05212013Headline:

គ្រូបង្រៀន​នៅ​ឧ​ត្ត​រ​មានជ័យ ខាន​បើកប្រាក់​តំបន់​ដាច់ស្រយាល និង​ប្រាក់​ធ្វើដំណើរ ៨​ខែ​

ថ្ងៃទី 25 មិថុនា 2012
ដោយ: លីនណា
CEN

ភ្នំពេញ: សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ផ្ញើលិខិត​ជូន​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា សុំ​ជួយ​អន្តរាគមន៍​ចំពោះ​ករណី​មិនទាន់​បើកប្រាក់​តំបន់​ដាច់ស្រយាល​ចំនួន ៨​ខែ និង​ប្រាក់​ធ្វើដំណើរ​ចំនួន ៩​ខែ​។

​យោងតាម​លិខិត​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១២ បាន​លើកឡើងថា លោកគ្រូ​អ្នកគ្រូ​ដែល​បង្រៀន​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បានស្នើ​សុំឱ្យ​សមាគម​ជួយ​អន្តរាគមន៍​ប្រាក់​តំបន់​ដាច់ស្រយាល និង​ប្រាក់​ធ្វើដំណើរ ដែល​មិនទាន់បាន​បើក​អស់​រយៈពេល​ជាង ៨​ខែ​។​

​លោក រ៉ុង ឈុន បាន​បញ្ជាក់ថា “​ប្រាក់​សម្រាប់​គ្រូបង្រៀន​នៅ​តំបន់​ដាច់ស្រយាល គឺមាន​ចំនួន ៦០.០០០ រៀល ក្នុង​មួយខែ និង​ប្រាក់ឧបត្ថម្ភ​ធ្វើដំណើរ​សម្រាប់​គ្រូបង្រៀន​ចំនួន ៤០០.០០០ រៀល នៅពេល​ចេញមក​បម្រើកា​រងារ​ដំបូង​”​។​

​ប្រធាន​សមាគម​រូបនេះ​បន្ថែមថា ចំពោះ​គ្រូបង្រៀន​នៅ​តំបន់​ដាច់ស្រយាល គួរ​ត្រូវបាន​លើកទឹកចិត្ត​ពី​ក្រសួង​អប់រំ មិនត្រូវ​មើលរំលង​ឡើយ​។ តែ​ដោយឡែក លោកគ្រូ​អ្នកគ្រូ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចាប់ពី​ខែតុលា ឆ្នាំ​២០១១ រហូតមកដល់​ខែមិថុនា ឆ្នាំ​២០១២​នេះ ពុំទាន់​បាន​បើកប្រាក់​តំបន់​ដាច់ស្រយាល និង​ប្រាក់ឧបត្ថម្ភ​ធ្វើដំណើរ​នៅឡើយ​។​

​ចុងបញ្ចប់​នៃ​លិខិត​ដាក់ជូន​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​បញ្ជាក់ថា “​ការយឺតយ៉ាវ​ក្នុងការ​បើកប្រាក់​នេះ នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​គ្រូបង្រៀន និង​ជា​ផ្នែក​មួយ​ដែល​បណ្ដាល​ឲ្យ​គ្រូបង្រៀន​ផ្ទេរចេញ មិនអាច​ឈរជើង​បង្រៀន​នៅ​តំបន់​ដាច់ស្រយាល​បាន​”៕ K​

What Next?

Recent Articles

One Response to "គ្រូបង្រៀន​នៅ​ឧ​ត្ត​រ​មានជ័យ ខាន​បើកប្រាក់​តំបន់​ដាច់ស្រយាល និង​ប្រាក់​ធ្វើដំណើរ ៨​ខែ​"

  1. Khmer Pit says:

    មិន​នឹក​ស្មាន​ថា​ មាន​រឿង​បែប​នេះ​កើត​ឡើង​សោះ ព្រោះ​ថា​ប្រទេស​គេ​ទៅ​ដល់​ឋានព្រះ​ច័ន្ទ​។ ដោយ​ឡែក​ប្រទេសកម្ពុជា​ដើរ​តាម​ជំហាន​គីង្គក់​របស់​លោក ហ៊ុន សែន ពិត​ជា​សម​តាម​ឈ្មោះ​មែន។​ លោក​គ្រូ​អ្នក​គ្រូ​អើយ​ខ្ញុំ​បាន​អាន​ព័ត៌មាន​នេះហើយ​ស្ទើ​ស្រក់​ទឹក​ភ្នែក​នេះ​ជា​អា​រម្មណ៍​របស់​ខ្ញុំ។