Written by ភ្នំពេញដេលីញូវ
Wednesday, 27 June 2012
ពេលនេះ អ្នកចម្រៀង ឡាយ ស្រីពៅ បានបង្ហាញមុខ ឡើងវិញក្នុង ពិភពសិល្បៈ ដោយមាន សាច់ឈាម និង រូបសម្រស់ ស្អាតជាងមុន បន្ទាប់ពី បាត់មុខ មួយរយៈ រួចមក ។ តាមប្រភព ព័ត៌មានពី អ្នកសិល្បៈ បានឱ្យដឹងថា នាងបាន រៀបការ ហើយមាន កូនហើយ ប៉ុន្តែ នៅលើ កញ្ចក់ ទូរទស្សន៍ ពិធីករ នៅតែហៅ នាងថា កញ្ញាៗ ដដែល ។
ប្រមាណជិត មួយឆ្នាំ ដែលគេមិន បានឃើញ ឡាយ ស្រីពៅ ចេញ បង្ហាញមុខ ជាសាធារណៈ តាមវេទិកាតន្ត្រី នៃស្ថានីយ ទូរទស្សន៍ នានាទេ តែកាលពី ពាក់កណ្តាល ខែឧសភា ឆ្នាំ ២០១២ គេបានឃើញ នាងចូលរួម ច្រៀង ក្នុងកម្មវិធី សុក្រសប្បាយ និង កម្មវិធីតន្ត្រី នានា ជាបន្តបន្ទាប់ ឡើងវិញ ។
អ្នកយកព័ត៌មាន បានព្យាយាម ទូរស័ព្ទ ទៅរកនាង កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១២ តែចៃដន្យ មិនបាន ជួបនាង ព្រោះនាង ចេញទៅផ្សារ បាត់ដោយទុក ទូរស័ព្ទឱ្យ ស្វាមីនាងកាន់ និង ទទួល ឆ្លើយជំនួស ។ បើទោះ មិនបាន ជួបនាងផ្ទាល់ តែ តាម រយៈ ស្វាមី នាងក៏ បានបង្ហើប ប្រាប់ឱ្យដឹង ដែរថា មូលហេតុ ដែល ឡាយ ស្រីពៅ បាត់មុខ មួយរយៈនោះ គឺដោយសារ នាងត្រូវ សម្រាកមាតុភាព ។ ដូច្នេះបើគិត មកទល់ ពេលនេះ កូនរបស់នាង មានអាយុ មិនទាន់បាន មួយខួបទេ ។ កូនរបស់ ឡាយ ស្រីពៅ គឺជាកូនប្រុស ។ បើទោះជា នាងមានកូនក្តី ក៏នាងមិន បោះបង់ ចោលសិល្បៈដែរ ដោយចាប់ពី ពេលនេះទៅ នាងនឹងវិល ចូលប្រឡូក ក្នុង សិល្បៈចម្រៀង ជាធម្មតា ឡើងវិញ បន្ទាប់ពីរឹងដៃរឹង ជើងដូចដើម ។ ក្នុងនាមជា ស្វាមីលោក បានធ្វើការ អះអាង ប្រាប់ថា ចំពោះ រូបលោក ក៏មិន បានហាម ឃាត់ភរិយា មិនឱ្យប្រឡូក សិល្បៈចម្រៀងនោះទេ ពោលគឺ យល់ស្រប បំពេញទៅតាម បំណងប្រាថ្នា របស់ភរិយា ជានិច្ច ។
ឡាយ ស្រីពៅ បានប្រឡូក សិល្បៈតាំងពី នាងមានអាយុ ១៤ ឆ្នាំ ដោយមាន ប្រភពចេញពី សាលាវិចិត្រសិល្បៈ ឆ្លងកាត់ការ រៀនផ្នែក ចម្រៀងបុរាណ ។ រូបនាងត្រូវបាន គេស្គាល់ច្រើន ដោយសារធ្លាប់ ប្រឡងជាប់ ក្នុងកម្មវិធី ពន្លកតារា ដែលរៀបចំ ដោយ ស្ថានីយ ទូរទស្សន៍ រាជធានីភ្នំពេញ ប៉ុស្តិ៍លេខ ៣ គឺជាប់លេខ ១ កាលពី ឆ្នាំ ២០០៤ ។
ចាប់តាំងពីនាង ប្រឡងចម្រៀង ជាប់លេខ ១ មក គេ បានចាប់អារម្មណ៍ អញ្ជើញនាងឱ្យ ទៅច្រៀងនៅ តាមហាង និង តាមក្លឹបនានា ជាបន្តបន្ទាប់ និង ធ្លាប់ត្រូវបាន គេអញ្ជើញឱ្យ ទៅច្រៀងនៅ ប្រទេសអូស្ត្រាលី កាលពីឆ្នាំ ២០១០ រយៈពេល ជិតមួយខែ ផងដែរ ។
ព្រោះតែនាង មានការងារ មមាញ្ញឹកពេក នាពេល កន្លងទៅ ទើបនាងពុំបាន ច្រៀងឱ្យ ផលិតកម្ម ចម្រៀង ណាទេ បើទោះមាន គេទាក់ទង ហៅទៅច្រៀងក្តី ។ គេចាំបានថា នាងបានឆ្លៀត ថតសម្តែង វីដេអូ មួយរឿង ដោយសម្តែង ជាតួរងនៅ ក្នុងរឿង “សម្រែកជីវិត” ៕
