ថ្ងៃទី 29 មិថុនា 2012
ដោយ: រតនា
CEN
ភ្នំពេញ: សន្និសីទកាសែត ស្តីពី កេរដំណែលខ្មែរ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ នៅទីស្តីការក្រសួងព័ត៌មាន ក្នុងគោលបំណងរក្សាការពារកេដំណែល និងវប្បធម៌ខ្មែរ ព្រមទាំងបណ្តុះគំនិតដល់ប្រជាពលរដ្ឋ និងយុវជនឲ្យយល់ដឹងពីវប្បធម៌កាន់តែជ្រៅជ្រះបន្ថែមទៀត។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍នៅក្នុងសនិ្នសីទថា ក្រសួងព័ត៌មាន បានទុកឲ្យក្រុមមូលនិធិកេរដំណែលខ្មែរ មាននៅក្នុងកម្មវិធីមួយ នៅវិទ្យុអេហ្វអឹម ៩៦ ហើយបើដំណើរការកម្មវិធីនោះ បានល្អ ក្រសួងនឹងផ្តល់ឲ្យបន្តធ្វើកម្មវិធីនៅក្នុងទូរទស្សន៍ជាតិកម្ពុជា (ទទក)រយៈពេលពីកន្លះម៉ោង ទៅ ១ម៉ោងបន្ថែមទៀត ដើម្បីបំផុសយុវជន ឲ្យចេះស្រាវជ្រាវ និងចេះច្នៃប្រឌិតប្រមូលផ្តុំ ដើម្បីធ្វើការជារួម។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដែលជាប្រធានកិត្តិយសនៃមូលធនិធិកេរដំណែលខ្មែរ បានមានប្រសាសន៍បញ្ជាក់ថា “ពិតមែនតែយើង មានមោទនភាពនឹងអង្គរវត្ត ប៉ុន្តែការយល់ជ្រៅជ្រះអំពីការអរិយធម៌ខ្មែរ នៅទីនោះ នៅការលំបាកណាស់ នៅមិនទាន់យល់ដឹងអស់ទេមាននៅអាថ៌កំបាំងច្រើន ដែលយើងត្រូវស្រាវជ្រាវយល់អំពីចំនុចខ្លាំងចំនុចខ្សោយរបស់យើង។ ដូច្នេះហើយ ទើបក្រសួងព័ត៌មាន ខិតខំជំរុញ ដើម្បីធ្វើយ៉ាងណាឲ្យកេរដំណែលខ្មែរ រស់រានមានជីវិតកាន់តែរីកខ្លួន ធំធាត់ ដើម្បីយុវជន យើងមានលទ្ធភាពស្រាវជ្រាវបន្ថែម។
ចំណែកលោកបណ្ឌិត ចិន្ត ច័ន្ទរតនា ប្រធានក្រុមស្ថាបនិក នៃមូលនិធិកេរដំណែលខ្មែរ មានប្រសាសន៍ថា សិក្ខាសាលា និងកិច្ចប្រជុំអ្នកស្រាវជ្រាវលើកដំបូង របស់ក្រុមការងារកេរដំណែលខ្មែរ ស្តីពី “របកគំហើញថ្មីៗ នៃការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងប្រវត្តិសាស្ត្រ នៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១២ នៅសាកលវិទ្យាល័យ ហ្សាម៉ាន់ (ជិតអង់តែទូរទស្សន៍ជាតិកម្ពុជា)។
លោកបន្តថា ព្រឹត្តិការណ៍នេះ គឺរៀបចំឡើងដើម្បីចូលរួម“អបអរសាទរខួបលើកតី៤ឆ្នាំ នៃថ្ងៃបញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ គោលបំណងនៃកម្មវិធី គឺជាជំហានដំបូង នៃការអញ្ជើញអ្នកស្រាវជ្រាវជំនាន់ថ្មីមួយចំនួន ខ្មែរ និងបរទេស ដែលសិក្សាអំពីខ្មែរ មកជួបជុំគ្នា ដើម្បីមកធ្វើបទបង្ហាញអំពីការងារ និងលទ្ធផលស្រាវជ្រាវរបស់ខ្លួនព្រម ទាំងផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក លើការងារសិក្សាផ្នែកបុរាណវិទ្យា និងប្រវត្តិសាស្ត្រ ជាតិពិន្ទុវិទ្យា និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ដែលទាក់ទងនិងបេតិកភណ្ឌវប្បធម៌នៃកម្ពុជា។
សិក្ខាសាលានោះ ក៏មានគោលបំណងរំលេចឲ្យឃើញនូវភាពសម្បូរបែប នៃមរតកវប្បធម៌ខ្មែរ និងផ្តល់គំនិត ទស្សនៈលើការងារអភិរក្សបេតិកភណ្ឌវប្បធម៌ទាំងនោះ ឲ្យបានគង់វង្ស។
អ្នកស្រាវជ្រាវជាតិ អន្តរជាតិចំនួន ១២រូប មកពីស្ថាប័នស្រាវជ្រាវផ្សេងៗគ្នា រួមមាន៖ កម្ពុជា អាមេរិក អូស្ត្រាលី បារាំង អ៊ីតាលី សឹង្ហបូរី និងថៃ នឹងអញ្ជើញចូលរួមនៅក្នុងកិច្ចពិភាក្សានោះ៕



