សុក្រ 29 មិថុនា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
គណបក្សប្រឆាំងទាំងពីរក្នុងប្រទេសកម្ពុជា គឺគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សកាលពីថ្ងៃម្សិលមិញ បានដាក់សំណើរួមគ្នាមួយទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីឲ្យក្រសួងនេះចាត់វិធានការជាបន្ទាន់មួយចំពោះមេឃុំ-ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានរំលោភនីតិវិធី ធ្វើការតែងតាំងមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ខុសនឹងគោលការណ៍ច្បាប់។
សំណើដែលចុះហត្ថលេខាដោយលោកស្រី កែ សុវណ្ណរតន៍ អគ្គលេខាធិការគណបក្សសមរង្ស៊ី និងលោក យ៉ែម បុញ្ញប្ញទ្ធិ អគ្គលេខាធិការគណបក្សសិទ្ធិមនុស្ស បានសរសេរថា មានមេឃុំ-ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ មួយចំនួនបានរៀបចំធ្វើការជ្រើសរើសមេភូមិ ក្រោយថ្ងៃប្រកាសលទ្ធផលជាផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២។ ការធ្វើបែបនេះ គឺជាការរំលោភនីតិវិធី និងគោលការណ៍ច្បាប់យ៉ាងធ្ងន់ធ្ងរជាទីបំផុត។
ដូច្នេះគណបក្សទាំងពីរស្នើឲ្យក្រសួងមហាផ្ទៃចាត់វិធានការចំពោះមេឃុំ-ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ដែលប្រព្រឹត្តល្មើសច្បាប់ និងផ្អាកការទទួលស្គាល់ ដោយរង់ចាំការស្នើតែងតាំងមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិថ្មី តាមរយៈ មេឃុំ-ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលទើបជាប់ឆ្នោត៕
