ថ្ងៃទី 26 មិថុនា 2012
ដោយ: រស្មី
CEN
ភ្នំពេញ: លោក វ៉ាត់ ចំរើន សព្វថ្ងៃជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ លោកចាប់ផ្ដើមជាមួយនឹងកីឡាតាំងពីអាយុ ១៣ឆ្នាំមកម្ល៉េះ។
តាមពិត លោកមិនមែនកើតក្នុងត្រកូលអ្នកកីឡាទេ តែបន្ទាប់ពីឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត មកនោះ លោកបានក្លាយជាស្លឹកឈើដែលជ្រុះឆ្ងាយពីគល់។ ក្រោយឆ្នាំ១៩៧៩ លោកបានត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញដូចប្រជាជនកម្ពុជាទូទៅដែរ។ លោកកើតក្នុងត្រកូលជាងទង តែលោកបានក្លាយជាអ្នកដឹកនាំកីឡាកំពូលរបស់កម្ពុជា។
លោកហាក់ដូចជារាងចាលនឹងការវាយធ្វើបាបកាលពីសម័យប៉ុល ពតនោះ លោកបានចាប់ផ្ដើមហាត់ក្បាច់គុនការ៉ាតេដូ ដែលកាលនោះហាត់ជាមួយលោកជា ណារ៉ា ។ លោកហាក់ដូចជាមិនស្ងប់ចិត្តឡើយនឹងការហ្វឹកហាត់នេះ ទើបលោកទៅហាត់បន្ថែមនូវក្បាច់គុនយូដូ ។ មកដល់ទសវត្សរ៍ ឆ្នាំ៨០ លោកបានហាត់បន្តនូវក្បាច់គុនយូដូ និង បន្ទាប់មកហាត់ក្បាច់សាំបូបន្ថែមទៀត។ កាលនោះលោកទើបតែមានអាយុ១៤ឆ្នាំប៉ុណ្ណោះ។
ការហាត់នោះគឺដើម្បីការពារខ្លួន ដោយសារតែគេចេះតែធ្វើបាបដោយពួកក្មេងៗដែលនៅភូមិជាមួយគ្នានោះវាយធ្វើបាប ។ ឆ្នាំ១៩៨៨ នៅក្នុងការប្រកួតជម្រើសរកជើងខ្លាំងដើម្បីទៅប្រកួតនៅអតីតសហភាពសូវៀតនោះ លោកបានព្យាយាមប្រកួតយកឈ្នះកីឡាករជើងចាស់នានាដែលពេលនោះហើយលោកបានជាប់ជាកីឡាជម្រើសជាតិសាំបូ ។ នៅឆ្នាំ១៩៨៩ លោកបានចេញទៅប្រកួតនៅសហភាពសូវៀតដែលនោះជាការចេញលើកដំបូងហើយនៃកីឡាកម្ពុជាទៅបរទេស។
ទៅប្រកួតនៅអតីតសហភាពសូវៀត លោកបានទទួលជ័យជម្នះលើកីឡាករប៊ុលហ្គារី តែបន្ទាប់មកប្រកួតចាញ់កីឡាម្ចាស់ផ្ទះ។ លោកទទួលស្គាល់ថាការហ្វឹកហាត់កាលនោះគឺហាត់ខ្លាំងមែនទែន។នៅឆ្នាំ១៩៩៤ លោកបានចេញទៅហាត់ចំបាប់នៅប្រទេសកូរ៉េខាងជើងរយៈពេល ២ ឆ្នាំ ទើបត្រឡប់មកវិញ។ ការហាត់នៅប្រទេសកូរ៉េនោះលោកត្រូវគ្រូតម្រូវឲ្យប្រកួតប្រដាល់សាកល តែលោកត្រូវគូប្រកួតវាយឲ្យសន្លប់ ។
ឆ្នាំ ១៩៩៦ ជាឆ្នាំដែលលោកប្រកួតចុងក្រោយគេក្នុងជីវិតជាកីឡាករ ដែលកាលនោះលោកចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងអាត្លង់តា នៃសហរដ្ឋអាមេរិក ។ត្រឡប់មកវិញលោកបានផ្ដួចផ្ដើមគំនិតរៀបចំសហព័ន្ធកីឡាចំបាប់ឲ្យមានសកម្មភាព ដោយមានក្លឹប មានកម្រាលសម្រាប់ហ្វឹកហាត់ត្រឹមត្រូវរហូតមកដល់សព្វថ្ងៃនេះ។
