ដោយ ជិន ជេដ្ឋា
2012-06-30
វិទ្យុអាស៊ីសេរី
ក្រុមប្រជាពលរដ្ឋ និងសកម្មជនគណបក្ស សម រង្ស៊ី នៅសង្កាត់កោះរុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ ប្រតិកម្ម និងទាមទារឲ្យមន្ត្រីក្រុមប្រឹក្សាសង្កាត់កោះរុង គោរពពាក្យសន្យាថា ផ្ដល់ស័ង្កសីចំនួន ២០សន្លឹក ក្នុងមួយគ្រួសារ ដល់គ្រួសារក្រីក្រប្រមាណ ២០គ្រួសារ នៅភូមិព្រៃស្វាយ សង្កាត់កោះរុង។
ប្រជាពលរដ្ឋ និងជាសកម្មជនគណបក្ស សម រង្ស៊ី សង្កាត់កោះរុង ឈ្មោះ ហែម ឡាន់ លោកមានប្រសាសន៍ថា សមាជិកក្រុមប្រឹក្សាសង្កាត់កោះរុង ចំនួនពីរនាក់ គឺឈ្មោះ ចន្ថា និងឈ្មោះ លាង បានចុះមកដល់ភូមិព្រៃស្វាយ ដើម្បីបញ្ចុះបញ្ចូលប្រជាពលរដ្ឋឲ្យបោះឆ្នោតឲ្យគណបក្សរបស់ខ្លួន ដោយសន្យាផ្ដល់ស័ង្កសី និងសម្ភារៈទិញទឹកចិត្តមួយចំនួនទៀត៖ «បើសិនណាមិនភូតកុហក សូមធ្វើឲ្យតាមទៅ ព្រោះប្រជាជននេះសុទ្ធអ្នកក្រីក្រណាស់ ខ្ញុំក៏ស្រលាញ់ប្រជាជនយើង ហើយខ្ញុំសប្បាយចិត្តណាស់ យកលុយមួយរយ សារុងមួយ។ ជួនកាល ប៊ីចេងយកមកឲ្យគ្នា ហើយបួនប្រាំឆ្នាំ បានឲ្យ ដល់រៀបបោះឆ្នោត តាំងធ្វើអីចឹងទៀត»។
បន្ថែមពីលើនេះ ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ សុខ ភ័ណ្ឌ បងស្រីមានប្រសាសន៍ថា នៅមុនពេលបោះឆ្នោតពីរថ្ងៃ សមាជិកក្រុមប្រឹក្សាសង្កាត់កោះរុង មកពីគណបក្សប្រជាជន បានប្រមូលប្រជាពលរដ្ឋប្រជុំ និងបានដើរប្រាប់តាមផ្ទះថា នឹងផ្ដល់ស័ង្កសីចំនួន២០សន្លឹកក្នុងមួយគ្រួសារ ប្រសិនបើគណបក្សប្រជាជនជាប់ឆ្នោត៖ «ឈ្មោះពូ លាង មួយ ហើយពូ ចន្ថា មួយ កាលហ្នឹងគេថា ជួយបោះឆ្នោតឲ្យគេជាប់ទៅ គេថាឲ្យស័ង្កសី២០សន្លឹកមួយគ្រួសារ ឥឡូវអត់ឃើញ បាត់ឈឹងមក»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងចៅសង្កាត់លោក ឌុច សុខុម និងចៅសង្កាត់រងទី១ លោក អួង និត ព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់កោះរុង ផ្សេងទៀត មកពីគណបក្សប្រជាជនកម្ពុជា ដើម្បីបកស្រាយលើការចោទប្រកាន់របស់ប្រជាពលរដ្ឋបានទេ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២។
