05202013Headline:

ពិធី​ខួបកំណើត​ និង​ការចាកចេញ​ពីប្រពៃណី​

ថ្ងៃទី 29 មិថុនា 2012
ដោយ: ​វឿន សាវុធ
CEN

ភ្នំពេញ: តាម​ប្រពៃណី​ខ្មែរ ពិធី​ខួបកំណើត​បានកើត​មាន​យូរណាស់​មកហើយ​។ ​ការ​ប្រា​ព្ធ​ពិធី​នេះ​ពុំ​ប្រកាន់​ថា ប្រុស​ស្រី ក្មេង​ចាស់ ពូ​មីង ព្រះសង្ឃ ឬ ព្រះរាជា​នោះទេ គ្រាន់តែ​ការហៅ​មាន​ភាពខុសគ្នា​និង​ពេលវេលា​នៃ​ការ​ប្រារព្ធ​ធ្វើឡើង​នោះឯង​។​

​សម្រាប់​ព្រះមហាក្សត្រ ​និង​ព្រះសង្ឃ ​ត្រូវបាន​គេ​ហៅថា “​ពិ​ធី​ចម្រើន​ព្រះជន្ម​” បើ​ចំពោះ​រាស្ត្រសាមញ្ញ​គេ​បាន​ហៅថា “​ចម្រើន​អាយុ ឬខួបកំណើត​” វិញ​នោះទេ​។ សង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ន​ មាន​មនុស្ស​ជាច្រើន​បែរជា​នាំគ្នា​ធ្វើ​ខួបកំណើត​ទៅតាម​បរទេស លក្ខណៈ​បែប​អឺរ៉ុប ហើយ​ត្រូវបាន​គេ​និយមនិយាយ​ជាប់មាត់​មក​ថា “Birthday” យ៉ាង​ពេញ​។ នេះ​អាចមកពី​ពលរដ្ឋ​កម្ពុជា​យើងគេ​បាន​ភ្លេច​ហើយ​ថា ខ្មែរ​ក៏មាន​ពិធី​ខួបកំណើត និង​ជាប្រពៃណីមួយ​ដែរ​។

​តាម​លក្ខណៈ​ប្រពៃណី​ខ្មែរ​ ការ​ប្រារព្ធ​ធ្វើ​ពិធី​ខួបកំណើត​ត្រូវបាន​គេ​ផ្សព្វផ្សាយ​ឲ្យ​ឃើញ​តាមរយៈ​ទូរទស្សន៍​ស្រាប់​ហើយ ​ដែល​ក្រៅពីនោះ ពិធី​នេះ​ត្រូវបាន​គេ​ធ្វើឡើង តែ​ចំពោះ​ព្រះមហាក្សត្រ​ ញាតិវង្សានុវង្ស មន្ត្រី​ធំៗ​និង​បណ្តាជន​ដែលមាន​ទ្រព្យធន​ក្រាស់ក្រែល​ប៉ុណ្ណោះ​។

​ពី​សម័យ​បុរាណ ពិធី​ខួបកំណើត ឬ​ចម្រើន​ព្រះជន្ម​នេះ មានឈ្មោះ​ម្យ៉ាងទៀត​គឺ​ពិធី “​អាយុវឌ្ឍន​មង្គល​” ដែល​គេ​ប្រារព្ធ​ធ្វើឡើងរៀងរាល់​រយៈពេល ១២​ឆ្នាំ​ម្តង គឺ​នៅ​អាយុ​១២​ឆ្នាំ អាយុ​២៤​ឆ្នាំ និង​អាយុ​៣៦​ឆ្នាំ​ ដោយ​ខ្មែរ​កំណត់​យក​ថ្ងៃខែ​ឆ្នាំ​ម្ចាស់​ពិធី​តាម​ចន្ទគតិ​(​ប្រតិទិន​ពុទ្ធសាសនា​)​។

​សម័យ​ក្រោយមក គេ​ឃើញ​មានការ​ផ្លាស់ប្តូរ​ប្រែប្រួល​ពីរ​វាង​១២​ឆ្នាំ​ម្តង​ មក​ប្រារព្ធ​ធ្វើ​ខួបកំណើត​មួយឆ្នាំ​ម្តងវិញ​ ដោយ​ផ្អែកលើ​ស្ថានភាព​គ្រួសារ​ជាក់ស្តែង ហើយក៏​គេ​ឃើញ​រៀបចំ​ពិធី​នេះ​ច្រើនតែ​សម្រាប់​ព្រះមហាក្សត្រ និង​មន្ត្រី​រដ្ឋាភិបាល​ដែលមាន​ឋានៈខ្ពស់ និង​អ្នកមាន​ធនធាន​ហូរហៀរ​មួយ​ភាគ​តូច​នោះទេ​។​

