រដ្ឋាភិបាល កំពុង​ជួយ​សង្គ្រោះ ពលរដ្ឋ​ខ្មែរ​ចំនួន ៤ នាក់ ពី​អាហ្វ្រិក​ខាងត្បូង​

ថ្ងៃទី 29 មិថុនា 2012
ដោយ: សុខ ភក្តី
CEN

ភ្នំពេញ: ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ កំពុង​ធ្វើ​ការងារ​ជាមួយ​អាជ្ញាធរ អាហ្វ្រិក​ខាងត្បូង តាមរយៈ​ស្ថានទូត​អាហ្វ្រិក​ខាងត្បូង នៅ​បាងកក ប្រទេស​ថៃ ដើម្បី​ជួយសង្គ្រោះ​ពលរដ្ឋ​ខ្មែរ​ចំនួន ៤ នាក់ ដែល​បាន​ទៅ​ធ្វើការ​ជា​កម្មករ​នេសាទ​តាមរយៈ​ក្រុមហ៊ុន Giant Ocean International Fishery Co.,Ltd អស់​រយៈពេល​ជាច្រើន​ខែ​ឆ្នាំ​។​

​សេចក្តីប្រកាស​របស់​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​ចំនួន ៤ នាក់​នោះ រួមមាន​៖ ១-​សេង សុខា ភេទ​ប្រុស អាយុ ២៥ ឆ្នាំ នៅ​ខេត្ត​កំពត​។ ២-​ផាន ចាន់​ដែន ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ នៅ​ខេត្ត​កំពង់ចាម​។ ៣-​ផា ណា​រ៉ា ភេទ​ប្រុស អាយុ ២៤ ឆ្នាំ នៅ​ខេត្ត​កំពង់ចាម និង​៤-​ចាប ស៊ី​ណាត ភេទ​ប្រុស អាយុ ២១ ឆ្នាំ នៅ​ខេត្ត​សៀមរាប​។​

​សេចក្តីប្រកាស​ដដែល លើកឡើងថា បច្ចុប្បន្ន ពលរដ្ឋ​ខ្មែរ​ទាំង ៤ នាក់​នេះ កំពុងស្ថិត​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​ខាងត្បូង ហើយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ស្ថានទូត​កម្ពុជា នៅ​បាងកក បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង​ជួយ​ថែទាំ និង​ផ្តល់​ជំរក​សុវត្ថិភាព​ដល់​ពួកគាត់ រហូតដល់​ពេល​ដែល​ត្រូវ​ធ្វើ​បា​តុ​ភូមិ​និវត្តន៍ មកកាន់​មាតុប្រទេស​វិញ​។

​ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កំពុង​សហការ​ជាមួយនឹង​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ ( IOM ) ដើម្បី​ជួយ​ធ្វើ​មាតុភូមិ​និវត្ត​ពលរដ្ឋ​ខ្មែរ​ទាំង ៤ នាក់​នេះ ត្រឡប់​មក​កម្ពុជា​វិញ នាពេល​ខាងមុខ​។​

​សូម​បន្ថែមថា ពលរដ្ឋ​ខ្មែរ ភាគច្រើន​ជា​បុរស តែងតែ​ត្រូវ​គេ​ជួញដូរ ពិសេស​តាម​ទូក​នេសាទ ដែល​ពី​ដំបូង​ពួកគេ​ចូលធ្វើការ ជា​អ្នកនេសាទ ក្នុង​ប្រទេស​ថៃ ហើយ​ក្រោយមក ក៏​ធ្លាក់ខ្លួន​ទៅ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ប្រទេស​មួយចំនួន​ទៀត​។ ក្រសួងការបរទេស​ក៏​បាន​ជួយ​ពលរដ្ឋ​ទាំង​នោះ​ជា​បន្តបន្ទាប់ ឲ្យបាន​វិលត្រឡប់​មក​កម្ពុជា​វិញ​៕​

What Next?

Recent Articles