25 June 2012
មុំ គន្ធា
ភ្នំពេញ ប៉ុស្តិ៍
បន្ទាយមានជ័យៈ ប្រជាពលរដ្ឋខ្មែរ១០នាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកថ្ងៃសុក្រ នៅក្នុងខេត្តស្រះកែវ ប្រទេសថៃ នៅពេលដែលពួកគេនាំគ្នាធ្វើដំណើរ តាមត្រាក់ទ័រពីខេត្តបន្ទាយមានជ័យ ទៅធ្វើការប្រចាំថ្ងៃនៅក្នុងប្រទេសថៃ។
អធិការនគរបាលស្រុកម៉ាឡៃ លោក សៅ ប៊ុន កាលពីម្សិលមិញ បានឲ្យដឹងថា ពលរដ្ឋមកពីស្រុកម៉ាឡៃ និងស្រុកស្វាយចេកចំនួន១០នាក់ ក្នុងនោះ មាន២នាក់រងរបួសធ្ងន់ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះ។
លោកបានថ្លែងថា៖ «ពួកគេបានចេញដំណើរទៅធ្វើជាកម្មករនៅក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ដោយចេញទៅព្រឹក មកវិញពេលល្ងាច ជារៀងរាល់ថ្ងៃ ក្រោយពីទំនេរពីការងារស្រែចម្ការប៉ុន្តែ អកុសលបានរងគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តមួយផ្សេងបុកត្រាក់ទ័រ ពួកគេជិះធ្លាក់ពីលើផ្លូវ»។
លោក សៅ ប៊ុន បញ្ជាក់ដែរថា ពួកគេត្រូវបានបញ្ចូនទៅជួយសង្គ្រោះនៅមន្ទីរ ពេទ្យក្នុងស្រុកខ្លងហាត ហើយពុំមានអ្នកណាម្នាក់រងគ្រោះដល់ជីវិតទេ។
លោក សៅ ប៊ុន បន្តថា៖ «វាជារឿងធម្មតាដែលប្រជាពលរដ្ឋនៅក្នុងខេត្ត បន្ទាយមានជ័យ ចាកចេញទៅស៊ីឈ្នួលធ្វើការងារក្នុងប្រទេសថៃ ពេលព្រឹកត្រឡប់មកវិញល្ងាច ព្រោះទំនេរពីស្រែចម្ការ» ។
សមត្ថកិច្ចបានឲ្យដឹងដែរថា ពួកគេបានបញ្ជូនមកកាន់ស្រុកកំណើតវិញ បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកខ្លងហាតបានមួយថ្ងៃ ៕
សម្លាប់ខ្មែរដោយត្រង់ៗ ពិបាកដោះស្រាយចំពោះសារព័ត៍មានខ្លាំងពេកក៏
រៀបចំតាមរូបភាពគ្រោះថ្នាក់ចរាចរវិញម្តង។ សង្កេតឃើញអ្នករងគ្រោះគឺ
សុទ្ធតែជាជនជាតិខ្មែរនៅលើដីសៀម។