​ឥឡូ​នេះ ចំពោះ​យុវវ័យ គេ​ប្រារព្ធ​ពិធី​ខួបកំណើត​ដោយ​យក​តាមបែប​លោកខាងលិច គ្រាន់​តែមាន​របស់​បន្តិច​បន្តួច ដូច​ជាមាន នំ​ខេ​ក មួយ (Cake) ទៀន​សម្រាប់​អុជ (​ឧ​.​ទៀន​១​ដើម​តំណាង​៥​ឆ្នាំ​ ឬ១០​ឆ្នាំ​) កាំជ្រួច និង​មាន​ពាក់មួក​សាជី​ (Birthday hat)​ ហើយ​មុន​នឹងធ្វើ​ពិធី​នេះ គេ​បាន​អញ្ជើញ ប្រាប់គ្នីគ្នា មិត្តភក្តិ​ឲ្យ​មក​ចូលរួម​ជាមួយ ​ថែមទាំង​ផ្តល់​កាដូ​ រួម​នឹង​ការ​ច្រៀង​ជូនពរ​ម្ចាស់​ខួប ជា​ភាសាបរទេស​ថា “Happy Birthday to you…” និង​បាន​ឲ្យ​សា​មីកម្មវិធីបួងសួង​ប្រាថ្នា​នូវ​អ្វីដែល​ខ្លួន​ចង់បាន ​រួច​គេ​ផ្លុំ​ទៀន​ពន្លត់ ជា​កិច្ចបញ្ចប់​និង​គេ​សន្មត​ថា បានធ្វើ​ខួបកំណើត​រួចហើយ​។

​ក៏​នៅមាន​អ្នកខ្លះ គេ​ចង់​ធ្វើ​ថ្ងៃ​ខួប​របស់គេ​នេះ​ឲ្យ​អ​ធឹ​ក​អធម​ ដោយ​រៀបចំឡើង​មានការ​តុបតែង​លម្អ​និង​មាន​ឆាក​ប្រគំ​តន្ត្រីសម័យ​កំដរ និង​មាន​នំ​ខេ​កធំ​ ស្ព្រា​យ​បាញ់ (Spray) ជាដើម​នោះ​។

​ភ្ញៀវ​អញ្ជើញ​ចូលរួម​រហូតដល់​រាប់រយ​នាក់​ក៏មាន​។​គេ​ក៏មាន​ពិធីករ​ពិធីការិនី​ដឹកនាំ​កម្មវិធី​ ធ្វើ​ឲ្យ​រឹតតែ​រីករាយ​មួយកម្រិត​ទៀត ​អាស្រ័យទៅលើ​ធនធាន ឬ​ចំណង់​របស់គេ​។ គេ​យល់ថា​មួយឆ្នាំ​បានធ្វើ​ម្តង។ ​ដូច្នេះ​ត្រូវតែ​ធ្វើឲ្យសមរម្យ​។ ពិធី​ខួបកំណើត​នេះ​ពេលខ្លះ​គេ​ធ្វើ​ត្រូវ​ថ្ងៃខែ​ឆ្នាំ​កំណើត ខ្លះទៀត​ក៏​យកតាម​ក្បួនតម្រា​ផ្សេងៗ​ដែល​គេ​យល់ថា​ល្អ​ សុខ​សប្បាយចំពោះ​រូបគេ​។

​ដោយសារតែ​រយៈពេល នៃ​ការ​ប្រារព្ធ​ធ្វើ​ម្ដងៗ​យូរពេក​ គឺ​រហូតដល់​១២​ឆ្នាំ​ធ្វើ​ម្ដង ទើប​ធ្វើ​ឲ្យ​ពិធី​នេះ​ត្រូវបាន​គេ​ភ្លេច​អស់ ហើយ​បែរជា​នាំគ្នា​មក​ធ្វើ​តាមបែបបស្ចិមប្រទេស ដូច​សព្វថ្ងៃ​វិញ​៕ S​

What Next?

