ថ្ងៃទី 9 កក្កដា 2012
ដោយ: សុខ ភក្តី
CEN
ភ្នំពេញ: រដ្ឋមន្ត្រីការបរទេសអាស៊ាន ទាំង ១០ ប្រទេស បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៤៥ ឬហៅកាត់ថា AMM (ASEAN Foreign Ministers’ Meeting) នៅម៉ោង ៩ ព្រឹកថ្ងៃចន្ទ ទី៩ ខែកក្កដា ឆ្នាំ២០១២។
ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅព្រឹកនេះ ធ្វើឡើងដោយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា អានសុន្ទរកថា មុនពេលដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើងថ្លែងការណ៍បើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស លើកទី៤៥។
រដ្ឋមន្ត្រីការបរទេសអាស៊ាន ទាំង ១០ រូប នឹងត្រូវពិភាក្សាអំពីបញ្ហាតំបន់អាស៊ាន និងបញ្ហាជាសកល ហើយកិច្ចប្រជុំនេះ ក៏បង្ហាញពីការជឿជាក់ការស្វែងរកសន្តិភាព ស្ថិរភាពសម្រាប់ប្រជាជាតិអាស៊ានទាំងអស់។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៤៥ ក៏បានលើកឡើងពីការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឧស្សាហកម្ម ទេសចរណ៍ នាវាចរណ៍ គមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ វប្បធម៌ និងហិរញ្ញវត្ថុ។
កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានជាលើកដំបូង ត្រូវបានប្រព្រឹតិ្តឡើងនៅថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ក្នុងទីក្រុងបាងកក ប្រទេសថៃ និងបានធ្វើឡើងជាបន្តបន្ទាប់ រៀងរាល់ឆ្នាំ។ កិច្ចប្រជុំលើកទី៤៥ នឹងប្រព្រឹត្តិទៅនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
រដ្ឋមន្ត្រីការបរទេសអាស៊ាន ទាំង ១០ ប្រទេស និងអគ្គលេខាធិការអាស៊ាន ដែលចូលរួមក្នុងកិច្ចប្រជុំលើកទី៤៥ នាពេលនេះ រួមមាន៖
១-លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា
២-ព្រះអង្គម្ចាស់ Mohamed Bolkiah រដ្ឋមន្ត្រីការបរទេស ប្រ៊ុយណេ ( នាយករដ្ឋមន្ត្រី )
៣-លោក Marty M. Natalegawa រដ្ឋមន្ត្រីការបរទេស ឥណ្ឌូនេស៊ី
៤-លោក Thongloun Sisoulith រដ្ឋមន្ត្រីការបរទេស ឡាវ
៥-លោក Sri Anifah Hj Aman រដ្ឋមន្ត្រីការបរទេស ម៉ាឡេស៊ី
៦-លោក U Wunna Maung Lwin រដ្ឋមន្ត្រីការបរទេស មីយ៉ាន់ម៉ា
៧-លោក Albert F. Del Rosario អនុរដ្ឋមន្ត្រីការបរទេស ហ្វីលីពីន
៨-លោក K. Shanmugam រដ្ឋមន្ត្រីការបរទេស សឹង្ហបូរី
៩-លោក Surapong Tovichakchaikul រដ្ឋមន្ត្រីការបរទេស ថៃ
១០-លោក Pham Binh Minh រដ្ឋមន្ត្រីការបរទេស វៀតណាម
១១-លោក Surin Pitsuwan អគ្គលេខាធិការអាស៊ាន
គណៈប្រតិភូប្រទេសទីម័រ និងប្រទេសប៉ាពូ ញូហ្គីននៀ ក៏បានចូលរួមក្នុងនាមអ្នកសង្កេតការណ៍ផងដែរ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៤៥ នៅថ្ងៃនេះ៕