មន្ត្រីសម្របសម្រួលអង្គការ ខុមហ្រ្វែល (Comfrel) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី អ្នកស្រីមានប្រសាសន៍ថា គណបក្សនយោបាយដែលយកលុយកាក់ ឬសម្ភារៈផ្សេងៗ ដើម្បីឲ្យប្រជាជនបោះឆ្នោតឲ្យ គឺខុសទៅនឹងបទបញ្ជា និងនីតិវិធីបោះឆ្នោត ប្រការទី៨.១៣.៧។ ប៉ុន្តែបទល្មើសនេះ គ្រាន់តែពិន័យរដ្ឋបាលប៉ុណ្ណោះ។
អ្នកស្រី ជាប សុធារី៖ «បោះឆ្នោតនៅស្រុកខ្មែរភាគច្រើន គណបក្សដែលគេមានលទ្ធភាព គឺគេទៅឃោសនា គេផ្ដល់ជាសម្ភារៈ ឬក៏ជាលុយកាក់ដល់អ្នកបោះឆ្នោត។ អីចឹងគេបានទទួលសំឡេងឆ្នោតច្រើនពីអ្នកគាំទ្រ។ យើងនិយាយពីទោសវិញ វាអត់មានទោសព្រហ្មទណ្ឌទេ វាមានជាពិន័យរដ្ឋបាល។ ប៉ុន្តែ បើសិនជាថាគាត់សន្យាអីចឹងហើយ គាត់អត់បានផ្ដល់ឲ្យតាមការសន្យា វាអត់មានចែងនៅក្នុងច្បាប់ព្រហ្មទណ្ឌថាការទៅឃោសនាអីចឹង យើងប្ដឹងគេជាបទឆបោក វាមិនត្រូវ»។
សង្កាត់កោះរុង គឺជាសង្កាត់មួយស្ថិតនៅឆ្ងាយពីទីរួមខេត្ត និងព័ទ្ធជុំវិញទៅដោយទឹក។ សង្កាត់នេះ មានប្រជាពលរដ្ឋរស់នៅសរុប ២.៣០៧នាក់ ហើយមានអ្នកគ្រប់អាយុ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ មានចំនួន ១.៥២០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ត្រឹមតែសង្កសី២០សន្លឹកក្នុង១គ្រួសារគ្មានអ្វីដែលគណបក្សប្រជាជនធ្វើពុំបាននោះទេចាំតែទទួលទៅ។តែអ្វីដែលការសន្យារបស់កឹម សុខា មេបក្សសិទ្ធមនុស្សគឺមិនអាចធ្វើបានទេ គឺបោកប្រាស់ចំតែម្តងៈ
១.សន្យាអោយលុយ៤០០០០៛ក្នុងមនុស្សចាស់ម្នាក់ក្នុង១ខែថ្លៃម្លូស្លា ឬបារី
២.សន្យាដាក់ធ្មេញមាសអោយចាស់ៗ
៣.សន្យារកប្តីអោយស្ត្រីមេម៉ាយ
៤.សន្យាអោយឡានដឹកអ្នកជំងឺ(ambulance)១ឃុំឡានមួយ
៥.សន្យាអោយជីះឡានក្រុងដោយពុំបង់ប្រាក់
ដូច្នេះប្រជាពលរដ្ធដែលនៅក្នុងឃុំដែលបក្សសិទ្ធមនុស្សឈ្នះឆ្នោតពិតជាមានសំណាងណាស់ ចាំទារយកអោយបានណា។យើងចៅចេកអាំងសូមអបអសារទរ។
ទោសបើអស់លោកមិនគោរពពាក្យសន្យាក្ដី្ ក៏គេនៅតែឈ្នះជានិច្ច បើមិនជឿខ្ញុំសួរគណបក្សប្រឆាំងដឹងហើយ !
គណៈបក្សប្រឆាំងមានមុខអីអោយសួរនោះ។គណៈបក្សសម រង្សីនេះណា ធ្វើម្តេចទៅឈ្នះឆ្នោត ទៅបើទីស្នាក់ការវាមួយៗមើលមិនយល់ទេដុះសុទ្ធតែស្មៅ និងសុទ្ធតែសម្រាមជុំវិញស្នាក់ការបក្ស តើប្រជាជនជឿឬទេបើ គ្រាន់តែស្នាក់ការបក្សខ្ឡួនឯងធ្វើមិនស្អាតផង ចុះទំរាំដឹកនាំប្រទេសតើមិន រលាយហើយទេឬ។សូមគិតសភាពមើលៗ។ប្រាប់ហើយនៅតែមិនជឿ។
achkor forever