25 June 2012
វង្ស សុខេង
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ឧត្តមមន្រ្តីនៃកងយោធពលខេមរភូមិន្ទគ្រោងនឹងជួបជាមួយសមភាគីថៃនៅ រាជធានីភ្នំពេញ នៅថ្ងៃស្អែក ជាលើកទី ២ ដើម្បីបន្តពិភាក្សាទៅលើគោលការណ៍ដកកងទ័ពចេញពីព្រំដែនវិវាទជុំវិញប្រាសាទព្រះវិហារ។
កិច្ចប្រជុំលើកទី ២ នៃក្រុមការងារចម្រុះកម្ពុជានិងថៃនឹងរៀបចំធ្វើឡើងនៅវិមានសន្តិភាពពីថ្ងៃទី២៦ដល់២៨ ខែមិថុនា ដែលមាននាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ Worapong Sanganetra នាយសេនាការធិការចម្រុះនៃកងទ័ពថៃធ្វើជាសហប្រធាន។
លោក នាង ផាត បញ្ជាក់ថា ៖ «យើងកំពុងពន្លឿនកិច្ចពិភាក្សា អំពីការដកកងទ័ព [ចេញពីតំបន់គ្មានកងទ័ពបណ្តោះអាសន្ន] កម្ពុជាត្រៀមជាស្រេចដើម្បីអនុវត្តដីការបស់តុលាការយុតិ្តធម៌ អន្តរជាតិ ដែលបានសម្រេចនៅ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំមុន ប៉ុន្តែភាគីថៃនៅតែរុញទៅរុញមក យើងមិនដឹងថា តើមកពីមូលហេតុអ្វីនោះទេ»?
កិច្ចប្រជុំក្រុមការងារចម្រុះលើកទី១ នៅទីក្រុងបាងកក ខែមេសាកន្លងទៅ មានវឌ្ឍនភាពខ្លះ ប៉ុន្តែ មិនបានឈានដល់ការព្រមព្រៀងលើការដកកងទ័ពចេញពីតំបន់គ្មានកងទ័ព បណ្តោះអាសន្ន ដែលមានទំហំ ១៧,៣ គីឡូម៉ែត្រការ៉េ ដែលត្រូវបានសម្រេចដោយតុលាការយុតិ្តធម៌អន្តរជាតិ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំមុននោះទេ។
ទាំងកម្ពុជានិងថៃបានបញ្ជាក់ការប្តេជ្ញាជាថ្មីម្តងទៀត ក្នុងការអនុវត្តដីការបស់តុលាការយុតិ្តធម៌អន្តរជាតិ។
កម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការយុតិ្តធម៌អន្តរជាតិ បន្ទាប់ពីមានការប៉ះទង្គិចសម្លាប់មនុស្សនៅក្បែរប្រាសាទព្រះវិហារ កាលពីខែកុម្ភៈ ឆ្នាំមុន ដោយស្នើសុំតុលាការឲ្យបកស្រាយឡើងវិញទៅលើសាលក្រមសម្រេចសេចក្តី ឆ្នាំ ១៩៦២ របស់តុលាការក្រុងឡាអេ ស្តីពីបញ្ហាទឹកដី ទាក់ទងនឹងប្រាសាទព្រះវិហារ និងតំបន់ជុំវិញ។
កងទ័ពកម្ពុជានិងថៃបានផ្ទុះការប្រយុទ្ធបង្ហូរឈាមគ្នា បន្ទាប់ពីអង្គការ UNESCO បានចុះបញ្ជីប្រាសាទនេះជាបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨។
តុលាការយុតិ្តធម៌អន្តរជាតិបានបង្គាប់ឲ្យកម្ពុជានិងថៃនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១១ ឲ្យដកកងទ័ពចេញពីតំបន់គ្មានកងទ័ពបណ្តោះអាសន្នភ្លាមៗ ហើយអនុញ្ញាតឲ្យអ្នកសង្កេតការណ៍អាស៊ាន(ឥណ្ឌូនេស៊ី) ចូលទៅឃ្លាំមើលបទឈប់បាញ់។
លោក Thanathip Sawangsang អ្នកនាំពាក្យនៃ ក្រសួងការពារជាតិថៃ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីថ្ងៃអាទិត្យ៕ TK
