ថ្ងៃទី 29 មិថុនា 2012
ដោយ: លីនណា
CEN
ភ្នំពេញ: អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ បាននិយាយថា នៅក្នុងខែមិថុនា ឆ្នាំ២០១២នេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនី ដែលជាជំនួយការមេផ្ទះ នៅប្រទេសម៉ាឡេស៊ី បានចំនួន ២៤នាក់។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានលើកឡើងក្នុងលិខិតថា ពលការិនី ដែលជាជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ី បានមួយចំនួន ដូចជា៖
១. ពលការិនី ញ៉ែម សូវៀត : ស្ថានទូតបានអន្តរាគមន៍នាំយកពលករិនីនេះ ទៅសម្រាកព្យាបាលជំងឺរបេងនៅមន្ទីរពេទ្យ មុននឹងបញ្ជូនត្រឡប់មកកម្ពុជាវិញ។
២. ពលការិនី វង្ស សូឡា : ដោយពលការិនីរូបនេះ ទទួលរងនូវការវាយធ្វើបាបពីសំណាក់ថៅកែ ស្ថានទូតបានអន្តរាគមន៍ឲ្យនាងទទួលបានសំណងជំងឺចិត្ត ប្រាក់ខែត្រឹមត្រូវ និងសំបុត្រយន្ដហោះមកកម្ពុជាវិញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១២។
៣. ចំពោះពលការិនីមួយចំនួនទៀត ដែលចង់ត្រឡប់មកស្រុកកំណើតវិញ ស្ថានទូតក៏បានអន្តរាគមន៍ជួយឲ្យពួកគាត់បានត្រឡប់មកកម្ពុជាវិញផងដែរ ដោយទទួលបានប្រាក់ខែត្រឹមត្រូវ និងសំបុត្រយន្ដហោះជាដើម។ ពលការិនីទាំងនេះ រួមមានឈ្មោះ ចៀម ចន្ធា. សៀន សុភា, ចេង រ៉ា, ពិច សុភា, ពុល អៀត, តូច សំ, អិន ខី, រស ចាន់, ឃុន ចំប៉ី និង ខាន សុឃឿន។
៤. ក្រៅពីអន្តរាគមន៍ជួយពលការិនីជំនួយការមេផ្ទះខាងលើ ស្ថានទូតបានជួបសម្ភាសន៍ជាមួយពលរដ្ឋខ្មែរចំនួន ១២នាក់ ដែលមកធ្វើការងារដោយខុសច្បាប់ ហើយត្រូវនគរបាលម៉ាឡេស៊ី ឃាត់ខ្លួនទុករក្សានៅមជ្ឈមណ្ឌលអន្តោប្រវេសន៍ម៉ាឡេស៊ី។ ក្នុងចំណោមពលរដ្ឋខ្មែរទាំង ១២នាក់នេះ មានបុរសចំនួន ៨នាក់ : ប៉ាត់ តុល, ឃាន ទឹម, មឿង មួង, ចាន់ សុខា, ម៉ម សំណាង, ម៉ី សុភ័ន្ដ, ប៉ាត ភាង, ចាន់ ធឿន និងស្ដ្រីចំនួន ៤នាក់ : សឹម សុខងួន, ណាំ រដ្ឋា, ប៉ា លីសា និង ប៉ា រ៉ាចារ្យ។
លោក កុយ គួង បានឲ្យដឹងថា ដោយពុំមានលិខិតស្នាមជាប់នឹងខ្លួន ស្ថានទូតបានចេញលិខិតបើកផ្លូវដល់ពលរដ្ឋខ្មែរទាំង ១២នាក់នេះ ហើយកំពុងសហការជាមួយអង្គការទេសន្ដរប្រវេសន៍អន្តរជាតិ (IOM) ឲ្យជួយឧបត្ថម្ភសំបុត្រយន្ដហោះដល់ពួកគាត់ ដើម្បីធ្វើមាតុភូមិនិវត្តត្រឡប់មកកម្ពុជាវិញ នាពេលខាងមុខ៕