ​នោះ។

អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​រូប​នេះ​បាន​បន្ថែម​ថា តាម​រយៈ​កម្ពស់​គំនរ​អាចម៍​ដែក​ដែល​នៅ​សល់ និង​ផ្ទៃ​ដី​ដែល​មាន​គំនរ​អាចម៍​ដែក​​នោះ នាំ​ឱ្យ​លោក​អាច​សន្និ-​ដ្ឋាន​បាន​ទៀត​ថា ទាល់​តែ​ប្រើ​កម្លាំង​មនុស្ស​រាប់​ពាន់​នាក់​នៅ​ក្នុង​ការ​ដឹក​ជញ្ជូន និង​ផលិត​ទើប​មាន​គំនរ​អាចម៍​ដែក​សល់​ជា​ច្រើន​បែប​នេះ​។

លោក​មាន​ប្រសាសន៍​ថា៖ «​បើ​ប្រើ​កម្លាំង​មនុស្ស​ រាប់​ពាន់​នាក់​បែប​នេះ វា​មិន​មែន​ជា​សិប្បកម្ម​ទេ ហេតុ​នេះ​យើង​អាច​សន្មត​ថា វា​ប្រហែល​ជា​តំបន់​ឧស្សាហកម្ម​ផលិត​ដែក​នៅ​ក្នុង​សម័យ​បុរាណ​ ហើយ​ការ​ផលិត​នេះ ប្រហែល​ជា​អាច​នាំ​ចេញ​ទៅ​បរទេស​ទៀត​ផង​»។

គួរ​បញ្ជាក់​ថា តាម​រយៈ​ការ​ស្រាវ​ជ្រាវ​កន្លង​មក​រក​ឃើញ​ថា នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​ទី​តាំង​ដែល​អាច​ជា​កន្លែង​ឡស្ល​ដែក​ប្រហែល​ជាង​១០០​កន្លែង ប៉ុន្តែ​ព្រះវិហារ​ជា​ខេត្ត​មាន​សំណល់​អាចម៍​ដែក​ច្រើន​ជាង​តំបន់​ដទៃ ទាំង​អស់​។

ទន្ទឹម​នឹង​នោះ​លោក យាង វីរៈ​បុត្រ អ្នក​ជំនាញ​ភាសា​វិទ្យា និង​សិលា​ចារឹក ក៏​បាន​លើក​ឡើង​ពី​ការ​យល់​ស្រប​ចំពោះ​ការ​រក​ឃើញ​គំនរ​អាចម៍​ដែក​នៅ​តាម បណ្តា​ខេត្ត​ទាំង​នោះ​ថា កន្លែង​ផលិត​ឧបករណ៍​ប្រើ​ប្រាស់​អំពី​ដែក​ដ៏​សំខាន់​សម្រាប់​បំពេញ​នូវ​រាល់​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​នា​សម័យ​នោះ​ផង​។

លោក​មាន​ប្រសាសន៍​ថា៖ «​ជា​ការ​ពិត​ កន្លែង​ទាំង​នោះ​ជា​កន្លែង​ផលិត​ឧបករណ៍ និង​សម្ភារ​ប្រើប្រាស់​នានា​របស់​ខ្មែរ​នា​សម័យ​បុរាណ មាន​ដូច​ជា​កាំបិត ព្រួញ ស្នា និង​របស់​របរ​ជា​ច្រើន​ទៀត ដូច​ដែល​យើង​បាន​ឃើញ​តឹក​តាង​ស្រាប់​នៅតាម​ជញ្ជាំង​ប្រាសាទ​បុរាណ​ខ្មែរ​»៕

(អ៊ុំ វ៉ុន មន្ត្រី​ស្រាវជ្រាវ នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា)

What Next?

Recent Articles

2 Responses to "ខេត្ត​ព្រះវិហារ​ជា​ទីតាំង​ឧស្សាហកម្ម​ផលិត​ដែក​ដ៏​ធំ​កាល​ពី​សម័យ​បុរាណ"

  1. បន្តិចទៀតកន្លែងទាំងនោះនឹងក្លាយជា សីម្បទានសេដ្ឋកិច្ចអស់ហើយ ក្រោមការដឹកនាំដ៏អស់ព្រៃរបស់ស្ដេចជោ

  2. Xman says:

    មិនមែនទេ! កុំចេះតែថា! គឺទុកអោយួនទេ បើមិនដឹងកុំនិយាយ!