25 June 2012
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍

អាជ្ញាធរខេត្តមណ្ឌលគិរីចុះរុះរើផ្ទះពលរដ្ឋពីខែមុនដើម្បីយកដីឲ្យក្រុមហ៊ុនដីសម្បទានវៀតណាម។
រូបថត ហេង ជីវ័ន
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាផ្តល់ដីសម្បទានសេដ្ឋកិច្ចជាថ្មីចំនួន ៧ ទៀត លើផ្ទៃដីសរុប ៥៦៥៨៦ ហិកតា ឲ្យទៅក្រុមហ៊ុនឯកជនចំនួន ៧ នៅក្នុងខេត្តចំនួន ៧ ដើម្បីធ្វើការវិនិយោគ បន្ទាប់ពីលោកនាយរដ្ឋមន្ត្រីខ្លួនឯង បានចេញសេចក្តីប្រកាស ផ្អាកជាបន្ទាន់ នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនឯកជនដោយគ្មានការកំណត់ កាលពីថ្ងៃទី៧ខែឧសភាថ្មីៗនេះ។
យោងតាមសៀវភៅព្រះរាជកិច្ច ដែលបានចេញផ្សាយ ពីទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១២ ដែលភ្នំពេញប៉ុស្តិ៍ ទើបទទួលបាន លោក ហ៊ុន សែន បានចុះហត្ថលេខាចំនួន ៤ ដង នៅថ្ងៃទី ៧ ខែមិថុនា លើអនុក្រឹត្យ ស្តីពីការកំណត់តំបន់ព្រៃគ្រប់គ្រង ក្នុងតំបន់ការពារធម្មជាតិ ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ឲ្យទៅក្រុមហ៊ុនឯកជនចំនួនបួន លើផ្ទៃដី ៣៣ ៩៣៦ ហិកតា និង នៅថ្ងៃទី ១៨ ឧសភា បានចុះហត្ថលេខាចំនួន ៣ ដង លើអនុក្រឹត្យអនុបយោគ ដីចំនួន ៣ កន្លែង នៅក្នុងខេត្តចំនួន ៣ ឲ្យទៅក្រុមហ៊ុនឯកជនចំនួន ៣ លើផ្ទៃដីចំនួន ២១ ៦៥០ ហិកតា ដើម្បីធ្វើការវិនិយោគ អភិវឌ្ឍន៍លើវិស័យដាំដំណាំកសិ-ឧស្សាហកម្ម និងដំណាំកៅស៊ូ។
តាមសៀភៅព្រះរាជកិច្ច បានឲ្យដឹងទៀតថា លោក ហ៊ុន សែនបានចុះហត្ថលេខាលើអនុក្រឹត្យចំនួន ៤ ឲ្យទៅក្រុមហ៊ុនឯកជននោះមានដូចជា ក្រុមហ៊ុនឃុន ស៊ា អ៊ីមផត អិចផត ទទួលបានដីសម្បទានសេដ្ឋកិច្ចចំនួន ៨២០០ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្តឧត្តរមានជ័យ ក្រុមហ៊ុនលឹម រ៉ូយ៉ាល់ជ័ញ ទទួលបានដីសរុប ៩០៦៨ ហិកតា ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ក្រុមហ៊ុនរ័ត្ន សុខន ទទួលបានដីចំនួន ៩០០០ ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តរតនគិរី និងក្រុមហ៊ុន A.2.A TOWN (Cambodia) Co.,Ltd ទទួលបានដីចំនួន ៩៦៦៨ ហិកតា ស្ថិតក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ (គិរីរម្យ) ស្ថិតក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។
កាលពីថ្ងៃទី១៨ ឧសភា លោកហ៊ុន សែន បានចុះហត្ថលេខា លើអនុក្រឹត្យអនុបយោគដីចំនួន ៣ កន្លែង ទៅឲ្យក្រុមហ៊ុនឯកជនដូចជា ក្រុមហ៊ុនអេចអ៊ឹមអេច (H.M.H) ទទួលបានដីទំហំ ៥៩៤០ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកសន្ទុក ខេត្តកំពង់ធំ វិនិយោគដាំដំណាំកៅស៊ូ ដោយ ក្រុមហ៊ុន លី យ៉េ រ៉ាប់ប៊័រទទួលបានដីទំហំ៧ ៧១០ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្វាយលើខេត្តសៀមរាប និងក្រុមហ៊ុន អេសខេ ផ្លេនថេសិន ទទួលបានដីទំហំ ៨ ពាន់ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកកូនមុំ និងស្រុកវ៉ឺនសៃ ខេត្តរតនគិរី វិនិយោគដាំដំណាំកៅស៊ូ ។
នៅថ្ងៃទី ៧ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឲ្យផ្អាកជាបន្ទាន់ និងគ្មានកាលកំណត់នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនឯកជន ហើយបានអំពាវនាវ ឲ្យពិនិត្យមើលឡើងវិញ នូវដីសម្បទាន ដែលមានស្រាប់ទាំងអស់។ នៅថ្ងៃទី ១៤ មិថុនា លោកហ៊ុន សែនបានថ្លែងជាសាធារណៈ បញ្ជាឲ្យអាជ្ញាធរទូទាំងប្រទេស ធ្វើការវាស់វែងបែងចែកដីធ្លី ឲ្យប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី ជាមួយក្រុមហ៊ុនព្រៃសម្បទាន ដីសម្បទានសេដ្ឋកិច្ច ហើយធ្វើយ៉ាងយូរបំផុតរយៈពេល៦ ខែ។
