សៅរ៍ 30 មិថុនា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ អង្គជំនុំជម្រះសាលាដំបូង នៃសាលាក្តីខ្មែរក្រហម បានចេញសេចក្តីសម្រេចស្តីពីកំហុសវិជ្ជាជីវៈរបស់មេធាវីអន្តរជាតិការពារក្តីឲ្យ នួន ជា គឺលោក Michiel Pestman និង លោក Andrew Ianuzzi បន្ទាប់ពីមានការព្រមានដោយផ្ទាល់មាត់មួយនៅក្នុងតុលាការកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២។
សេចក្តីសម្រេចរបស់សាលាក្តីខ្មែរក្រហមនេះ ក៏បានជូនដំណឹងផងដែរទៅគណៈមេធាវី Amsterdam និងគណៈមេធាវីរដ្ឋ New York ដែលមេធាវីទាំងពីររបស់ នួន ជា ជាសមាជិក ដើម្បីឲ្យគណៈមេធាវីទាំងពីរនេះដឹងអំពីកំហុសវិជ្ជាជីវៈនេះ និងចាត់វិធានការសមស្រប។
បើតាមសាលាក្តីខ្មែរក្រហម កំហុសវិជ្ជាជីវៈដែលមេធាវីរបស់ នួន ជា បានប្រព្រឹត្តនោះរួមមាន ៖
-ការនិយាយស្តីនិងការប្រព្រឹត្តិដោយគ្មានការគោរពចំពោះតុលាការ និងការបង្អាក់កិច្ចដំណើរការនីតិវិធីសវនាការនៅក្នុងសំណុំរឿង ០០២/០១។
-ការផ្សព្វផ្សាយជាសាធារណៈនូវព័ត៌មានសម្ងាត់នានាដោយគ្មានការអនុញ្ញាត រួមទាំងការផ្សព្វផ្សាយ ដល់សារព័ត៌មានផងដែរ ដែលជាញឹកញាប់បានបង្ហាញចេញនូវចេតនាច្បាស់លាស់ក្នុងការធ្វើបែបនេះ បន្តទៀតនាពេលខាងមុខ។ និង
-ការមិនគោរពបទបញ្ញត្តិនានានៃក្របខណ្ឌគតិយុត្តិរបស់ អ.វ.ត.ក និងសេចក្តីបង្គាប់នានារបស់អង្គ ជំនុំជម្រះសាលាដំបូង ដែលធ្វើឡើងដើម្បីការពារសិទ្ធិរបស់ជនជាប់ចោទ នួន ជា ហើយដែលអាចប៉ះពាល់ជាអវិជ្ជមានលើមេធាវីការពារក្តីរបស់ជនជាប់ចោទ។
លោក PESTMAN និង លោក IANUZZI មេធាវីអន្តរជាតិរបស់ នួន ជា ត្រូវបានចោទប្រកាន់ក្នុងសេចក្តីសម្រេចថា បានបង្ហាញឲ្យឃើញម្តងហើយម្តងទៀតនូវការមិនយកចិត្តទុកដាក់អំពីមុខងាររបស់ខ្លួន ដែលការប្រព្រឹត្តិនេះមានកម្រិតទាបជាងបទដ្ឋានវិជ្ជាជីវៈដែលត្រូវបានទទួលស្គាល់ និងមិនស្របជាមួយនឹងបទដ្ឋានដែលមានការទទួលស្គាល់ និងក្រមសីលធម៌វិជ្ជាជីវៈផ្នែកច្បាប់។ បទដ្ឋានទាំងអស់នេះរួមមាន ការគោរពយ៉ាងត្រឹមត្រូវចំពោះស្ថាប័នយុត្តិធម៌ រួមទាំង អ.វ.ត.ក ក៏ដូចជាការគោរពចំពោះជនរងគ្រោះដោយសារឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរផងដែរ។
សេចក្តីសម្រេចបានបន្តថា នេះជារឿងគួរឲ្យសោកស្តាយ ជាពិសេសនៅក្នុងបរិបទ អ.វ.ត.ក ដ៏ជាក់លាក់នេះ ដោយនៅទីនេះ មេធាវីអន្តរជាតិដែលត្រូវបានជួល ឬត្រូវបានផ្តល់ថវិកាដោយអង្គការសហប្រជាជាតិ ដែលគេរំពឹងទុកថា នឹងបង្ហាញឲ្យឃើញនូវបទដ្ឋានអន្តរជាតិកម្រិតខ្ពស់បំផុត និងរួមចំណែកដល់ការកសាងសមត្ថភាពនៅក្នុងប្រទេសកម្ពុជា ព្រមទាំងការលើកស្ទួយសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះដោយសារបទល្មើសនានាដែលត្រូវបានប្រព្រឹត្តឡើងនៅក្នុងសម័យខ្មែរក្រហម៕