Recent Articles

9 Responses to "ពិធី​ខួបកំណើត​ និង​ការចាកចេញ​ពីប្រពៃណី​"

  1. ពីមុនអត់ដែលបានដឹងអំពីរឿងនេះទេ សូមអរគុណហើយដែលបានរំលឹក

  2. BaBaBoo says:

    គេឈប់ប្រកាន់ហើយ មនុស្សជាតិចម្លងតាមគ្នាឲ្យតាពាស អ្វីដែលប្លែកល្អថ្មីគឺជារឿងអស្ចារ្យគ្មានទាស់ ។ សម័យនេះមិននៅកាន់ប្រពៃណីស្លៀកប៉ឹងចេញថ្ពាល់គូជឯណា មនុស្សម្នាកំពុងរត់ប្រណាំងនិងពេលវេលា ហើយអ្វីៗគ្មាន ព្រុំដែនកំណត់នៃអរិយធម៌សង្គម ពីព្រោះមនុស្សជាតិបានបង្កើតទំនៀមទម្លាប់ ទំនៀមទំលាប់មិនបានបង្កើតមនុស្សឯណា ។ បើសត្វស្វាអាចដេញចាប៉ីឲ្យសារិកាច្រៀងបាន ទម្រាំមនុស្សលោក មិនមែនជារឿងហួសហេតុពេកទេដឹង! ។

  3. ទស្សនៈអាឡេវ says:

    ពាក្យចាស់លោកពោលថា សំដីសជាតិ​ មារយាទសពូជ ។​មនុស្សទាំងអស់អាចរៀនយកពីគ្នាបាននូវអ្វីដែលជាកិច្ចការល្អនិងប្រពៃ តែបើយើងចេះតែចម្លងមកគ្រប់ម៉ាកនោះ គេហៅថាមិនដឹងជាមារយាទរៀនពីណាមកទេ?មិនដឹងជាពូជសាសន៌ណាទេ?

  4. Thank your for your information of the conservative culture of Cambodian people.
    Of course, I like to learn about our conservative tradition of Khmer culture, and I should know our culture as well.
    Best regard,
    Srey Khmer U.S.

  5. កូនខ្មែរយើងខ្លះភ្លេចអស់ហើយប្រពៃណីខ្មៃរខ្លួន បែរជារើសយកប្រពៃណីសាសន៍ដទៃមកប្រើ៕
    តើថ្ងៃណាទើបខ្មៃរយើងយល់ពីវប្បធម៏ខ្លួន ?

  6. Rationale says:

    ការយល់ឃើញក្នុងបច្ចុប្បន្នកាលៈ
    ប្រពៃណី-វប្បធ៏មរបស់មនុស្សជាតិមានដើមកំណើតផ្សេងៗគ្នា ដោយសារពុំមានការប្រាស្រ័យទាក់ទងគ្នាអោយបានទូលំទូលាយ ម្ល៉ោះហើយការអនុវត្តរបស់ក្រុមនិមួយៗ កុលសម្ព័ន្ធនិមួយៗ ក្លាយទៅជាអ្វីដែលហៅថា ប្រពៃណី-វប្បធ៏មរបស់ក្រុមទាំងឡាយនោះ ក្នុងនោះមានប្រទេសខ្មែរដែរ…… បើមិនចង់អោយមានការធ្វើខុសពីទំលាប់និងប្រពៃណីនោះទេ មានតែតាក់តែងច្បាប់ទប់ស្កាត់ទង្វើទាំងនោះ…… តែអាចអោយមានការបកស្រាយថា បំបិទសិទ្ធសេរីភាព ពីព្រោះទង្វើនេះមិនមានធ្វើអោយមានគ្រោះថ្នាក់ដល់អ្នកដទៃទេ…..
    តើមានអ្វីខ្លះដែលខ្មែរចំលងពីគេនាពេលបច្ចុប្បន្ននេះ?
    ការពិតអ្វីដែលនាំអោយមានផាសុខភាព ភាពរីករាយមិនបំផ្លាញដល់ការរីកចំរើនដល់សង្គមមនុស្ស គួរតែមិនត្រូវទទួលការរឹះគន់ពេកនោះទេ……..
    ឧ. ខ្មែរមានប្រពៃណីកត់ត្រាប្រវត្តិសាស្រ្តនិងឯកសារនានាលើស្លឹករឹត និង លើផ្ទាំងសីលា…… តែបច្ចុប្បន្នត្រូវតែប្រើប្រព័ន្ធអេឡិកត្រូនីក និង កុំព្យូទ័រ……!!

  7. Vichet says:

    គួរឲ្យអាសូរចំពោះ កូនមន្ត្រីរដ្ឋាភិបាលម្នាក់ ដែលមានឋានៈខ្ពស់ និងមានធនធានហូរហៀរ បែរជាគ្មានឱកាសប្រារព្ធធ្វើខួបកំណើតជារៀងរាល់ឆ្នាំ ដូចកូនអ្នកក្រ។ គឺគេប្រារព្ធធ្វើឡើងរៀងរាល់ពេល 4 ឆ្នាំម្តងទៅវិញ។ ហេតុអ្វី? ដោយសារតែគ្នាកើតថ្ងៃ 29 February.

