ថ្ងៃទី 29 មិថុនា 2012
ដោយ: សុខ ភក្តី
CEN
ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ កំពុងធ្វើការងារជាមួយអាជ្ញាធរ អាហ្វ្រិកខាងត្បូង តាមរយៈស្ថានទូតអាហ្វ្រិកខាងត្បូង នៅបាងកក ប្រទេសថៃ ដើម្បីជួយសង្គ្រោះពលរដ្ឋខ្មែរចំនួន ៤ នាក់ ដែលបានទៅធ្វើការជាកម្មករនេសាទតាមរយៈក្រុមហ៊ុន Giant Ocean International Fishery Co.,Ltd អស់រយៈពេលជាច្រើនខែឆ្នាំ។
សេចក្តីប្រកាសរបស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានលើកឡើងថា ពលរដ្ឋខ្មែរចំនួន ៤ នាក់នោះ រួមមាន៖ ១-សេង សុខា ភេទប្រុស អាយុ ២៥ ឆ្នាំ នៅខេត្តកំពត។ ២-ផាន ចាន់ដែន ភេទប្រុស អាយុ ៣៤ ឆ្នាំ នៅខេត្តកំពង់ចាម។ ៣-ផា ណារ៉ា ភេទប្រុស អាយុ ២៤ ឆ្នាំ នៅខេត្តកំពង់ចាម និង៤-ចាប ស៊ីណាត ភេទប្រុស អាយុ ២១ ឆ្នាំ នៅខេត្តសៀមរាប។
សេចក្តីប្រកាសដដែល លើកឡើងថា បច្ចុប្បន្ន ពលរដ្ឋខ្មែរទាំង ៤ នាក់នេះ កំពុងស្ថិតនៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ហើយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូតកម្ពុជា នៅបាងកក បានស្នើឲ្យរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងជួយថែទាំ និងផ្តល់ជំរកសុវត្ថិភាពដល់ពួកគាត់ រហូតដល់ពេលដែលត្រូវធ្វើបាតុភូមិនិវត្តន៍ មកកាន់មាតុប្រទេសវិញ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងសហការជាមួយនឹងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ ( IOM ) ដើម្បីជួយធ្វើមាតុភូមិនិវត្តពលរដ្ឋខ្មែរទាំង ៤ នាក់នេះ ត្រឡប់មកកម្ពុជាវិញ នាពេលខាងមុខ។
សូមបន្ថែមថា ពលរដ្ឋខ្មែរ ភាគច្រើនជាបុរស តែងតែត្រូវគេជួញដូរ ពិសេសតាមទូកនេសាទ ដែលពីដំបូងពួកគេចូលធ្វើការ ជាអ្នកនេសាទ ក្នុងប្រទេសថៃ ហើយក្រោយមក ក៏ធ្លាក់ខ្លួនទៅដល់ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀត។ ក្រសួងការបរទេសក៏បានជួយពលរដ្ឋទាំងនោះជាបន្តបន្ទាប់ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ៕