លោកលឹម លាងសែ នាយរងខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី បានថ្លែងថា៖ «សម្តេចនាយក បានប្រកាសឲ្យឈប់ផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនឯកជនហើយ សុំផ្ទៀងផ្ទាត់មើលឯកសារឡើងវិញ ក្រែងល ឯកសារចាស់»។
ចំណែក លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីក៏បានថ្លែងដែរថា លោកពុំទាន់ទទួលបានព័ត៌មាននោះទេ ប៉ុន្តែបើតាមលោកដឹង រហូតមកដល់ពេលនេះ គឺគ្មានការរៀបចំផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មីនោះទេ។ លោកនិយាយថា៖ «ខ្លាចតែជាឯកសារចាស់ គេធ្វើការផ្លាស់ប្តូរម្ចាស់»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានថ្លែងថា នេះគឺជាទង្វើបំភ័ន្តភ្នែកប្រជាពលរដ្ឋ មុនពេលបោះឆ្នោត ហើយនៅពេលដែលបោះឆ្នោតរួច រដ្ឋាភិបាល បន្តផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនបរទេសដដែល។ លោកបាននិយាយថា ៖ «រដ្ឋាភិបាលគួរតែបញ្ឈប់ការផ្តល់ដីទៅឲ្យក្រុមហ៊ុនបរទេស ហើយទុកដីឲ្យប្រជាពលរដ្ឋ ដែលគ្មានដីសម្រាប់ធ្វើកសិកម្ម»។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ អង្គការសិទ្ធិមនុស្សលីកាដូ ថ្លែងថា លោកនាយករដ្ឋមន្ត្រី បានធ្វើការប្រកាសផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនឯកជន ជាបណ្តោះអាសន្ន កាលពីថ្ងៃទី ៧ ខែឧសភា ហើយអំឡុងពេលពីថ្ងៃ ៧ ឧសភា រហូតដល់ថ្ងៃ ៧ មិថុនា លោកមើលឃើញថា រដ្ឋាភិបាលបានបន្តផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនឯកជនចំនួន ៧ ទៀតដូច្នេះ វាផ្ទុយពីបទបញ្ជា ០០១ របស់រដ្ឋាភិបាល គឺមានន័យថា រដ្ឋាភិបាលមិនបានគោរពនិងមិនអនុវត្តនូវបទបញ្ជារបស់ខ្លួនឯង ដូច្នេះវាធ្វើឲ្យមតិសាធារណៈ អស់ជំនឿទៅលើរដ្ឋាភិបាល ទាក់ទិនទៅនឹងការផ្តល់ដីសម្បទានសេដ្ឋកិច្ច។ លោក អំ សំអាត បានមានប្រសាសន៍ទៀត ថា៖«អាជ្ញាធរថ្នាក់ក្រោម ដែលកំពុងតែធ្វើការដោះស្រាយទំនាស់ដីធ្លី នឹងមិនខិតខំប្រឹងប្រែងធើ្វការដោះស្រាយទំនាស់ទៀតទេ នៅពេលដែលគេឃើញរដ្ឋាភិបាល នៅតែបន្តធ្វើយ៉ាងដូច្នេះ»។
លោកចាន់ សូវ៉េត មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់ នៃសមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងឲ្យដឹងថា វាជាការល្អប្រសិនបើរដ្ឋាភិបាលផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដូចដែលលោក នាយករដ្ឋមន្ត្រីបានប្រកាស។ លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាល គួរតែផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចសិន ហើយត្រូវដោះស្រាយជម្លោះ ដូចដែលបានប្រកាសកាលពីថ្ងៃទី ១៤ មិថុនា បើមិនដូច្នោះទេ បញ្ហាជម្លោះដីធ្លី មិនអាចបញ្ចប់បានទេ»។
នៅលើគេហទំព័រ របស់ក្រសួងកសិកម្ម បានផ្សាយថា មានក្រុមហ៊ុនចំនួន ៦៨ ក្រុមហ៊ុន ដែលកំពុងដំណើរការវិនិយោគលើផ្ទៃដីសរុបចំនួនជាង ៨ សែនហិកតា ក្រោយពីទទួលបានដីសម្បទាន សេដ្ឋកិច្ចពីរដ្ឋាភិបាល នាឆ្នាំ ២០០៨ កន្លងមក៕
ជឿអ្នកណាមិនជឿ ទៅជឿល្បង សែន !
មេបោកពីដើមមកហ្នឹង!
arch kdor