ឆ្នាំ១៩៩៧ ក្នុងព្រឹត្តិការណ៍ SEA Games នៅប្រទេសឥណ្ឌូណេស៊ីលោកបានជាប់ជាអាជ្ញាកណ្ដាលចំបាប់អន្តរជាតិដែលកាលនោះជាប់បានតែ ២ នាក់ប៉ុណ្ណោះ គឺលោកវ៉ាត់ ចំរើន និង លោកហុក ឈាងគីម ។ គួរបញ្ជាក់ថា សម្រាប់កីឡាការ៉ាតេដូវិញលោកបានទទួលខ្សែក្រវាត់ខ្មៅនៅឆ្នាំ១៩៩៦ ហើយឆ្នាំ១៩៩៧លោកបានបើកក្លឹបបង្ហាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។
ក្នុងឆ្នាំ ១៩៩៦នេះដែរ លោកបានក្លាយជាអគ្គលេខាធិការសហព័ន្ធចំបាប់ ហើយនៅឆ្នាំ១៩៩៩លោកបានក្លាយជាអគ្គលេខាធិការសហព័ន្ធកីឡាចំបាប់ និងជាគ្រូអប់រំកាយ និងកីឡានៅសាលាអប់រំកាយ និងកីឡា។ បង្រៀនបាន ២ ឆ្នាំក៏ដកថយមកធ្វើជានិពន្ធនាយកទស្សនាវដ្ដីកីឡារបស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។
ឆ្នាំ២០០១ លោកបានទៅសិក្សាជំនាញគ្រូបង្វឹកជំនាញ (Entraineur specialite)រយៈពេល ៦ ខែ សិក្សាជំនាញគ្រូបង្វឹកកីឡាចំបាប់(Entraineur De Lutte) រយៈពេល៦ខែដែរនៅវិទ្យាស្ថានជាតិអប់រំកាយ និង កីឡានៅទីក្រុងប៉ារីសប្រទេសបារាំង។ ពេលនោះហើយដែលលោកបានទទួលសញ្ញាប័ត្រចំនួន ៣ គឺគ្រូបង្វឹកជំនាញ គ្រូចំបាប់ និងសញ្ញាប័ត្រសង្គ្រោះបឋមក្នុងកីឡា។
ឆ្នាំ ២០០១ បានជាប់ជាគ្រូឧទ្ទេសខាងរដ្ឋបាលកីឡាដែលទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។
ឆ្នាំ២០០២ បានទទួលអាហារូបករណ៍ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិឲ្យសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងទូទៅនៅសាកលវិទ្យាល័យ Preston នាសហរដ្ឋអាមេរិក ។លោកបានទទួលសញ្ញាប័ត្រនេះនៅឆ្នាំ២០០៦។
ឆ្នាំ២០០៨ បានជាប់ជាសមាជិកប្រតិបត្តិគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាស្វ័យប្រវត្តិ ហើយក្នុងមហាសន្និបាតគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ២០០៩ លោកបានជាប់ឆ្នោតជាសមាជិប្រតិបត្តិអូឡាំពិកម្ដងទៀត និង ក្លាយជាអគ្គលេខាធិការអូឡាំពិកចាប់ពីពេលនោះមកទល់សព្វថ្ងៃជំនួសលោកមាស សារិន ដែលកាន់កាប់តំណែងនេះយ៉ាងចាស់វស្សាទៅហើយនោះ។
បន្ទាប់ពីកាន់កាប់តំណែងជាអគ្គលេខាធិការជាតិអូឡាំពិកកម្ពុជានោះ លោកបានបង្កើតនូវព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងខេត្តព្រះសីហនុ និងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ។ ជាមួយគ្នានេះក៏បានសហការបង្កើតឲ្យមានព្រឹត្តិការណ៍ប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គ(Car Rally)កម្រិតអាស៊ីទៀតផង៕ S
