ថ្ងៃទី 30 មិថុនា 2012
ដោយ: មង្គល
CEN
បាត់ដំបង: រូបថត និងរូបគំនូរ បង្ហាញពីទំនួញសត្វព្រៃ ក្រោមប្រធានបទ “ក្តីឈឺចាប់ ដែលស្ងៀមស្ងាត់” បានរៀបចំតាំងពិព័រណ៍ដោយមូលនិធិម៉ាដក្សចូលីភីត (MJP) សហការជាមួយវិចិត្រសាលមេឃ (MAKE) រយៈពេលមួយសប្តាហ៍ ដើម្បីឲ្យប្រជាពលរដ្ឋទស្សនាស្វែងយល់ ដឹង សហការទប់ស្កាត់បញ្ឈប់ការបរបាញ់ ជួញដូរសត្វព្រៃ និងកាប់បំផ្លាញព្រៃឈើ។
ពិព័រណ៍នេះ បានរៀចំធ្វើឡើងចាប់ពីរសៀលថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១២ នៅផ្លូវខាងត្បូងផ្សារណាត់ ស្ថិតក្នុងភូមិ ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយអញ្ជើញចូលរួមពីលោក Stephan D.Bognar នាយកប្រតិបត្តិនៃមូលនិធិម៉ាដក្សចូលីភីត ប្រចាំនៅកម្ពុជា លោក ឱ សុភ័ក្រ អ្នកគ្រប់គ្រងកម្មវិធី មានមន្ត្រីរាជការ និងជនបរទេស និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោក Stephan D.Bognar មានប្រសាសន៍ថា មូលនិធិម៉ាដក្សចូលីភីត បានអនុវត្តន៍ការងាររបស់ខ្លួនតាំងពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ននេះ ក្នុងគោលបំណងការពារ និងអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសហគមន៍ ដោយមានកិច្ចសហការជាមួយក្រសួងបរិស្ថាន អង្គការ UNDP ខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង និងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត ដើម្បីអភិរក្សធនធានធម្មជាតិតំបន់ការពារសំឡូត និងតំបន់សហគមន៍ព្រៃឈើ។
លោកបានបញ្ជាក់ថា ពិធីតាំងពិព័រណ៍រូបថត និងគំនូរស្តីពីទំនួញព្រៃឈើ និងសត្វព្រៃអាថ៌កំបាំងនៃសំឡូត (THE SILENT SUFFERING: Samlot-The Untold Story ) បានធ្វើឡើងមិនមែនដើម្បីរកប្រាក់ ឬរកមូលនិធិអ្វីទេ គឺធ្វើឡើងដើម្បីឲ្យប្រជាជនទាំងអស់ មានចំណេះដឹង និងចូលរួមការពារនិងអភិរក្សជាមួយគ្នា។
លោក Stephan D.Bognar បានសម្ដែងក្ដីសង្ឃឹមថា តាមរយៈសិល្បៈនេះ ប្រជាពលរដ្ឋទាំងអស់ដែលបានមកទស្សនា ហើយពួកគាត់ភ្ញាក់រលឹក នឹងចូលរួមការពារ ព្រមទាំងបញ្ឈប់ការជួញដូរសត្វព្រៃ និងកាប់បំផ្លាញព្រៃឈើនៅតំបន់សំឡូតនេះទៀត។
ជាមួយគ្នានោះដែរ លោក ឱ សុភ័ក្រ អ្នកគ្រប់គ្រងកម្មវិធី បានឲ្យដឹងថា ការតាំងពិព័រណ៍នេះ គឺជាការបង្ហាញសារសំខាន់ជូនដល់អ្នកទស្សនាទាំងអស់។ ពិសេសប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង បានឃើញរូបភាពរូបថត និងរូបគំនូរ ក្នុងសាលពិព័រណ៍នេះ គាត់នឹងនឹកឃើញអ្វីដែលកំពុងកើតឡើង និងបានកើតឡើងនៅតំបន់ការពារសំឡូត។
លោកបានសំណូមពរសុំឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមទាំងស្មារតី និងដោយផ្ទាល់ជួយការពារព្រៃឈើ និងប្រភពទឹកស្ទឹងសង្កែ ដែលមានប្រភពមកពីស្រុកសំឡូត។ បច្ចុប្បន្ននេះព្រៃឈើ និងសត្វព្រៃ មានការហិនហោចយ៉ាងច្រើន បើយើងមិនប្តេជ្ញាបញ្ឈប់ការទិញសាច់សត្វព្រៃ និងឈើប្រណីត។ មូលហេតុនេះ បានធ្វើឲ្យការកាប់ដើមឈើ និងការបរបាញ់សត្វព្រៃ នៅតែមានយកមកជួញដូរនោះដែរ។
ចំណែកលោក ម៉ៅ សូវៀត ជាវិចិត្រករម្នាក់ បានបញ្ជាក់ថា គំនូរចំនួនប្រាំផ្ទាំង មានចំណងជើងទី១ ដងស្ទឹងជីវិត, ទី២ ហ្សាំប៊ី, ទី៣ ទេពធីតាលើផែនដី, ទី៤ ព្រលឹងសត្វព្រៃ និងទី៥ កន្លែងណាមានទឹកនិងព្រៃឈើ គឺមានជីវិត។ គំនូររូបថតទាំងនេះ យកមកចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍នេះ។ ក្នុងផ្ទាំងគំនូរនីមួយៗ គឺសិល្បករចង់បង្ហាញទស្សនិកជនអំពីធម្មជាតិល្អ ទឹកស្អាត និងមានផ្ការីកស្រស់បំព្រង និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃ ជូនពលរដ្ឋ ស្វែងយល់ដឹង។
សូមរម្លឹកថា មូលនិធិម៉ាដក្សចូលីភីត (MJP) បង្កើតឡើងដោយសិល្បករ សម្តែងភាពយន្តដ៏ល្បីល្បាញរបស់អាមេរិក លោកស្រី អេនជីណា ចូលី ដែលបានយកកូនប្រុសខ្មែរ ឈ្មោះ ម៉ាដក្ស ទៅចិញ្ចឹម។ លោកស្រី អេនជីណា ចូលី ក៏បានរៀបការជាមួយនឹងលោក ភីត ដែលជាអ្នកសម្តែងភាពយន្តដ៏ល្បីដូចគ្នា នៅហូលីវូដ៕ S




ស្ងៀមស្ងាត់នៅក្រោមកណ្តាប់ដៃដែកសត្រូវធម្មជាតិនៃរដ្ឋាភិបាលពុករលួយ!