  8. ជូន​ យុវជន យុវតីខ្មែរគ្រប់រូប អ្នកជាទំពាំងស្នងឬស្សី ហើយបើអ្នកធ្វើខ្លួនជាឬស្សីស្អុយ និងដាច់ពូជ​ពង្សវង្សសណ្ដាន។ បើអ្នកជាខ្មែរស្នែហ៍ជាតិពិតគួរលៃគិត​​​​​​​​​​​ មុនត្រាប់តាមអ្នកសាសន៍ផ្សេង ការចំលងគ្នា ពិតជាមានពីបុរាណដល់ឥឡូវតែដូនតាយើងចេះកែខៃឆ្នៃពីគេមកជាខ្មែរទើបថែរកេរ៍បាន សល់ដល់ឥឡូវ។ ពុំគប្បីធ្វើអ្វីដោយសប្បាយភ្លើតភ្លើងភ្លេចខ្លួនជាខ្មែរ ខ្មែរជាតិធ្លាប់ថ្កើងហេតុអី្វយកប្រ
    ពៃណីយ៍គេមកតម្កើង បើចង់ធ្វើខួបកំណើតហេតុម្ដេចមិនធ្វើតាមប្រពៃណីយ៍ជាតិ​​ ត្បិតខ្មែរអ្នកកាន់ ពុទ្ធសាសនាតែង សុំពរជ័យសិរីសួសី្ដពីព្រះពុទ្ធជាម្ចាស់ដែលមានព្រះសង្ឃជាតំណាង បែរជាខ្មែរវង្វង
    ជាតិ ភ្លេចសាសនា ក្បត់ដូចតា យកនុំcake ជាប្រធាន​គ្មានដឹងខ្យល់ថានុំ​cake ជាតំណាងអ្វី?​ ទៀនពន្លឹ
    ព្រាក់ជាតំណាងអ្វី​?ស្រាក្រហមតំណាងអ្វី? បើមិនយល់ខ្ញុំសុំប្រាប់អ្នក​ឲ្យជាក់គ្រាន់ដឹងខ្លួន ព្រោះ ខ្ញុំឃើញកន្លងឆ្គួតទាំងអ្នកធំ ទាំងបណ្ឌិតឆ្កែលិទក្បាល ទាំងអាអ្នកមានដោយលួចជាតិ រួចដោយ អ្នកតូចជាបរិវារ នាំឲ្យខ្មែរដាំក្បាលចុះ ព្រោះពួកអ្មកឆ្កែថាគួរអភិវឌ្ឃន៍​អ្នកភិវឌ្ឃន៍ស្ដាប់ឲ្យជាក់ នុំcake តំណាង​សាច់ព្រះយេស៊ូ ព្រោះវាមានពណ៌ស ស្រាក្រហមតាងឈាមព្រះយេស៊ូ អែទៀនពន្លឺព្រាក់ៗតាងតារា​​ ។ដូច្នេះបើយកនុំcake ស្រាក្រហម ទានមានពន្លឺក្នុងពិធីខួបកំណើតមានន័យថាខ្លួន ក្បត់សាសនា ក្បត់ដូនតា ក្បត់ប្រពៃណីជាតិហើយចំពោះខ្មែរអ្នកកាន់ពុទ្ធសាសនាសូមជ្រា​ប​ ។

    ​​​​​​​​​​​​​​​​​​​​​

  9. សល់លុយច្រើនចង់កម្មវិធីអីក៏សមដែរ តែសំរាប់នំ មួយដុំនេះពិតជាថ្លៃ
    គួរសម។ បបួលមិត្តមកផឹកស៊ី រាំកំសាន្តសប្បាយ ជាការចងមិត្តភាព
    បង្កើនការរាប់អានគ្នា មិនដូចអ្នកដែលបបួលគ្នាទៅបង្កទំនាស់ ឫទៅទៅលេងល្បែង
    ស៊ីសង ទៅឡើងឋានសួរគ៌ខុសច្បាប់តំរ៉ា ទាំងនោះជាបញ្ហាគួរអោយប្រយត្ន័។
    ខួបកំណើតកាន់តែច្រើនចំណេញអ្នកម្ចាស់ហាងអ្នកបំពេញសេវាខាងរៀបចំ
    ផ្គត់ផ្គង់ទំនិញឯណោះទៅវិញ ។